រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញកំណែទម្រង់កីឡាជាតិ និងពង្រឹងកីឡាក្នុង-ក្រៅសាលា
រាជធានីភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបិទសិក្ខាសាលាស្តីពីអនុវិស័យអប់រំកាយ និងកីឡា…
រាជធានីភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបិទសិក្ខាសាលាស្តីពីអនុវិស័យអប់រំកាយ និងកីឡា…
រាជធានីភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញបិទសិក្ខាសាលាស្តីពីអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥។ ក្នុងឱកាសនោះ លោកបានកោតសរសើរចំពោះលទ្ធផលការងារដែលបានវាយតម្លៃ និងរៀបចំសម្រាប់ដាក់បញ្ចូលក្នុងអង្គសន្និបាតក្រសួងនាខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមការផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ដើម្បីបន្តពង្រឹងវិស័យកីឡា លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យរៀបចំផែនការសកម្មភាពអនុវត្តគោលនយោបាយជាតិ និងបន្តពង្រឹងការកែទម្រង់ការប្រកួតកីឡាជាតិគ្រប់កម្រិតស្របតាមបរិបទតំបន់។ ជាមួយគ្នានេះត្រូវសិក្សាតាមដានប្រភេទកីឡាដែលមានសក្តានុពលពីអាស៊ាន និងជំរុញការបំពាក់សម្ភារហ្វឹកហាត់ ព្រមទាំងបន្តផ្តល់ថវិកាគាំទ្រដល់សហព័ន្ធដែលមានសក្តានុពល និងបណ្តុះបណ្តាលកីឡាករថ្នាល/ជម្រើសជាតិ។ ជាពិសេស ត្រូវពង្រឹងការអប់រំកាយ និងកីឡាក្នុងសាលារៀនតាមរយៈការយកចិត្តទុកដាក់លើម៉ោងអនុវត្ត និងពង្រីកការអប់រំកាយនៅក្រៅសាលា ដោយផ្តោតលើការអភិវឌ្ឍទីលាន និងការបង្កើតក្លឹប/សមាគមកីឡា។ ទន្ទឹមនឹងនេះ ក៏ត្រូវបំផុស និងលើកកម្ពស់សកម្មភាពកីឡាប្រពៃណី និងស្នើឱ្យក្រុមការងារប្រជុំយកធាតុចូលដែលទទួលបានពីរាជធានី-ខេត្ត និងសហព័ន្ធកីឡាជាតិ ដាក់ចូលក្នុងអង្គសន្និបាតអប់រំ នាពេលខាងមុខ ហើយការិយាល័យកីឡា រួមនឹងមន្ទីរអប់រំ យុវជន និងកីឡា ត្រូវពង្រឹង និងពង្រីកសកម្មភាពកីឡា ដោយរៀបចំកញ្ចប់ថវិកា ហើយកិច្ចសហប្រតិបត្តិការរវាងមន្ទីរ និងសហព័ន្ធកីឡាជាតិ ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍវិស័យនេះ។
សិក្ខាសាលានេះមានគោលបំណងវាយតម្លៃលទ្ធផលការងារ និងប្រមូលធាតុចូលពីថ្នាក់ក្រោមជាតិ និងសហព័ន្ធកីឡា ដើម្បីឱ្យរបាយការណ៍ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ មានលក្ខណៈពេញលេញ មុនដាក់ជូនសន្និបាតក្រសួងនាពេលខាងមុខ៕
ចែករំលែកព័តមាននេះ