ទីក្រុងញូយ៉ក៖ មហាសន្និបាតអង្គការសហប្រជាជាតិទើបតែអនុម័តសេចក្ដីសម្រេចថ្មីមួយទាមទារឱ្យរុស្ស៊ីប្រគល់មកវិញជាបន្ទាន់នូវកុមារជនជាតិអ៊ុយក្រែនដែលបានចាប់ពង្រត់កាលពីពេលកន្លងមក ហើយប្រគល់ទៅឱ្យអាណាព្យាបាលដែលជាជនជាតិរុស្ស៊ីចិញ្ចឹមបីបាច់។ រុស្ស៊ីធ្វើបែបនេះមិនមែនឥតប្រយោជន៍ទេ។ ទៅថ្ងៃមុខ កុមារទាំងនោះអាចក្លាយជាអ្នកនយោបាយអ៊ុយក្រែនដែលមានសមានចិត្តចំពោះរុស្ស៊ី។

រដ្ឋាភិបាលអ៊ុយក្រែនអះអាងថាកុមារជាង១៩០០០នាក់ត្រូវគេចាប់ពង្រត់ពីតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី និងតំបន់ដទៃទៀតចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងសេចក្ដីព្រាងដែលដាក់ជូនមហាសន្និបាតកាលពីយប់មិញនោះ គេឃើញថាមានលក្ខខណ្ឌមួយចំនួនទាមទារឱ្យរុស្ស៊ីប្រគល់មកវិញនូវកុមារទាំងនោះជាបន្ទាន់ ដោយសុវត្ថិភា និងដោយឥតលក្ខខណ្ឌ។

អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកស្រីម៉ារីអាណា បែតសា (Mariana Betsa) មានប្រសាសន៍ថាកុមារទាំងនោះកំពុងត្រូវគេបំពាក់បំប៉នមនោគមន៍វិជ្ជាដើម្បីស្អប់ប្រទេសខ្លួនឯង (អ៊ុយក្រែន)។ ពេលខ្លះ ឈ្មោះរបស់ពួកគេត្រូវបានផ្លាស់ប្ដូរ។ ហេតុនេះមិនងាយស្រួលដើម្បីតាមស្វែងរកពួកគេត្រឡប់មកវិញទេ។ ឈ្មោះរបស់ពួកគេផ្លាស់ប្ដូរនៅពេលមានអាណាព្យាបាល (ជនជាតិរុស្ស៊ី) ទទួលយកពួកគេទៅចិញ្ចឹម។

លោកស្រីកត់សម្គាល់ថាកុមារខ្លះបាត់ខ្លួនមិនដឹងទៅទីណា។ ប៉ុន្តែភាគច្រើននៅរស់ និងកំពុងរង់ចាំគេទៅទទួលយកត្រឡប់មកវិញទាំងអារម្មណ៍ភ័យខ្លាច។ អ្នកតំណាងរុស្ស៊ីអះអាងថាការយកកុមារទាំងនោះទៅចិញ្ចឹមគ្រាន់តែជាការជួយមើលការខុសត្រូវពួកគេជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។ រុស្ស៊ីចាត់ទុកថាអ្វីដែលសរសេររៀបរាប់នៅសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិនោះនិយាយភួតកុហកគ្មានការពិត។ វាគ្រាន់តែជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះ។

សេចក្ដីសម្រេចនោះត្រូវបានបោះឆ្នោតដោយ៩១ប្រទេសគាំទ្រ ខណៈដែលប្រទេសរុស្ស៊ី និងប្រទេសចំនួន១១ទៀតបោះឆ្នោតជំទាស់។ ប្រទេសចិន និងប្រទេស៥៦បោះឆ្នោតអនុបវាទ។ សូមរំលឹកថាកាលពីឆ្នាំ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីការតាមចាប់ខ្លួនលោកពូទីន។ តុលាការចោទថាលោកពូទីនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដោយបានចាប់ពង្រត់ និងផ្ទេរកុមារជនជាតិអ៊ុយក្រែនចេញពីតំបន់ដែលរុស្ស៊ីកាន់កាប់។ នេះបើយោងតាមប្រភពពីអឹនអេចខេ (NHK) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ