ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើធ្វើបុណ្យហើយ ប្រាថ្នាសុំអ្វីមួយ តើបានបុណ្យឬទេ?

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះពុទ្ធ​សម្តែង​ថា ចិត្តជា​បុណ្យ បុណ្យ​ជា​សុខ ដូច្នេះ​ហើយ​ទើប​យើង​តាំងចិត្ត​ធ្វើបុណ្យ​ប្រាថ្នា​សុខ ។ តាម​ច្បាប់​នៃ​កម្មផល បើ​យើង​ប្រព្រឹត្ត​អាក្រក់​តិច ប្រព្រឹត្ត​ល្អ​បាន​ច្រើន…

រាជធានី​ភ្នំពេញ ៖ ព្រះពុទ្ធ​សម្តែង​ថា ចិត្តជា​បុណ្យ បុណ្យ​ជា​សុខ ដូច្នេះ​ហើយ​ទើប​យើង​តាំងចិត្ត​ធ្វើបុណ្យ​ប្រាថ្នា​សុខ ។ តាម​ច្បាប់​នៃ​កម្មផល បើ​យើង​ប្រព្រឹត្ត​អាក្រក់​តិច ប្រព្រឹត្ត​ល្អ​បាន​ច្រើន យើង​ទទួលផល​អាក្រក់​តិច ផល​ល្អ​ច្រើន​នា​អនាគតជាតិ​។

ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ព្រះ​អង្គ​បាន​លើកយក​ទ្រឹស្តី​កម្មផល​ជា​មូលដ្ឋាន​ធំ​នៅ​ក្នុង​លទ្ធិ​ព្រះពុទ្ធ​សាសនា ។ កម្ម គឺ​អំពើ​ដែល​មាន​ចេតនា គឺ​ការ​តាំង​ចិត្តជា​បច្ច័យ​។ បើ​គ្មាន​ចេតនា គឺ​ការ​តាំងចិត្ត​ទេ អំពើ​ល្អ និង​អាក្រក់​ក៏​គ្មាន​ដែរ ។ អំពើ​ទាំង​ពីរ​នេះ​ពុំ​អាច​លុបលាង ឬ​ស៊ីសង​គ្នា​បានជា​ដាច់ខាត​។

ជាក់ស្តែង​កាលពី​កន្លង​មកនេះ ព្រះ​តេជគុណ ភ​ក្ខុ​អគ្គ​ធ​ម្មោ ជ្រួញ ពិសី មាន​សង្ឃដីកា ពន្យល់​អំពី​ការ​ធ្វើបុណ្យ​កុំ​ប្រាថ្នា ដោយ​បញ្ជាក់​ថា ៖ បុគ្គល​កាលដែល​យល់​ច្បាស់​ថា អ្វី​ជា​បុណ្យ? កាលណា​ដែល​យល់​ច្បាស់​ថា​អ្វី​ជា​បុណ្យ​ហើយ​គឺ​លែង​ចង់បាន​បុណ្យ​ទៀត​ហើយពី​ព្រោះ ដឹង​ថា​បុណ្យ​ហ្នឹង​ជា​អ្វី ។ ជា​ទូទៅ ពុទ្ធបរិស័ទ​យើង​គ្រប់​គ្នា ធ្វើបុណ្យ​តែងតែ​ចង់បាន​បុណ្យ ដោយ​មិនដឹង​ថា​បុណ្យ​នោះ​ជា​អ្វី? សេចក្តី​ល្អ​ទាំងឡាយ ចិត្ត​អនុគ្រោះ​ទាំងឡាយ នោះ​ឯង​គឺជា​បុណ្យ ។ អ៊ីចឹង​បើ​ក្នុង​ចិត្ត​យើង​នេះ​បរិបូណ៌​ដោយ​បុណ្យ​ហើយ តើ​យើង​ត្រូវការ​បុណ្យ​មក​ដើម្បី​អ្វី​ទៀត? ហើយ​បុណ្យ​នេះ​ភាគច្រើន​យើង​តែងតែ​ស្វែងរក នៅ​ម​ជ្ឃ​ដ្ឋា​ន​ខាងក្រៅ ដើម្បី​បាន​បុណ្យ ។ តើ​បុណ្យ​ពិត​នៅ​ទីណា​បងប្អូន?

ជាមួយ​គ្នា​នោះ​ដែរ ព្រះ​តេជគុណ ជ្រួញ ពិសី បាន​មាន​សង្ឃដីកា​បន្ថែម​ថា ៖ បុណ្យ​ពិត​គឺ​នៅ​ក្នុង​ចិត្តបើ​ចិត្ត​នេះ​ល្អ​ហើយ ការ​ធ្វើ​ក្តី ការ​និយាយ​ក្តី តែងតែ​ល្អ ហើយ​បណ្ឌិត​ទាំងឡាយ រាល់​ការ​បំពេញ​នូវ​សេចក្តី​ល្អ​ទាំងឡាយ លោក​ធ្វើ លោក​មិន​ដែល​ប្រាថ្នា​ចង់បាន​បុណ្យ​ទេពី​ព្រោះ ក្នុង​ចិត្ត​លោក​មានបុណ្យស្រេច​ទៅ​ហើយនៅ​ក្នុង​សណ្តាន​ ។ អ៊ីចឹង​លោក​អត់​មាន​ត្រូវ​ទៅប្រាថ្នា​បុណ្យ​អី​ទៀត​ទេ ព្រោះ​ក្នុង​ចិត្ត​លោក​បរិបូណ៌​ដោយ​បុណ្យ ។ ហើយ​បណ្ឌិត​ទាំងឡាយការ​ធ្វើ​នូវ​សេចក្តី​ល្អ​ទាំងឡាយលោក​មិន​ដែល​ប្រាថ្នា​នូវ​សម្បត្តិ​សួគ៌​ទេ ញោម​ចាំ​ណា៎។

ទន្ទឹម​នឹង​នេះ​ដែរ ព្រះ​តេជគុណ អរិយបុគ្គល​ទាំងឡាយ ការ​ធ្វើ​នូវ​សេចក្តី​ល្អ​ទាំងឡាយ លោក​មិន​ដែល​ធ្វើ​ដើម្បី​ប្រាថ្នា​សម្បត្តិ​សួគ៌​ទេ ពីព្រោះ​អី​លោក​បាន​យល់​ថា ការ​ធ្វើ​សេចក្តី​ល្អ​នេះ មិនមែន​ធ្វើ​ដើម្បី​បាន​អ្វីមួយ​ទេ គឺជា​សេចក្តី​ល្អ​ពិត​ៗ សង្គ្រោះ​ពិត​ៗ ។ ប៉ុន្តែ​បុថុជ្ជន​ច្រើន​តែ​ឲ្យ​របស់​ស្រណោះ​ដៃ​ឬ​ក៏​ពាក្យ​ខ្មែរ​មួយទៀត​ថា ហ៊ុត​ទឹក​សំឡឹង​កាក ។ ដែល​អាត្មា​លើក​ឡើង​ថា ហ៊ុត​ទឹក​សំឡឹង​កាក ឬ​ឲ្យ​របស់​ស្រណោះ​ដៃ ស​ម្តៅ​ដល់​អ្នក​ធ្វើបុណ្យ​ទាំងឡាយ រាល់ថ្ងៃ មិនមែន​ធ្វើ​ដោយ​ភាព​ស្មោះត្រង់​ទេ ធ្វើ​កុ​ដ្ឋ​លោក មិនមែន​ដោយ​ចិត្ត​អនុគ្រោះ​ថា ដោយសារ​តែ​លោក​មិន​មាន​កុ​ដ្ឋ​នៅ ទើបបាន​ចិត្តល្អ​សាង​កុ​ដ្ឋ​មួយ​ឲ្យ​លោក​បាន​ស្នាក់​នៅ​ស្រួល អត់​សូវ​គិត​ចឹ​ង​ទេ ។ ភាគច្រើន​បើ​បាន​ធ្វើ​កុ​ដ្ឋ​ហ្នឹងហើយ សូម​ឲ្យ​ជាតិ​ណា​ៗ ក្នុង​ចិត្ត​វា​អត់​គ្រប់ អា​ជាតិ​ហ្នឹង​បាន​មាន​លុយ ធ្វើ​កុ​ដ្ឋ​ប្រគេន​លោក​ហើយ ធ្វើ​សាលាឆាន់ ធ្វើ​ផ្លូវ​អី​ហើយ កើត​ជាតិ​ណា​ៗ​សូម​ឲ្យ ។ នែក៎ បុថុជ្ជន​វា​មិន​ខុស​ពី​ពាក្យ​ដែល​ពោល​ថា ឲ្យ​របស់​ស្រណោះ​ដៃ​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត ព្រះ​តេជគុណ បាន​មាន​សង្ឃដីកា​បញ្ជាក់​ថា ជា​ធម្មតា​បុណ្យ ចេតនា​បុណ្យ​ពិតប្រាកដ ធ្វើ​ទៅ​ហើយ មិន​ដែល​គិត​សូ​ម្បី​តែ​ប្រាថ្នា​ផល ថា​ឡើយ​ឲ្យ​គេ​ដឹង​ពី​សេចក្តី​ល្អ​របស់​យើង សូ​ម្បី​តែ​ការ​ធ្វើ​នូវ​សេចក្តី​ល្អ​ទាំងឡាយ ប្រាថ្នា​សូម​ឲ្យ​បាន​ចេះ​បាន​ចុះ ក៏​អត់​ដែល​ដែរ ពីព្រោះ​លោក​បានដឹង​ច្បាស់​ថា​បុណ្យ កើត​ចេញពី​ចេតនា​ដ៏​ល្អ​បរិសុទ្ធ ។ ហើយ​ភាគច្រើន​ណា​ញាតិ​ញោម មនុស្ស​យើង​រាល់ថ្ងៃ ច្រើន​តែ​ដើរ​ស្វែងរក​អ្នកមាន​បុណ្យ ហើយ​ចុះ​ខ្លួនឯង​បើ​ខ្វះ​បុណ្យ ស្មាន​តែ​កើតមក​ជា​មនុស្ស​មែន​ទេ​ញោម ។ ច្រើន​តែ​ស្វែងរក​អ្នកមាន​បុណ្យ អ្នក​នេះ​មានបុណ្យ អ្នក​នេះ​មាន​បារមី ព្រះ​នេះ​ព្រះ​នោះ​ជួយ តែ​សេចក្តី​ពិត អ្នកមាន​បុណ្យ​ពិត​ប្រាក​ថ គឺ​ខ្លួនឯង​ផ្ទាល់​ហ្នឹងឯង បើ​ខ្វះ​បុណ្យ​ស្មាន​តែ​បាន​ខ្សែ​ក​ពាក់ បើ​ខ្វះ​បុណ្យ​ស្មាន​តែ​បាន​ខ្សែដៃ​ពាក់ មែន​ទេ​ញោម សុទ្ធតែ​មានបុណ្យ ហើយ​បើ​ខ្វះ​បុណ្យ​ស្មាន​តែ​បាន​ផ្ទះ​នៅ​ល្អ ស្មាន​តែ​មាន​ឡាន​ជិះ ស្មាន​តែ​មានមុខ​របរ​ត្រឹមត្រូវ ។ ថា​អត់​ទេ? នេះ​គឺជា​ផល​របស់​បុណ្យ ។ ប៉ុន្តែ​បើ​យើង​ហ្នឹងឯង​មិន​បាន​យល់​អំពី​បុណ្យ​ច្បាស់ យើង​ច្រើន​តែ​ដើរ​ស្វែងរក​អ្នកមាន​បុណ្យ ហើយ​ជឿ​ទៅ​លើ​រឿង​នេះ ជឿ​ទៅ​លើ​រឿង​នោះ ដែល​វា​ជា​ការ​ខុស​ពី​សេចក្តី​ពិត ។

ព្រះ​តេជគុណ ជ្រួញ ពិសី បាន​សង្ឃដីកា​បន្ត​ថា ព្រះពុទ្ធ​ព្រះ​អង្គ​មិន​ដែល​បង្រៀន​យើង​ឲ្យ​ជឿ​ទេ ព្រះសម្មាសម្ពុទ្ធ ព្រះ​អង្គ​មិន​ដែល​បង្រៀន​ឲ្យ​យើង​ជឿ​ទេ តែ​ព្រះពុទ្ធ​ព្រះ​អង្គ​បង្រៀន​ឲ្យ​យើង​ចេះ​គិតពិចារណា មុន​នឹង​ជឿ មុន​នឹង​ធ្វើ​អ្វីមួយ ។ លោក​អង្គ​ខ្លះ​ទេសនា​ទៅ​តែងតែ​ពន្យុះ​ញោម​កុំ​ធ្វើ​អានេះ​បាប ធ្វើ​អានេះ​បាន​បុណ្យ បាន​បុណ្យ​ចេះ​ៗ អាត្មា​ថា កុំ​បន្លាច​មនុស្ស សំខាន់​ពន្យល់​សិន ។

ជាមួយ​គ្នា​នោះ​ដែរ ព្រះ​តេជគុណ ជ្រួញ ពិសី មាន​សង្ឃដីកា​បញ្ជាក់​ថា បុណ្យ​ត្រូវ​ចាំ​ថា វា​កើតឡើង​ចេញពី​ចេតនា​របស់​យើង​ចិត្ត​យើង​ម្នាក់​ៗ មាន​នរណា​ដឹង​យើង​ជាង​ខ្លួនឯង​ទេ តែ​ពេល​ខ្លះមក​ពី​យើង​មិនដឹង​មក​ពី​យើង​មិនដឹង​ថា អ្វី​ជា​បុណ្យ​ពិត​ប្រា​ដក​។ បុណ្យ​ពិតប្រាកដ ចិត្ត​ខណៈ​ណា​ដែល​ស្អាត ផូរផង់ ប្រាសចាក​មន្ទិល​សៅហ្មង​មាន លោភៈ ទោសៈ មោហៈ ជាដើម​នោះ ធម្មជាតិ​នោះ​ឈ្មោះ​ថា បុណ្យ ។ ដល់​តែ​ពេល​ដឹង​ថា ចេតនា​ណា​ជ្រះថ្លា​កម្រិត​ណា​ៗ មិន​អាច​លោក​ទេសណា​ជា​អ្នកដឹង​ទេ មិនមែន​អាត្មា​ណា​ជា​អ្នកដឹង​ទេ ។ សូមកុំ​បញ្ជោរ​មនុស្ស សំខាន់​ពន្យល់​មនុស្ស​ឲ្យ​យល់ បើ​មនុស្ស​យល់​ច្បាស់​អំពី​ការ​ធ្វើ​ទាន​ហើយ​អត់​ក្តៅក្រហាយ​ទេ​ញោម ។ ឧទាហរណ៍ ធ្វើបុណ្យ​ដោយ​ការ​យល់ និង​មួយទៀត​ធ្វើបុណ្យ​ដោយ​គេ​បញ្ជោរ ។

ជា​ចុង​ក្រោយ​ព្រះ​តេជគុណ មាន​សង្ឃដីកា​បន្ត​ថា​៖ ហើយ​អ្នក​ដែល​យល់​ពី​បុណ្យ​ច្បាស់​រាល់​ការ​ធ្វើ​នូវ​សេចក្តី​ល្អ​ទាំងឡាយ គឺ​ប្រាកដ​ណាស់ យល់​ច្បាស់​ពី​ហេតុផល ។ ទី​១​អត់​មាន​កុ​ដ្ឋ​នៅ ចង់​ឲ្យ​លោក​បាន​នៅ​ស្រួល ឃើញ​កុ​ដ្ឋ​ធ្លុះធ្លាយ​ជួសជុល​ឲ្យ​លោក ។ នេះ​អ្នក​យល់​ច្បាស់ ។ ដល់​តែ​ពេល​អ្នក​មិន​យល់​វិញ អញ​ធ្វើបុណ្យ​សាលាឆាន់​ពេល​ហ្នឹង អញ់​ធ្វើ​កុ​ដ្ឋ​ពេល​ហ្នឹង​កើត​ជាតិ​ណា​ៗ​អញ់​បាន​វិមាន​ទិព្វ ។ ព្រះពុទ្ធ​មិន​ដែល​ប្រៀន​យើង​ឲ្យ​គិត​រឿង​មិន​ទាន់​មក​ដល់​ទេ សំខាន់​គឺ​រឿង​បច្ចុប្បន្ន​នេះឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ