ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសាធារណការស្នើពលរដ្ឋកុំបំពានយកដីចំណីផ្លូវមកធ្វើអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​ក្រសួង​សាធារណការ ​និង​ដឹក​ជ​ញ្ជួ​ន​បាន​បង្ហាញ​នូវ​សកម្មភាព​របស់​មន្ត្រី​ជំនាញ​បន្ត​គូស​គំនូស​ចែក​ទ្រូងផ្លូវ អ៊ុត​គំនូស​សញ្ញា​ចរាចរណ៍ លុប​សំបុកមាន់ និង​ស្តា​ប្រព័ន្ធ​លូ នៅ​តាម​កំណាត់​ផ្លូវជាតិ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​។ អ្វី​ដែល​គួរ​កត់សម្គាល់​នោះ…

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​ក្រសួង​សាធារណការ ​និង​ដឹក​ជ​ញ្ជួ​ន​បាន​បង្ហាញ​នូវ​សកម្មភាព​របស់​មន្ត្រី​ជំនាញ​បន្ត​គូស​គំនូស​ចែក​ទ្រូងផ្លូវ អ៊ុត​គំនូស​សញ្ញា​ចរាចរណ៍ លុប​សំបុកមាន់ និង​ស្តា​ប្រព័ន្ធ​លូ នៅ​តាម​កំណាត់​ផ្លូវជាតិ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​។

អ្វី​ដែល​គួរ​កត់សម្គាល់​នោះ គឺថា ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​មាន​ផ្លូវ​ល្អ​ស្អាត​ហើយ​នោះ សុំ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ «​កុំ​បំពាន​យក​ដី​ចំណី​ផ្លូវ​មក​ធ្វើ​អា​ជី​កម្ម​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​»​។

បើ​និយាយ​រឿង​ការ​យក​ដងផ្លូវ និង​ចិញ្ចើម​ផ្លូវ​ធ្វើការ​លក់ដូរ​ចល័ត អ​ចល័ត និង​សម្រាប់​ប្រើ​ជា​ចំណត​ឡាន​ឱ្យ​ភ្ញៀវ​ចូល​ហាង ឬ​អាជីវកម្ម​ផ្សេង​ៗ​គឺ សឹងតែ​ក្លាយជា​ជំងឺមហារីក​ទៅ​ហើយ​។ ជាក់ស្តែង​នៅ​តាម​ដងផ្លូវ​មួយ​ចំនួន​ធំ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​ទីប្រជុំជន​នៃ​បណ្តា​ខេត្ត ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ បាន​និង​កំពុង​រំលោ.ភ​យក​ចំណី​ផ្លូវ​ធ្វើការ​លក់ដូរ មិន​ថា​ជា ​លក្ខណៈ​ដូរ​តាម​រទេះ ឬ រឺ​ម៉ក់​ចល័ត ឬ​ការ​តាំង​លក់ដូរ​ផ្សេង​លើ​ចិញ្ចឹម​ផ្លូវ ខណៈ​មាន​អាជីវកម្ម​ខ្លះ​ក៏​បាន​យក​ដី​ចំណី​ផ្លូវ​ធ្វើ​ជា​ចំណត​សម្រាប់​អាហារ​ដ្ឋា​ន ឬ​អាជីវកម្ម​របស់​ខ្លួន​ ។ ដូច្នេះ​ហើយ សម្រាប់​អ្នក​ថ្មើរជើង គឺ​ពិតជា​ពិបាក​ណាស់ ក្នុង​ការ​រក​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​ថ្មើរជើង​។

រឿង​រំដោះ​ចិញ្ចើម​ផ្លូវ ត្រូវ​បាន​គេ​មើលឃើញ​ថា ​សមត្ថកិច្ច​បាន​ធ្វើ​ជា​បន្តបន្ទាប់ តែ​បាន​ត្រឹម «​វែក​ចក​» ព្រោះ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង កន្លែង​ដដែល​នោះនឹង​មានការ​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​វិញ​ជា​ដដែល​។ តួយ៉ាង​នៅ​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ពិសេស​ម្តុំ​ស្តុ​ប​លូ​ប្រាំ និង​តាម​ដងផ្លូវ​ផ្សេង​ៗ​ទៀត គឺ​សឹងតែ​គ្មាន​ចិញ្ចើម​ផ្លូវ​នៅ​ទំនេរ​សម្រាប់​អ្នក​ថ្មើរជើង​នោះ​ទេ ​។ ការ​ពិត​ទៅ បើ​ស្រុះដៃ​គ្នា​ចូលរួម​លុប​បំបាត់​ការ​រំលោ.ភ​យក «​ដី​ចំណី​ផ្លូវ​មក​ធ្វើ​អា​ជី​កម្ម​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​» គឺ​អាច​ធ្វើ​បាន បើសិនជា​បងប្អូន​យើង​ម្នាក់​ៗ​កាត់​បន្ថយ​ភាព​អាត្មា​និយម​តែ​បន្តិច និង​គិតគូរ​រៀបចំ​ចំណត​សម្រាប់​រថយន្ត​ និង​ម៉ូតូ​តាម​ទី​អាជីវកម្ម​រៀង​ៗ​ខ្លួន​បាន​ត្រឹមត្រូវ​នោះ​។

យ៉ាងណាមិញ ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន កាលពី​ថ្ងៃ​ទី១៧ ខែមេសា​ម្សិលមិញ​នេះ បាន​បង្ហោះ​សារ​ និង​រូបភាព​លើ​ផេ​ក​របស់​ខ្លួន ដោយ​បញ្ជាក់​ថា គិត​ចាប់ពី​ថ្ងៃ​ទី ៦-១៦ ខែមេសា ឆ្នាំ​២០២៣ ក្រុមការងារ​បច្ចេកទេស នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​រាជធានី​-​ខេត្ត​ចំនួន ៨ ដូច​ជា ខេត្ត​កែប បាត់ដំបង កំពង់ចាម ព្រះ​វិហារ បន្ទាយ​មាន​ជ័យ រតនគិរី ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​យ៉ាង​សកម្ម ដោយ​បាន​ចុះ​គូស​គំនូស​ចែក​ទ្រូងផ្លូវ អ៊ុត​គំនូស​សញ្ញា​ចរាចរណ៍ លាបថ្នាំ​បង្គោលគីឡូម៉ែត្រ ប៉ះ​ចិញ្ចើម​ផ្លូវ លុប​សំបុកមាន់ និង​ធ្វើ​ប្រព័ន្ធ​លូ លើ​កំណាត់​ផ្លូវជាតិ​មួយ​ចំនួន​រួម​មាន​៖ ផ្លូវ​លេខ​៣៣A លេខ​៥ លេខ​៥៧B លេខ​៥៧B២ លេខ​៧ លេខ​៧០ លេខ​៧១ លេខ​៥ លេខ​៦ លេខ​៥៦D លេខ​៧៦ លេខ​៧៨ លេខ​៧៨-៥ លេខ​៨ លេខ​៧២ ដោយ​បាន​បន្ត​ការ​ជួសជុល​ថែទាំ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ និង​ចំណេញ​ពេលវេលា​។

«​ទន្ទឹម​នឹង​ផ្លូវថ្នល់​ស្អាត​ល្អ សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​បំពាន​យក​ដី​ចំណី​ផ្លូវ​មក​ធ្វើ​អា​ជី​កម្ម​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ជៀសវាង​ការ​ចាក់​ដី​ខ្ពស់​ជាង​ផ្លូវ និង​កុំ​ដឹក​ទំនិញ​លើស​ទម្ងន់ ដើម្បី​រក្សា​ផ្លូវថ្នល់​ឱ្យ​មាន​ភាពល្អ​ប្រសើរ និង​អាច​ប្រើប្រាស់​បាន​យូរអង្វែង​»​។ នេះ​ជា​ការ​ស្នើ​សុំ​ក្រសួង​ជំនាញ​។

បន្ថែម​ពីលើ​នេះ ក្រសួង​បាន​អំពាវនាវ​ផង​ដែរ​ថា ប្រសិនបើ​មាន​បញ្ហា​ផ្លូវថ្នល់​ខូចខាត​ក្លាយជា​ជង្ហុក​សំបុកមាន់ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាញ​យក​កម្មវិធី​ថែទាំ​ផ្លូវ (Road Care) និង​រាយការណ៍​មក​ក្រសួង​ដើម្បី​អាច​ចាត់​ក្រុមការងារ​ចុះ​ជួសជុល ថែទាំ​បាន​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ