ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​កូនជ្រូក​សម្រាប់​សន្សំ​លុយ​អាច​ដុះ​ផ្សិត តាម​ពិត​មក​ពី​មូលហេតុ​ទាំងនេះ​សោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ការ​លក់​កូនជ្រូក នា​ពេល​បច្ចុប្បន្ន ហាក់​កាន់តែ​សម្បូរ​ឡើង មិន​ថា នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​តាម​បណ្តា​ខេត្ត​នោះ​ទេ ពោល​គឺ​របរ​មួយ​នេះ​ដូច​ជា​មានការ​ពេញ​និយម ព្រោះ​កូនជ្រូក​សម្រាប់​ដាក់​សន្សំ​លុយ​នា​ពេល​បច្ចុប្បន្ន គេ​តែងតែ​រិះរក​អ្វី​ដែល​ថ្មី ដូច​ជា​គេ​អាច​ធ្វើ​អោយ​ចេញ​ជា​រូបរាង​ផ្សេង​ៗ ដូច​ជា

រាជធានី​ភ្នំពេញ ៖ ការ​លក់​កូនជ្រូក នា​ពេល​បច្ចុប្បន្ន ហាក់​កាន់តែ​សម្បូរ​ឡើង មិន​ថា នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​តាម​បណ្តា​ខេត្ត​នោះ​ទេ ពោល​គឺ​របរ​មួយ​នេះ​ដូច​ជា​មានការ​ពេញ​និយម ព្រោះ​កូនជ្រូក​សម្រាប់​ដាក់​សន្សំ​លុយ​នា​ពេល​បច្ចុប្បន្ន គេ​តែងតែ​រិះរក​អ្វី​ដែល​ថ្មី ដូច​ជា​គេ​អាច​ធ្វើ​អោយ​ចេញ​ជា​រូបរាង​ផ្សេង​ៗ ដូច​ជា បន្លែ ផ្លែ​ឈើ រូប​តុក្កតា រូប​សត្វ ឬអ្វី​ៗ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ ពោល​គឺ​ទៅ​តាម​ភាព​ច្នៃប្រឌិត​របស់​ជាង ក្នុង​ការ​ផលិត​ចេញ​មក​ថា តើ​រូបភាព​បែប​ណា ទើប​អាច​ទាក់ទាញ​មនុស្ស​បាន?។

ប្រាកដ​ណាស់ បងប្អូន​ប្រិ​យ​មិត្ត​ធ្លាប់តែ​ទិញ​កូនជ្រូក​សម្រាប់​សន្សំ​លុយ តែ​មិន​ដែល​ដឹង​អំពី​ការ​ធ្វើ​នោះ​ទេ ហើយ​ក៏​មាន​បងប្អូន​ជា​ច្រើន​ដែល​តែងតែ​បារម្ភ​ផង​ដែរ ទាក់ទង​នឹង​កូនជ្រូក​ដុះ​ផ្សិត និង​បញ្ហា​ផ្សេង​ៗ​ដែល​ប៉ះពាល់​ដល់​លុយ ដោយ​នេះ​អាច​ថា ជា​ចំណុច​សំខាន់​មួយ​សំខាន់​ដែល​បងប្អូន​ប្រិ​យ​គួរ​ដឹង និង​ដើម្បី​ច្រៀស​វាង​បញ្ហា​ផ្សេង​ៗ​ដែល​នាំ​អោយ​ខាតបង់​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ដោយ​ថ្ងៃនេះ លោក អាន សុខ​អ៊ា​ង នឹង​ធ្វើការ​ចែករំលែក​ពី​បទ​ពិសោធន៍​របស់​លោក​អោយ​បងប្អូន​មហាជន​បានដឹង ជា​ពិសេស​គឺ​បញ្ហា​កូនជ្រូក​ដុះ​ផ្សិត​តែ​ម្តង ព្រោះ​បញ្ហា​មួយ​នេះ កើត​មាន​ឡើងជា​ញឹកញាប់ ចំពោះ​បងប្អូន​យើង​។ ដូច្នេះ ប្រសិនបើ​លោក​អ្នក​បាន​មើល​វី​ដេ​អូ​មួយ​នេះ ប្រាកដជា​អាច​ចៀសវាង​ពី​បញ្ហា​ខាងលើ​ជាក់​ជា​ពុំខាន។

លោក អាន សុខ​អ៊ា​ង ដែល​ជា​អ្នក​ធ្វើ​កូនជ្រូក​សម្រាប់​ដាក់​លុយ បាន​ជម្រាប​ជូន​ថា កូនជ្រូក​ដែល​មាន​បញ្ហា គឺ​បណ្តាល​មក​ពី​ការ​លាយ​ទឹក និង​ម្សៅ​ម្នាងសិលា​មិន​បាន​ត្រឹមត្រូវ ដោយ​ម្សៅ​លាយ​ចាក់​ក្នុង​ពុម្ព​នោះ​អាច​ខូច ឬ​ងា​.​ប់ ដោយ​ខ្វះ​បច្ចេកទេស ចំណេះ​ជំនាញ ជា​ពិសេស​អ្នក​ដែល​មិន​បាន​ឆ្លងកាត់​របរ​នេះ និង​គ្មាន​បទ​ពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​វា ដូច្នេះ​ទើប​បានជា​ខាងក្នុង​សើម ហើយ​នៅ​ពេល​ដាក់​លុយ​ទៅ អាច​ធ្វើ​អោយ​លុយ​ដុះ​ផ្សិត និង​បញ្ហា​ផ្សេង​ៗ​។

លោក អាន សុខ​អ៊ា​ង ដែល​ជា​ក្មេង​កំព្រា​ឪពុក​តាំងពី​ក្មេង បាន​បន្ត​ថា លោក​ចាប់​អាជីព​មួយ​នេះ ប្រមាណ​ជា​៩​ឆ្នាំ​ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ដោយ​លោក​ចេះ​របរ​មួយ​នេះ តាម​រយៈ​អ៊ុំ​របស់​លោក​។ ដើមដំបូង​ឡើយ លោក​រស់នៅ​ជាមួយ​អ៊ុំ​របស់​លោក ដែល​ជា​អ្នកលក់​ក្អម​ធ្វើ​ពី​ដីឥដ្ឋ ហើយ​លោក​ក៏​រៀន​ចេះ​ពី​អ៊ុំ រួច​បែកគំនិត​សាកល្បង​ធ្វើ​កូនជ្រូក​ពី​ម្សៅ​ម្នាងសិលា ដោយ​លោក​គិត​ថា វា​ថ្មី​ហើយ​ប្លែក និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក​វត្ថុធាតុដើម ដោយ​មិនបាច់រ​កមក​ពី​ខាងក្រៅ​។ លោក​បន្ថែម​ថា ការ​ធ្វើ​ឡើង​ពី​ម្សៅ​ម្នាងសិលា​នេះ យើង​អាច​លាប​ពណ៌ និង​បាញ់​ពណ៌​ផ្សេង​ៗ​បាន ដោយ​លៃ​លោក​យ៉ាងណា ធ្វើ​ទៅ​អោយ​សម និង​ស្រស់​ស្អាត ជា​ពិសេស​គឺ​គុណភាព​តែ​ម្តង​។

បើ​ក្រឡេក​មក​មើល​ពី​របៀប​ធ្វើ​វិញ លោ​កប​រៀបរាប់​ថា មុន​ដំបូង​ឡើយ យើង​ត្រូវ​លាយ​ទឹក និង​ម្សៅ​ម្នាងសិលា ដោយ​ត្រូវ​យកចិត្តទុកដាក់​ជាទី​បំផុត ជា​ពិសេស​ការ​លាយ និង​ការ​ចាក់ពុម្ព​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត ព្រោះ​ម្សៅ​វា​អាច​ងា​.​ប់ ឬ​ខូច ដោយ​យើង​ត្រូវ​ពឹងផ្អែក​លើ​បច្ចេកទេស​ជា​ចម្បង​។ បន្ទាប់​ពី​ការ​ចាក់ពុម្ព​រួច ប្រមាណ​ជា​៥​នាទី យើង​អាច​ចាក់​ចេញពី​ពុម្ព​បាន​នៅ​ពេល​វា​ស្ងួត ដូច្នេះ​ពេល​វា​ស្ងួត​ល្អ​ហើយ យើង​អាច​យក​ហាលថ្ងៃ បន្ត​ទៀត​យើង​យក​វា​មក​ខាត់ រួច​បាញ់​ពណ៌​ជា​ការ​ស្រេច ដោយ​ធ្វើ​យ៉ាងណា​អោយ​វា​ស្ងួត​ល្អ ទើប​ពុំ​មាន​បញ្ហា​ដុះ​ផ្សិត​។

លោក​បន្ត​ទៀត​ថា លើស​ពី​នេះ ប្រសិនបើ​ជ្រូក​របស់​លោក​ខូច ឬ​មាន​បញ្ហា​នៅ​ខាងក្នុង លោក​គឺ​មិន​លក់​អោយ​អតិថិជន​របស់​លោក​ឡើយ ព្រោះ​អាច​ថា វា​មាន​បញ្ហា​ខាងក្នុង​អាច​មាន​សភាព​សើម និង​បង្ក​ជា​បញ្ហា​ផ្សិត​ជាដើម ដូច្នេះ​លោក​គិត​ពី​គុណភាព​ជា​ចម្បង ជា​ជាង​ការ​លក់​តម្លៃ​ធូរ​ថ្លៃ តែ​គុណភាព​មិនល្អ​។

លោក អាន សុខ​អ៊ា​ង មាន​វ័យ​២៦​ឆ្នាំ​រូប​នេះ ពោល​បន្ត​ថា លោក​មាន​លក់​កូនជ្រូក​ជា​ច្រើន​ប្រភេទ ដូច​ជា​កូនជ្រូក​ធ្វើ​រូបរាង​ជា ទន្សាយ គោ សេះ ល្ពៅ ឃ្លោក ត្រប់ ជ្រូក និង​រូបរាង​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ លោក អាន សុខ​អ៊ា​ង ដែល​ជា​អ្នក​ធ្វើ​បាន​បន្ត​ថា ជា​ទូទៅ​លោក​បែងចែក​កូនជ្រូក​ជា​៣​ប្រភេទ ដោយ​ទំហំ​តូច កណ្តាល និង​ធំ​។ ហើយ​កូនជ្រូក​តូច​ៗ មាន​តម្លៃ​ត្រឹមតែ ៣០០០​រៀល​តែ​ប៉ុណ្ណោះ រីឯ​ទំហំ​កណ្តាល ១៥០០០​រៀល និង​ខ្នាត​ធំ​មាន​តម្លៃ​ចាប់ពី ៥០០០០​រៀល រហូត​ដល់ ៧០០០០​រៀល​។

លោក​បន្ត​ថា កូនជ្រូក​របស់​លោក​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា ដាក់​លុយ​ខ្មែរ​ក៏​បាន លុយ​ដុល្លារ​ក៏​បាន ដោយ​បងប្អូន​មិនបាច់​ព្រួយបារម្ភ​ថា មាន​បញ្ហា​ដុះ​ផ្សិត ឬ​សើម​នោះ​ឡើយ​។ ជា​ចុង​ក្រោយ លោក​ពិតជា​អគុណ​ខ្លាំង​ណាស់ សម្រាប់​ការ​គាំទ្រ​កូនជ្រូក​របស់​លោក ដោយ​លោក​សូម​អោយ​បងប្អូន​ខ្មែរ​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក ដូច​ជា​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល ដើម្បី​អោយ​បងប្អូន​ដែល​ជា​អ្នក​ធ្វើ​កូនជ្រូក មាន​ទឹកចិត្ត​បន្ត​ក្នុង​ការ​ធ្វើ​វា​បន្ត​ទៅ​ទៀត​៕ ដោយ ៖ លី​ហួ គីម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ