រាជធានីភ្នំពេញ ៖ រលកនៃការវែកញែកបាននិងកំពុងបោកបក់យ៉ាងខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីសមត្ថកិច្ចខេត្តបាត់ដំបងបានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ព្រឿន សាក់ឡែន ឬមហាជនស្គាល់ថា «អាឡែន» ពាក់ព័ន្ធនឹងការនាំចូលទុរេនពីប្រទេសថៃ រួចយកមកបន្លំភូតភរថាជាទុរេនខ្មែរ ដើម្បីលក់ចែកចាយលើបណ្តាញសង្គម បានក្លាយជាប្រធានបទដ៏ក្តៅគគុកបំផុតប្រចាំសប្តាហ៍ ។

ទោះជាយ៉ាងណា នៅពីក្រោយការបញ្ជូនខ្លួនស្ត្រីរូបនេះទៅកាន់តុលាការ មហាជនមិនត្រឹមតែចាប់អារម្មណ៍លើទោសទណ្ឌរបស់បុគ្គលនោះទេ ប៉ុន្តែគេបាននិងកំពុងលើកជាសំណួរជុំវិញភាពចន្លោះប្រហោងនៃប្រព័ន្ធត្រួតពិនិត្យទំនិញតាមព្រំដែន។
តើទុរេនរាប់តោន អាច «បំបាំងកាយ» ឆ្លងកាត់ច្រកទ្វារព្រំដែនដោយរបៀបណា? នេះគឺជាចំណុចស្នូលដែលមហាជនកំពុងវែកញែកពេញបណ្តាញសង្គម ។
ជាការពិតណាស់ ការនាំចូលទំនិញកសិកម្មក្នុងបរិមាណច្រើន មិនមែនជារឿងដែលអាចលាក់បាំងក្នុងកាបូបយួរដៃបានឡើយ ។ វាតម្រូវឱ្យមានការដឹកជញ្ជូនតាមរថយន្តធំៗ ឆ្លងកាត់ច្រកទ្វារព្រំដែន ដែលនៅទីនោះ មានមន្ត្រីជំនាញឈរជើងយ៉ាងស្អេកស្កះ រួមមានមន្ត្រីគយ និងរដ្ឋាករ ដែលមានភារកិច្ចពិនិត្យប្រភេទទំនិញ និងការបង់ពន្ធចូលរដ្ឋ។ ចំណែកមន្ត្រី ក.ប.ប នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលមានតួនាទីត្រួតពិនិត្យគុណភាព សុវត្ថិភាព និងអនុលោមភាពនៃទំនិញនាំចូល ។ មិនតែប៉ុណ្ណោះ ថែមទាំងមានមន្ត្រីនគរបាលការពារព្រំដែន និងអាជ្ញាធរមូលដ្ឋាន ដែលគ្រប់គ្រងរាល់សកម្មភាពចេញ-ចូលក្នុងភូមិសាស្ត្រ ។

សំំណួរចាក់ដោតដែលមហាជនចោទសួរនោះគឺ បើសមត្ថកិច្ចយាមកាមតឹងរឹងដូចការអះអាងមែន តើអាឡែនអាចយកទុរេនទាំងនោះចូលមកដល់ក្នុងក្រុងបាត់ដំបង និងចែកចាយទៅបណ្តាខេត្តផ្សេងៗបានយ៉ាងរលូនដោយរបៀបណា? តើនេះជាភាពអសមត្ថភាពរបស់មន្ត្រី ឬក៏មានការបើកដៃណាមួយជាថ្នូរនឹងផលប្រយោជន៍?
ទង្វើរបស់ស្ត្រីឈ្មោះ ព្រឿន សាក់ឡែន មិនត្រឹមតែជាបទល្មើសសេដ្ឋកិច្ច ឬការបោកប្រាស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះកសិផលខ្មែរ ។
បំផ្លាញទំនុកចិត្ត៖ នៅពេលដែលអតិថិជនចំណាយប្រាក់ខ្ពស់ ដើម្បីទិញទុរេនដែលគេជឿថា ជាទុរេនរបស់កសិករខ្មែរយើង តែបែរជាទទួលបានទុរេននាំចូលពីថៃដែលមានតម្លៃថោកជាង វានឹងធ្វើឱ្យគេរាងចាល និងលែងមានជំនឿលើផលិតផលក្នុងស្រុក។

ម្យ៉ាងវិញទៀត សម្ពាធតម្លៃលើកសិករពិតប្រាកដ ព្រោះកសិករខ្មែរដែលខំដាំដុះតាមលក្ខណៈបច្ចេកទេស និងចំណាយទុនច្រើន មិនអាចប្រកួតប្រជែងតម្លៃជាមួយទុរេននាំចូលដែលបន្លំស្លាកសញ្ញាបានឡើយ។ ការណ៍នេះ អាចធ្វើឱ្យវិស័យកសិកម្មក្នុងស្រុកដួលរលំ ដោយសារតែឈ្មួញទុច្ចរិត ។
មតិភាគច្រើនលើបណ្តាញសង្គមបានសម្តែងការបារម្ភថា ប្រសិនបើការអនុវត្តច្បាប់ធ្វើឡើងតែទៅលើអ្នកលក់ម្នាក់នោះបញ្ហានឹងមិនត្រូវបានដោះស្រាយជាឫសគល់ឡើយ ។ មហាជនរំពឹងចង់ឃើញការស៊ើបអង្កេតពង្រីកវិសាលភាពទៅដល់ខ្សែបណ្តាញទាំងមូល ចាប់តាំងពីអ្នកនាំចូល អ្នកសម្របសម្រួលផ្លូវ រហូតដល់មន្ត្រីដែលទទួលខុសត្រូវតាមច្រកព្រំដែន។ ប្រសិនបើមន្ត្រីជំនាញដែលឈរជើងនៅទីនោះ បណ្តោយឱ្យមានការនាំចូលខុសច្បាប់កើតឡើង ពួកគេក៏ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ឬវិន័យរដ្ឋបាលផងដែរ ដើម្បីបង្ហាញពីតម្លាភាព និងភាពស្អាតស្អំរបស់រាជរដ្ឋាភិបាល។
សំណុំរឿងស្ត្រីឈ្មោះ ព្រឿន សាក់ឡែន ហៅអាឡែន គឺជាមេរៀនមួយ និងជាការសាកល្បងនូវប្រសិទ្ធភាពនៃយុទ្ធនាការការពារផលិតផលក្នុងស្រុក។ មហាជនយល់ស្របចំពោះការអនុវត្តច្បាប់លើរូបគាត់ ប៉ុន្តែគេក៏មិនចង់ឃើញបញ្ហានេះត្រូវបិទបញ្ចប់ដោយគ្រាន់តែមានអ្នកទោសម្នាក់ហើយប្រព័ន្ធនៅពីក្រោយដែលរលួយនៅតែបន្តដំណើរការបាននោះទេ។

អ្វីដែលមហាជនចង់ឃើញបំផុតនៅពេលនេះគឺ៖
ការបង្ហាញរបាយការណ៍ស៊ើបអង្កេតឱ្យបានច្បាស់លាស់ថា តើទំនិញទាំងនោះហូរចូលតាមច្រកណា?
តើមានបុគ្គល ឬមន្ត្រីណាខ្លះដែលត្រូវទទួលខុសត្រូវចំពោះការឆកល្វែងនេះ?
ការរឹតបន្តឹងការត្រួតពិនិត្យនៅតាមព្រំដែនឱ្យមានតម្លាភាពពិតប្រាកដ ដើម្បីផ្តល់យុត្តិធម៌ដល់កសិករខ្មែរដែលកំពុងបែកញើសបង្ហូរឈាមនៅលើដីរបស់ខ្លួន។
បើមិនមានការលាងជម្រះឱ្យជ្រះស្រឡះទេនោះ ករណីអាឡែននឹងនៅតែជាដំបៅមហារីកដែលបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះស្ថាប័នរដ្ឋ និងសម្លាប់សេដ្ឋកិច្ចកសិកម្មខ្មែរជាបន្តបន្ទាប់ទៀតមិនខាន ៕
ចែករំលែកព័តមាននេះ