យោងតាមការចុះផ្សាយពីប្រភពរទេស ការយល់ច្រឡំថាអ្នកផឹកស្រាឡើងក្រហមមុខគឺជាអ្នកខ្លាំងខាងសេពគ្រឿងស្រវឹង គឺជាគ្រោះថ្នាក់បំផុតសម្រាប់សុខភាព។
តាមពិតទៅ អាការៈឡើងក្រហមមុខ ភ្នែក និងកម្តៅភាយៗលើផ្ទៃមុខ គឺជាសញ្ញាបញ្ជាក់ថា រាងកាយរបស់អ្នកកំពុងខ្វះខាតអង់ស៊ីមសម្រាប់បំប្លែងជាតិពុលដែលកើតចេញពីជាតិអាល់កុល។ កាលណាជាតិពុលនេះមិនត្រូវបានបន្សាប វានឹងជ្រាបចូលក្នុងឈាមបង្កឱ្យសរសៃឈាមរីកធំ និងធ្វើឱ្យបេះដូងលោតញាប់ ដែលបង្កើនហានិភ័យនៃជំងឺមហារីក និងជំងឺថ្លើមខ្ពស់ជាងមនុស្សទូទៅ។
ដើម្បីការពារសុខភាព អ្នកជំនាញណែនាំឱ្យមានការផឹកដោយកំណត់កម្រិតច្បាស់លាស់ ដោយបុរសមិនគួរលើសពី ២ កំប៉ុង និងស្ត្រីមិនលើសពី ១ កំប៉ុងក្នុងមួយថ្ងៃឡើយ។ មុនពេលចាប់ផ្ដើមកម្មវិធី អ្នកគួរទទួលទានអាហារឱ្យឆ្អែតដើម្បីការពារក្រពះ និងបង្អង់ការស្រូបយកជាតិពុលចូលក្នុងរាងកាយ។
ជាមួយគ្នានេះ ការទទួលទានទឹកស្អាតឱ្យបានច្រើនទាំងមុន និងក្រោយពេលផឹក គឺជាគន្លឹះដ៏សំខាន់ដើម្បីបង្គ្រប់ជាតិទឹក និងជួយថ្លើមក្នុងការបញ្ចេញជាតិពុលមកក្រៅវិញ។ អ្វីដែលត្រូវចងចាំបំផុតនោះគឺ មិនត្រូវលាយស្រាច្រើនប្រភេទបញ្ចូលគ្នា និងដាច់ខាតកុំសេពគ្រឿងស្រវឹងក្នុងពេលកំពុងប្រើប្រាស់ថ្នាំពេទ្យ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរដល់អាយុជីវិត៕
ចែករំលែកព័តមាននេះ