ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើនសេដ្ឋកិច្ចចាប់ហ្វ្រាំងបន្តិច ប៉ុន្តែគម្រោង វិនិយោគនៅតែបន្តវិជ្ជមាន

2 ម៉ោង មុន
  • ភ្នំពេញ

អ្នកជំនាញ​ពី​ស្ថាប័ន​រដ្ឋាភិបាល បាន​អះអាង​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ហាក់​ចាប់​ហ្វ្រាំង​បន្តិច ប៉ុន្តែ​ទោះជា​យ៉ាងណា​ស្ថានភាព​សេដ្ឋកិច្ច​ជា​រួម និង​ស្ថានភាព​វិនិយោគ​នៅ​ក្នុង​ប្រទេស​នៅ​តែ​បន្ត​វិជ្ជមាន ។ នៅ​ក្នុង​វេទិកា​វិនិយោគ​កម្ពុជា ឆ្នាំ​២០២៦ ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​៧ ខែឧសភា…

អ្នកជំនាញ​ពី​ស្ថាប័ន​រដ្ឋាភិបាល បាន​អះអាង​ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ហាក់​ចាប់​ហ្វ្រាំង​បន្តិច ប៉ុន្តែ​ទោះជា​យ៉ាងណា​ស្ថានភាព​សេដ្ឋកិច្ច​ជា​រួម និង​ស្ថានភាព​វិនិយោគ​នៅ​ក្នុង​ប្រទេស​នៅ​តែ​បន្ត​វិជ្ជមាន ។

នៅ​ក្នុង​វេទិកា​វិនិយោគ​កម្ពុជា ឆ្នាំ​២០២៦ ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៦ លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​ថា កម្ពុជា​ក៏​ដូច​ជា ប្រទេស​នានា​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន រួម​ទាំង​បញ្ហា​ពន្ធ​បដិការ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ជម្លោះព្រំដែន និង​បញ្ហា​វិបត្តិ​ថាមពល ដែល​កើត​ពី​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ជាដើម ប៉ុន្តែ​ទោះជា​យ៉ាងណា​កម្ពុជា នៅ​តែ​បន្ត​រក្សា​ស្ថានភាព​មួយ​ដ៏​វិជ្ជមាន ។

លោក​បាន​អះអាង​ថា នៅ​ក្នុង​រយៈពេល​៤​ខែ នៃ​ឆ្នាំ​២០២៦​នេះ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​អាច អនុម័ត​គម្រោង​វិនិយោគ​ចំនួន​១៨៤​គម្រោង ដែល​មាន​តម្លៃ ២,៦ ពាន់​លាន​ដុល្លារ ។

ឯកឧត្តម ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល ក្នុង​ការ​រក្សា​សន្ទុះ​នេះ ដោយ​បន្ត​លើកកម្ពស់​បរិយាកាស​ដែល​អំណោយផល​ដល់​ការ​ច្នៃប្រឌិត និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រយៈពេល​វែង ។

កាលពី​ឆ្នាំ​២០២៥ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​៦៣០​គម្រោង ដែល​មាន​តម្លៃ​សរុប​ជាង ១០​ពាន់​លាន​ដុល្លារ​។

កម្ពុជា​បាន​កែសម្រួល​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ពី​៥​ភាគរយ មក​ត្រឹម​៤,២ ភាគរយ​នៅ​ឆ្នាំ​២០២៦ ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​ការ​កើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​ដែល​បណ្តាល​មក​ពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ។

យោង​តាម​អ្វី​ដែល​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ស្តី​អំពី​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​មធ្យម ឆ្នាំ​២០២៧ ដល់​ឆ្នាំ​២០២៩ ដែល​បាន​ចេញ​នៅ​ចុង​ខែមេសា ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា ការ​កើនឡើង​យ៉ាង​ខ្លាំង​នូវ​តម្លៃ​ប្រេង និង​ឧស្ម័ន បាន​ជំរុញ​សម្ពាធ​អតិផរណា និង​ប៉ះពាល់​ដល់​គន្លង​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុង​បរិបទ​ថ្មី​នេះ​ទស្សនវិស័យ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ត្រូវ​បាន​កែសម្រួល​ចុះ​មក​ត្រឹម​៤,២ ភាគរយ​សម្រាប់​ឆ្នាំ​២០២៦ និង ៥ ភាគរយ​សម្រាប់​ឆ្នាំ ២០២៧ ក៏​ដូច​ជា​មធ្យមភាគ ៥,៥ ភាគរយ​សម្រាប់​រយៈពេល​មធ្យម​នៅ​ឆ្នាំ​២០២៨ និង​២០២៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ