អន្តរជាតិ ៖ តម្លៃប្រេងឆៅអន្តរជាតិបានបន្តធ្លាក់ចុះនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ ខណៈដែលវិនិយោគិនបានថ្លឹងថ្លែងពីការរំពឹងទុកខ្ពស់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលអាចបន្ធូរបន្ថយការព្រួយបារម្ភអំពីការផ្គត់ផ្គង់ និងឈានដល់ការបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញបន្តិចម្តងៗ។ នេះបើយោងតាមប្រភពពី Reuters។
ប្រេងឆៅស្តង់ដាពិភពលោក Brent បានធ្លាក់ចុះ ២,១៦ ដុល្លារ ឬ ២,១៣% មកនៅត្រឹម ៩៩,១១ ដុល្លារអាមេរិកក្នុង១បារ៉ែល គិតត្រឹមម៉ោង ២ និង៣០នាទីរសៀល (ម៉ោងនៅកម្ពុជា។ ចំណែកប្រេងឆៅស្តង់ដាអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ២ ដុល្លារ ឬ ២,១% មកនៅត្រឹម ៩៣,០៨ ដុល្លារក្នុង១បារ៉ែល។ ប្រេងឆៅទាំងពីរនេះ បានធ្លាក់ចុះជាង ៧% កាលពីថ្ងៃទី៦ ខែឧសភា កន្លងទៅ ដោយធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល២សប្តាហ៍ ដោយសារក្តីសង្ឃឹមលើការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាដែលអាចកើតមាន។
ការធ្លាក់ចុះនេះបានកើតឡើង បន្ទាប់ពីរបាយការណ៍បានបង្ហាញថា សហរដ្ឋអាមេរិកបានផ្ញើឯកសារផ្លូវការមួយទំព័រទៅអ៊ីរ៉ង់តាមរយៈអន្តរការីប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់សង្គ្រាមជាផ្លូវការ និងបង្កើតក្របខ័ណ្ឌនៃការយោគយល់គ្នា ដើម្បីបន្ធូរបន្ថយការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក ជាថ្នូរនឹងការបើកច្រកសមុទ្រហ័រមូសឡើងវិញបន្តិចម្តងៗ។ ជាមួយគ្នានោះ អ៊ីរ៉ង់ត្រូវបានរំពឹងថានឹងឆ្លើយតបក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីបានបញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលសំណើរបស់អាមេរិក ខណៈដែលការចរចាទូលំទូលាយលើការផ្អាកកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានរាយការណ៍ថានឹងធ្វើឡើងនៅដំណាក់កាលក្រោយ៕

ចែករំលែកព័តមាននេះ