ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បំបែក​សំណុំរឿង​ចាប់​បង្ខាំ.ង និង​ជំរិ.ត​ទារប្រាក់​ពី​ស្ត្រីជន​ជាតិចិន​ម្នាក់​ ជនល្មើស​៦​នាក់ ត្រូវ​បាន​ចាប់ខ្លួន

3 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ស្រាវជ្រាវ និង​ឈាន​ទៅ​បំបែកសំណុំរឿង​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ ជួញដូរ​មនុស្ស ជំរិត​ទារប្រាក់ និង​ករណី​គ្រឿងញៀន ដោយ​សង្គ្រោះ​ស្ត្រីជន​ជាតិចិន​ម្នាក់ និង​ចាប់ខ្លួន​ជនល្មើស​ជា​ជនជាតិ​ចិន​ចំនួន​៦​នាក់​។…

ខេត្ត​ព្រះ​សីហ​នុ​ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ស្រាវជ្រាវ និង​ឈាន​ទៅ​បំបែកសំណុំរឿង​ករណី​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ ជួញដូរ​មនុស្ស ជំរិត​ទារប្រាក់ និង​ករណី​គ្រឿងញៀន ដោយ​សង្គ្រោះ​ស្ត្រីជន​ជាតិចិន​ម្នាក់ និង​ចាប់ខ្លួន​ជនល្មើស​ជា​ជនជាតិ​ចិន​ចំនួន​៦​នាក់​។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, លោក ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ និង​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​សម្របសម្រួល​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​។

យោង​តាម​របាយការណ៍​របស់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៦​នេះ បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ (​ជំរិត​ទារប្រាក់​), រំលោភ​សេពសន្ថវៈ​, លក់​-​ដូរ​មនុស្ស និង​ករណី​គ្រឿងញៀន ដែល​ប្រព្រឹត្ដ​កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ រហូត​ដល់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្រុងព្រះសីហនុ និង​ក្រុង​កំពង់សោម​។

កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦​ទៀប​ភ្លឺ កងកម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​ទទួល​បណ្ដឹង​ពី​ឈ្មោះ YANG RUI ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ខារ៉ាអូខេ ដោយ​ប្រាប់​ថា មិត្ត​ភ​ក្កិ​របស់​គេ​ឈ្មោះ CHEN JINYAN ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន ត្រូវ​បាន​គេ​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់ នៅ​ក្នុងផ្ទះ​វីឡា​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​នៅ​វេលា​ម៉ោង ៨:៣០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​១០​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សួ ស៊ន ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ទៅ​ដល់​ចំណុច​ផ្ទះ​វីឡា​ខាងលើ តែ​ជនសង្ស័យ​បាន​យក​ជន​រង​គ្រោះ​ចេញពីផ្ទះ​នោះ​បាត់​ហើយ រួច​កម្លាំង​ជំនាញ​បន្ដ​ស្រាវជ្រាវ រហូត​ដល់​ចំណុច​ខុន​ដូរ «​ស្ដា​បេ​» ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ ចំនួន​០៣​នាក់ (​ស្រី ០២​នាក់​)​រួម​មាន​៖

-​ទី​១៖ ឈ្មោះ Liu Zhong ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​សំណង់ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ
-​ទី​២៖ ឈ្មោះ Xu Jia Yan ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ
-​ទី​៣៖ ឈ្មោះ Wu Shan Gui ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

កម្លាំង​បាន​ដកហូត​វត្ថុ​តាង​មាន​៖ រថយន្ដ​ចំនួន ០១​គ្រឿង ម៉ាក MAYBACH SG50 ពណ៌​ខ្មៅ ផ្លា​ក​លេខ​ភ្នំពេញ 2AZ-6866 និង​ទូរស័ព្ទ​ដៃ ចំនួន ០២​គ្រឿង​។

លុះដល់​វេលា​ម៉ោង ១១:១០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​កម្លាំង​ជំនាញ បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​ដល់​ចំណុច​បុរី «​លន់​ស៊ី​ធី​» ស្ថិត​ក្នុងភូមិ​ចំណោត​រាម សង្កាត់​បិត​ត្រាំ​ង ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ ទើប​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ បាន​ឈ្មោះ CHEN JINYAN ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ខារ៉ាអូខេ ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ (​ប្រុស​) ជនជាតិ​ចិន ស្នាក់​នៅ​ភូមិ​ចំណោត​រាម សង្កាត់​បិត​ត្រាំ​ង ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ​។

ជនសង្ស័យ​ទាំង ៣​រូប​នេះ​រួម​មាន​៖

-ទី​១៖ ឈ្មោះ He Zhong Hui អាយុ​៣៣​ឆ្នាំ
-​ទី​២៖ ឈ្មោះ Chen Por Wen អាយុ ៣១​ឆ្នាំ
-​ទី​៣៖ ឈ្មោះ Wang Bor Wen អាយុ ៣៧​ឆ្នាំ​។

កម្លាំង​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ទូរស័ព្ទ​ដៃ​ចំនួន ០៣​គ្រឿង​, រថយន្ដ​ចំនួន ០១​គ្រឿង ម៉ាក PRLUS ពណ៌​ស ផ្លា​ក​លេខ 2BX-3076, ក្រណាត់​បូ​ពណ៌​ទឹកមាស រុំ​ថង់​ខ្មៅ​បិទ​ស្គុ​ត (​សម្រាប់​រុំ​ភ្នែក​) ចំនួន​០១ និង​គ្រឿងញៀន​មួយ​ចំនួន​។

តាម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​ជំនាញ​, ជន​រង​គ្រោះ​ត្រូវ​បាន​ជនសង្ស័យ​បោកប្រាស់​ឱ្យមក​ប្រទេស​កម្ពុជា ដែល​ក្រុម​ជនល្មើស​មាន​អង្គការ​ចាត់តាំង ដោយ​ឱ្យ​ស្ដ្រី​ដែល​បម្រើ​ការងារ​ជានា​រី​កំដរ ធ្វើការ​ទាក់ទង​ជាមួយ​ស្ដ្រី​ៗ​កំដរ​ដូច​គ្នា តាម​រយៈ​កុ​ហុ​កថា ជួយ​រក​ការងារ​ឱ្យ (​មាន​ថៅកែ​ចិញ្ចឹម​)​។

បន្ទាប់​ពី​ចាញ់បោក​ការ​លួងលោម ស្ត្រី​រង​គ្រោះ​បាន​ចាក​ចេញពី​ប្រទេស​ម៉ា​ឡេ​ស៊ី ចូល​មក​ប្រទេស​កម្ពុជា ហើយ​ក្រុម​ឧក្រិដ្ឋជន ក៏​បាន​រៀបចំ​រថយន្ដ​ទៅ​ទទួល​ជន​រង​គ្រោះ​ពី​ព្រ​លាន​យន្ដហោះ​ថ្មី រួច​ដឹក​មក​ខេត្ដ​ព្រះ​សីហ​នុ និង​យក​មក​ឃុំឃាំង​នៅ​ក្នុង​ខុន​ដូរ​មួយ​កន្លែង​ចំ​កណ្ដាល​ទីក្រុង ព្រមទាំង​ជំរិត​យក​ប្រាក់​ពី​ជន​រង​គ្រោះ ដោយ​ផ្ទេរ​ប្រាក់​ពី​គណនី​ធនាគារ​ចិន អស់​ចំនួន​ជិត ៣០​ម៉ឺន​យ័ន និង​បង្ខំ​ជន​រង​គ្រោះ​រួម​ភេទ ប្រើប្រាស់​គ្រឿងញៀន ប៉ុន្ដែ មិន​ប្រើ​ហិង្សា ប៉ុន្ដែ​ពួក​គេ​បាន​បង្ខំ​ឱ្យ​ជន​រង​គ្រោះ​ទាក់ទង​ទៅ​មិត្ដភក្ដិ​ដែល​ជានា​រី ដើម្បី​បោក​បញ្ឆោត​ពួក​គេ នឹង​ដោះ​លែង​ជន​រង​គ្រោះ​ឱ្យ​មាន​សេរីភាព​វិញ​។ បន្ទាប់​ពី​ជន​រង​គ្រោះ​អស់ប្រាក់​ឱ្យ​ពួក​គេ គឺ​ពួក​គេ​បាន​លក់​ជន​រង​គ្រោះ ឱ្យទៅ​ក្រុម​ជនជាតិ​ចិន​ផ្សេង​ទៀត ក្នុង​តម្លៃ ៥​ម៉ឺន​ដុល្លារ (USTD) បន្ដ​ទៀត​។

តាម​របាយការណ៍​ដដែល បាន​គូសបញ្ជាក់​ថា ចំពោះ​ក្រុម​ឧក្រិដ្ឋ​ខាងលើ​នោះ គឺ​បោក​តែ​ស្ដ្រី​ភាគច្រើន​ជានា​រី​កំដរ​ភ្ញៀវ បន្ទាប់​ពី​ជំរិត​អស់ប្រាក់​ហើយ គោលបំណង​របស់​ពួក​គេ គឺ​លក់​ជន​រង​គ្រោះ​ឱ្យទៅ​ក្រុម​ជួញដូរ​មនុស្ស មិន​មាន​បំណង​ដោះ​លែង​នោះ​ទេ ប៉ុន្ដែ​បើ​ជន​រង​គ្រោះ​ស្ម័គ្រចិត្ដ​ធ្វើ​តាម​ពួក​គេ ដោយ​បោក​នារី​ណា​ម្នាក់​មក​ជំនួស​នោះ ទើប​ក្រុម​ឧក្រិដ្ឋ​ដោះ​លែង​ជន​រង​គ្រោះ​អាច​មាន​សេរីភាព​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ