ខេត្តបាត់ដំបង ៖ សំណុំរឿងឃាតកម្មបាញ់សម្លាប់យុវជនម្នាក់នៅស្រុកថ្មគោល កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៏មុន ត្រូវបានកម្លាំងស្នងការខេត្ត និងកម្លាំងកងរាជអាវុធហត្ថ ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនចំនួន៩នាក់ជាបន្តបន្ទាប់ គិតចាប់ពីថ្ងៃទី១០ ដល់១១មេសា រាប់ចាប់ពីជនដៃដល់(មេខ្លោង) និងបក្សពួក។ នេះបើយោងតាមព័ត៌មានបឋមពីសមត្ថកិច្ច។ សូមរំលឹកថា៖ ក្រុមក្មេងទំនើងស្ទាក់បា.ញ់ស.ម្លា.ប់គ្នាដូចក្នុងរឿង

បើតាមសេចក្ដីរាយការណ៏បឋម បានឲ្យដឹងថា នៅក្នុងសំណុំរឿងបាញ់សម្លាប់មនុស្សដូចបាញ់សត្វនេះ កាលពីថ្ងៃទី ១០ មេសា កម្លាំងកងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួនបក្សពួកជនដៃដល់បានចំនួន០៣នាក់ នៅស្រុកបវេល ហើយពេលនេះមន្ត្រីជំនាញកំពុងសួរនាំនិងចាត់ការតាមនីតិវិធី។ ដោយឡែកខាងកម្លាំងស្នងការខេត្តវិញ នៅក្នុងសំណុំរឿងនេះ ចាប់តាំងពីព្រឹករហូតដល់ម៉ោងជាង២រសៀលថ្ងៃទី ១១ មេសា មន្ត្រីជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ជាមួយមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និង កម្លាំងអធិការស្រុកថ្មគោល បានរួមដៃគ្នា ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន០៦នាក់ទៀតជាបន្តបន្ទាប់ ខណៈពួកគេកំពុងប្រមូលផ្ដុំគ្នាសម្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែង នៅភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបង។

លោក លឹម ពុទ្ធីឡា ស្នងការរងទទូលផែនព្រហ្មទណ្ឌ បាននិយាយថា កម្លាំងការិយាល័យជំនាញ តាមឃាត់ខ្លួនបានចំនួន០៦នាក់ ក្នុងនោះ មានជនដៃដល់ម្នាក់ផង ដែលជាមេខ្លោង ។ លោកបានបញ្ជាក់ថា នេះគ្រាន់តែរបាយការណ៏បឋមប៉ុណ្ណោះ ព្រោះពេលនេះមន្ត្រីជំនាញកំពុងសួរនាំ និង កំពុងបន្តតិវិធីនៅឡើយ។ លោកនិយាយថា ជនដៃដល់(មេខ្លោង) ឈ្មោះ សល់ ហើយថែមទាំងដកហូតបានអាវុធខ្លីម៉ាកឡុក០១ដើមផង។ ពេលនេះមន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងជិត១រសៀលថ្ងៃទី ៩ មេសា នៅលើផ្លូវលំមួយកន្លែង ក្នុងភូមិបឹងព្រីង ឃុំ
បឹងព្រីង ស្រុកថ្មគោល មានករណីបាញ់ប្រហារមួយ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងខ្លីមួយក្រុម បានបាញ់ប្រហារចំនួន០២គ្រាប់ ទៅលើយុវជនម្នាក់ឈ្មោះ រឿង ប៉ូឡូ អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។ ជនរងគ្រោះរងរបួសធ្ងន់ តែបានស្លាប់ពេលក្រុមគ្រួសារបញ្ជូនដល់មន្ទីរពេទ្យ ។ ក្រោយកើតហេតុ ក្រុមជនសង្ស័យត្រូវបាន កម្លាំងសមត្ថកិច្ចកំណត់អត្តសញ្ញាណ រហូតដល់ពេលនេះ ទាំងកម្លាំងកងរាជអាវុធហត្ថ និង កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៩នាក់ហើយ រាប់ទាំងជនដៃដល់ផង។

លោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបានប្រាប់ថា បក្សពួកជនសង្ស័យចំនួន០៣នាក់ ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាន ពេលនេះលោកមេបញ្ជាការខេត្ត បានបញ្ជាឲ្យប្រគល់ទៅឲ្យខាងស្នងការខេត្ត ចាត់ការតាមនីតិវិធីហើយ ព្រោះជារឿងតែមួយ។ ដោយឡែក លោក លឹម ពុទ្ធីឡា ស្នងការរងខេត្ត បានបញ្ជាក់ដែរថា ពេលនេះ លោកស្នងការខេត្ត បានបញ្ជាឲ្យកម្លាំងការិយាល័យជំនាញ សួរនាំក្រុមជនសង្ស័យចំនួន០៦នាក់ ដើម្បីចាត់ការតាមនីតិវិធីហើយ៕




ចែករំលែកព័តមាននេះ