រាជធានីភ្នំពេញ ៖ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាចាប់ពីថ្ងៃទី១២ ដល់ទី១៨ មេសាខាងមុខនេះនឹងកើនកម្តៅរហូតដល់៣៩អង្សាសេ ហើយមានភ្លៀងពីតិចទៅមធ្យមលាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១២-១៨ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹក នៅថ្ងៃទី១១ មេសា ឆ្នាំ២០២៣ បានលើកឡើងថា ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យមគួបផ្សំ និងខ្យល់ប្រែប្រួល។

ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី២៥-២៧°C សីតុណ្ណភាពអតិបរមា មានពី៣៥-៣៩°C។ ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨°C។ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច។

បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី២៤-២៦°C និងសីតុណ្ណភាពអតិបរមា មានពី៣៤-៣៦°C ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ចែករំលែកព័តមាននេះ