ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ី​-​អឺរ៉ុប​លើក​ទី​១២

6 ឆ្នាំ មុន

គណៈប្រតិភូ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ដឹកនាំ​ដោយ

គណៈប្រតិភូ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ដឹកនាំ​ដោយ​ឯកឧត្តម​​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អគ្គនាយក​គយ​អាស៊ី​-​អឺរ៉ុប លើក​ទី​១២ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ប៊ែ​ក​ឡាំង​ ប្រទេស​អា​ល្លឺ​ម៉​ង់​។

កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត Michael Meister អគ្គនាយករង​រដ្ឋបាល​គយ​អា​ល្លឺ​ម៉​ង់​នៃ​ក្រសួង​ហិរញ្ញវត្ថុ ដែល​មានការ​ចូលរួម​របស់​អគ្គនាយក និង​គណៈប្រតិភូ​រដ្ឋបាល​គយ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​នៅ​ក្នុង​ទ្វីបអាស៊ី និង​ទ្វីបអឺរ៉ុប​ចំនួន​៤៥​ប្រទេស (​អាស៊ី​១៨ និង​អឺរ៉ុប​២៧) ព្រមទាំង​មាន​វត្តមាន​មន្ត្រីជាន់ខ្ពស់​របស់​លេខាធិការដ្ឋាន សហគមន៍​អឺរ៉ុប (European Commission)​និង​អង្គការ​គយ​ពិភពលោក (WCO)​ចូលរួម​ផង​ដែរ​សរុប​ប្រមាណ ១៤០​រូប​។ ជា​លទ្ធផល អង្គប្រជុំ​បាន​ពិភាក្សា​និង​អនុម័ត​លើ​ការងារ​សំខាន់​ៗ​មួយ​ចំនួន​រួម​មាន​ ៖

១) វឌ្ឍនភាព​ការងារ​នៃ​ការ​អនុវត្ត​ផែនការ​ឆ្នាំ​២០១៦-២០១៧ របស់​ក្រុមការងារ​សម្របសម្រួល​គយ​អាស៊ី​-​អឺរ៉ុប សម្រេច​បាន​កន្លង​មក​ ស្រប​តាម​កញ្ចប់​ការងារ​អាទិភាព​ទាំង​ប្រាំ ដែល​បាន​អនុម័ត​កាលពី​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ ឆ្នាំ​២០១៥ នៅ​ក្រុង​ហ្គ​រ័ ប្រទេស​ឥណ្ឌា មាន​ដូច​ជា​៖

i)​ កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​សន្តិសុខ​ចង្វាក់​ផ្គត់ផ្គង់
ii)​ ការ​ប្រយុទ្ធ​ប្រឆាំង​ទំនិញ​ក្លែងក្លាយ​និង​បទល្មើស​កម្ម​សិទ្ធ​បញ្ញា
iii)​កិច្ច​ការពារ​សង្គម​និង​បរិស្ថាន
iv)​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន និង
v)​ការ​ពង្រឹង​ទំនាក់ទំនង​ការងារ​ និង​យន្តការ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​ក្រប​ខណ្ឌ​អាស៊ី​ និង​អឺរ៉ុប​។

២) បញ្ចប់​សកម្មភាព​ការងារ​ចំនួន​០៤ នៃ​ផែនការ​ឆ្នាំ​២០១៦-២០១៧​ដូច​ជា​៖
i)​ប្រតិបត្តិ​ករ​សេដ្ឋកិច្ច​មានការ​អនុញ្ញាត​(AEO)
ii)​សុវត្ថិភាព​ផលិតផល
iii)​កំណត់​ត្រា​បញ្ជី​ឈ្មោះ​អ្នកដំណើរ និង
iv)​ការ​ចងក្រង​សៀវភៅ​មគ្គុទេសក៍​ និង​ប្រព័ន្ធ​ស្ថិតិ​ពាក់ព័ន្ធ​នឹង​ទំនិញ​ជាប់​កម្ម​សិទ្ធ​បញ្ញា​។

៣) បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ចាស់​ដែល​មិន​ទាន់​បាន​បញ្ចប់​និង​ដាក់​បន្ថែម​នូវ​ផែនការ​សកម្មភាព​ថ្មី​ទៀត​សម្រាប់​ឆ្នាំ​២០១៨-២០១៩ ដែល​ជា​រួម​មាន​០៨ ៖
i)​កិច្ច​សម្រួល​ពាណិជ្ជកម្ម ​និង​នីតិវិធី​គយ
ii)​ការ​សម្របសម្រួល​ប្រតិបត្តិការ​គយ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម
iii)​ការ​គ្រប់គ្រង​ច្រក​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​ឆ្លងកាត់​ព្រំដែន​របស់​រដ្ឋបាល​គយ
iv)​កា​រត​ភ្ជាប់​និង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់
v)​បញ្ជរ​តែ​មួយ​សម្រាប់​ការ​បញ្ចេញ​ទំនិញ​បាន​រហ័ស ការ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង​ការ​ធ្វើ​បូ​រណកម្ម​នៃ​ការ​គ្រប់គ្រង​ហានិភ័យ
vi)​ការ​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការ​ពិនិត្យ​លើ​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ជា​៖ ផលិតផល​គ្រឿងសម្អាង គ្រឿងក្រអូប ផលិតផល​អនាម័យ ផលិតផល​សម្អាតផ្ទះ​សម្បែង ចំណីអាហារ និង​គ្រឿង​ភេសជ្ជ​សុខភាព
vii)​ការ​ពង្រឹង​អនុលោម​ភាព​លើ​កញ្ចប់​ប្រៃសណីយ៍​នៅ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​
viii)​ការ​ជំរុញ​យន្តការ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​ពាក់ព័ន្ធ​នឹង​អាស៊ី​និង​អឺរ៉ុប​។

៤)​បន្ត​ពង្រឹង​ការ​អនុវត្ត​កញ្ចប់​ការងារ​អាទិភាព​ទាំង​០៥ ដូច​កិច្ចប្រជុំ​អគ្គនាយក​គយ​មុន​ៗ​ដដែល​។

៥)​រដ្ឋបាល​គយ​អាស៊ី​-​អឺរ៉ុប​ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​នូវ​តួនាទី​របស់​ខ្លួន ជា​ពិសេស​ការ​ផ្តល់​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ដល់​ធុរជន​ល្អ​បំផុត និង​ធានា​បាន​នូវ​កិច្ច​ការពារ​សង្គម​និង​បរិស្ថាន​បាន​ល្អ​ប្រសើរ​។

ក្នុង​កិច្ចប្រជុំ​នេះ គណៈប្រតិភូ​គយ​កម្ពុជា​និង​រដ្ឋបាល​គយ​ឆេ​ក​ដែល​ជា​ប្រទេស​សម្របសម្រួល​ផែនការ​សកម្មភាព​ទី​៤ ស្តី​ពី​ «​សុវត្ថិភាព​ផលិតផល​» ​បាន​ធ្វើ​បទឧទ្ទេសនាម​រួម​គ្នា​បង្ហាញ​អំពី​លទ្ធផល​សម្រេច​បាន ហើយ​ដែល​ផែនការ​នេះ​ទើបនឹង​ត្រូវ​បាន​បញ្ចប់​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ គណៈប្រតិភូ​គយ​កម្ពុជា​ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយនឹង​គណៈប្រតិភូ​គយ​ជប៉ុន​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​មាន​ដូច​ជា ការ​រៀបចំ​គម្រោង​ផ្តល់​ជំនួយ​របស់​ជប៉ុន​ផ្តល់​ជូន​រដ្ឋបាល​គយ​កម្ពុជា​រួម​មាន​៖

i)​ការ​អភិវឌ្ឍ​និង​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ
ii)​ការ​ផ្តល់​នាវា​ល្បាត​សមុទ្រ​ចំនួន​ពីរ​គ្រឿង
iii)​ការ​ត្រៀម​អនុវត្ត​ការ​សិក្សា​លើក​ទី​២ អំពី​រយៈពេល​ក្នុង​ការ​បញ្ចេញ​ទំនិញ​ពី​គយ (Time Release Study) និង
iv)​ការ​រៀបចំសេចក្តី​ព្រាង​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋបាល​គយ​ទាំង​ពីរ ជា​ពិសេស​ការ​ពង្រឹងសមត្ថភាព​ចំណេះដឹង​និង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់​មន្ត្រី​គយ​កម្ពុជា​។

អង្គប្រជុំ​បាន​បញ្ចប់​ក្រោម​បរិយាកាស​រីករាយ​និង​ស្និទ្ធស្នាល និង​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិការ​ល្អ​កន្លង​មករ​វាង​រដ្ឋបាល​គយ​ទាំង​ពីរ​តំបន់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ដោយ​គិត​ផលប្រយោជន៍​រួម​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​បាន​ឯកភាព​ចេញ​សេចក្តី​ប្រកាស​ប៊ែ​ក​ឡាំង (Berlin Declaration)​នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧​។