ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​ និង​ពន្លឿន​​ដំណើរ​ការ​សាងសង់​មន្ទីរ​ពេទ្យ​ជាតិ តេជោសន្ដិភាព ជាពិសេស​អគារសម្រាប់វះកាត់ និងព្យាបាលជំងឺកីឡាករ​កីឡាការិនី ដែលរងរបួស ក្នុងព្រឹត្តិការណ៍​កីឡាស៊ីហ្គេម ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ បានជំរុញអោយក្រុមហ៊ុន ដែលទទួល​ម៉ៅការ​សាងសង់​មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ពន្លឿនការសាងសង់ អោយបានលឿន ពោលគឺធ្វើយ៉ាងណា អោយរួចរាល់…

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ បានជំរុញអោយក្រុមហ៊ុន ដែលទទួល​ម៉ៅការ​សាងសង់​មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ពន្លឿនការសាងសង់ អោយបានលឿន ពោលគឺធ្វើយ៉ាងណា អោយរួចរាល់ ទៅតាមផែនការ ដែលបានគ្រោងទុក។

ការជំរុញបែបនេះ បានធ្វើឡើង នារសៀលថ្ងៃទី០៦ មេសា ឆ្នាំ២០២៣ នេះ ខណៈដែល​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល​រាជធានីភ្នំពេញ ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​មន្ទីរពេទ្យជាតិ តេជោសន្ដិភាព​ ជាថ្មីម្តងទៀត ដើម្បីជំរុញការសាងសង់មន្ទីរពេទ្យនេះ ឲ្យបានលឿន ទៅតាមអ្វី ដែលបានគ្រោងទុក ពិសេសចំពោះកិច្ចការ ដែលនៅសេសសល់មួយចំនួន។

ក្រៅពីការដើរពិនិត្យដោយផ្ទាល់ហើយនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក អភិបាលរាជធានីភ្នំពេញ ក៏បានបើកកិច្ចប្រជុំ នៅក្នុងទីតាំងនៃមន្ទីរពេទ្យនេះផងដែរ ដើម្បីរិះរកគ្រប់វិធីសាស្ត្រ ធ្វើយ៉ាងណា អោយសំណង់ដ៏សំខាន់មួយនេះ បានរួចរាល់ ទៅតាមគម្រោងដែលគ្រោងទុក ពិសេសអគារ H3 ដែលជាអគារ សម្រាប់វះកាត់ និងព្យាបាលជំងឺ​កីឡាករ កីឡាការិនី ដែលរងរបួស ក្នុងព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម លើកទី​៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ​២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន គឺធ្វើយ៉ាងណា ឲ្យក្រសួងសុខាភិបាលរៀបចំបន្ទប់វះកាត់ និងព្យាបាលជំងឺ H3នេះ អោយបានរួចរាល់ នៅមុន​ការប្រកួតកីឡា ស៊ីហ្គេម លើកទី​៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ខាងមុខនេះ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព​ នៅទំនប់កប់ស្រូវ ឬមហាវិថីឈ្នះឈ្នះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលី តាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី​។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មាន​អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាក​ព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ H1 ដល់ H7 ទាំងអស់ មាន ១ម៉ឺនគ្រែ ​និងអគារបច្ចេកទេស (T)។ មណ្ឌលនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងពត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S)​។

សម្រាប់អគារ​ A, S, E, H1, H2, H3, H4, H5, H6, H7, T1,T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេស​អគារ T1,T2​។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។

មន្ទីរពេទ្យជាតិ​តេជោសន្ដិភាព​ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេ នៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងកំពង់ស្ពឺ ជាព្រំប្រទល់ជាប់រាជធានីភ្នំពេញ។

ក្នុងករណី ដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ មន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដា​។

អគារសម្រាប់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ​ត្រូវសាងសង់ឲ្យបានរួចរាល់ ក្នុងរយៈ​ពេល ១ឆ្នាំ ដើម្បីបំពេញតំរូវការចាំបាច់ ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ការចាប់ផ្តើមដំណើរការ​សាងសង់មន្ទីរពេទ្យជាតិ​តេជោសន្ដិភាព​ ពិតជាបានបង្ហាញឲ្យឃើញពី​ការគិតគូរបស់អាជ្ញាធរ​រាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់សេវាសុខាភិបាល​ជូន​ប្រជាពលរដ្ឋ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ