ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមជើងខ្លាំង​ ៥នាក់ ត្រូវបានប៉ូលិស ចាប់វ៉ៃខ្នោះ ក្រោយចូលឆក់កាបូប ដល់ក្នុងរោងបុណ្យ ពេលទៀបភ្លឺ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ​៖ ក្រុមយុវជន ដែលជាជើងខ្លាំងខាងជិះម៉ូតូ ឆក់ចំនួន​ ៥នាក់ ក្នុងចំណោម ៦នាក់ ត្រូវបាន​សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការ​ជា​មួយ​កម្លាំង​អធិការក្រុង​បូក​គោ ខេត្តកំពត…

ខេត្តព្រះសីហនុ​៖ ក្រុមយុវជន ដែលជាជើងខ្លាំងខាងជិះម៉ូតូ ឆក់ចំនួន​ ៥នាក់ ក្នុងចំណោម ៦នាក់ ត្រូវបាន​សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការ​ជា​មួយ​កម្លាំង​អធិការក្រុង​បូក​គោ ខេត្តកំពត ​ឃាត់ខ្លួន​ យកមកកាន់អធិការនគរបាលស្រុកព្រៃនប់ បន្ទាប់ពីជនសង្ស័យ​ទាំង ៥នាក់ និងបក្សពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ កំពុងដេកអង្រឹង ក្នុងពិធីបុណ្យមួយ។ ហេតុការណ៍នេះ បានកើតមានឡើង កាលពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ​៤ទៀបភ្លឺ នៅផ្ទះបុណ្យ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា ករណីឆក់នេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ​ ០៥នាក់ ដោយម្នាក់ បានរត់គេចខ្លួន។ ជនសង្ស័យទាំង ៥នាក់នោះ រួមមាន៖ ១.ឈ្មោះ នូ លីកៀន ភេទ​ប្រុស អាយុ ១៤ឆ្នាំ មុខរបរ​មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហ​នុ​(ជនដៃដល់)។ ២.ឈ្មោះ សាន សុខស៊ី ភេទ​ប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុង​ភូមិ​៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហ​នុ(បក្ខពួក​)។​ ៣.ឈ្មោះ អេង បុត្រា ភេទ​ប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិ​៣ ទំនប់រលក សង្កាត់១ ក្រុង-​ខេត្តព្រះសីហ​នុ(បក្ខពួក)។ ៤.ឈ្មោះ មឿន សូ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិត​ប្រាកដ​ មានទីលំនៅភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសី​ហនុ(បក្ខពួក​)។​ ៥,ឈ្មោះ ភន រតនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិត​ប្រាកដ មានទីលំនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហ​នុ(បក្ខពួក)។​ ៦.ឈ្មោះ ឡន ឆៀកលី​ ភេទ​ប្រុស​ អាយុ ១៧ឆ្នាំ មុខរបរមិនពិត​ប្រាកដ មានទីលំនៅភូមិទំនប់រលក​ សង្កាត់​១​ ក្រុង-​ខេត្តព្រះសីហនុ(គេចខ្លួនបាត់)។​

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យ​ទាំង ៥នាក់នេះ បានធ្វើសកម្មភាព ចូលក្នុងរោងពិធីបុណ្យ ហើយ​ឆក់យកកាបូបរបស់ជនរងគ្រោះ ឈ្មោះ មិន ឌី ភេទស្រី អាយុ ៥៣ឆ្មាំ មុខ​របរមេផ្ទះ មានទី​លំនៅ នៅ​ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹង​ហាវ ខេត្តព្រះសីហនុ​ ខណៈពេលជនរងគ្រោះ កំពុង​ដេក នៅមុខរោងបុណ្យមុខផ្ទះបង​ប្អូន។​   

លោកអធិការបានបន្តថា   សម្ភារៈបាត់បង់ រួមមាន៖​ កាបូបដៃពណ៌ខ្មៅ ចំនួន ០១ ​ក្នុងនោះ មាន៖ ​ប្រាក់ដុល្លារចំនួន ១៥០០ដុល្លារ (មួយពាន់ប្រាំរយដុល្លារគត់)។ ប្រាក់រៀល ចំនួន ៣៣០០០​០០៛ (បីលានសាមសិបម៉ឺន​រៀលគត់)។ ចិញ្ជៀនត្រា ចំនួន ០១វង់ (ទម្ងន់ ០២ជី)។ ទូរសព្ទ ម៉ាកអូប៉ូ ចំនួន ០១​គ្រឿង ពណ៌ខៀវ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជន​សង្ស័យខាងលើ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួន ទិសដៅទៅខេត្តកំពត ហើយក៏ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានស្រុកព្រៃនប់ សហការ​ជាមួយកម្លាំងនគរបាលអធិការក្រុងបូកគោ ឃាត់ជន​សង្ស័យខាងលើ នៅចំណុចផ្លូវជាតិលេខ​៣ ចន្លោះបង្គោលគីឡូ​ម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។

ក្រោយពីបានសាកសួររួច ឈ្មោះ នូ លីកៀន បានសារ​ភាពថា​ ខ្លួនពិតជាបានធ្វើសកម្ម​ភាព​ចូល​ទៅ​ក្នុងរោង​បុណ្យ ហើយបានឆក់យកកាបូបរបស់ជនរងគ្រោះ ឈ្មោះ ​មិន ឌី ដែល​កំពុងដេក ក្នុងរោងបុណ្យពិតប្រាកដមែន។                                    

វត្ថុតាង ដែលប៉ូលិស ចាប់យក រួមមាន៖​ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌​ខ្មៅ ស៊េរីឆ្នាំ២០២២ ផ្លាកលេខ ព្រះសីហនុ 1K-9120 ចំនួន ០១គ្រឿង។ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌​ក្រហម ស៊េរីឆ្នាំ២០២១ ផ្លាកលេខ​ ព្រះសីហនុ 1F-9472 ចំនួន ០១គ្រឿង។ ទូរស័ព្ទម៉ាកអាយហ្វូន ១១ប្រូ ពណ៌ប្រផេះ ចំនួន ០១​គ្រឿង​ ទូរស័ព្ទម៉ាកអាយហ៊្វូនអ៊ិចភ្លើស ពណ៌ទឹកមាស ចំនួន ០១​គ្រឿង។ ទូរស័ព្ទ​ម៉ាកអាយហ៊្វូន ១១ ពណ៌ស ចំនួន ០១គ្រឿង។ ទូរស័ព្ទម៉ាកអាយហ៊្វូនអ៊ិចភ្លើស ពណ៌ខ្មៅ ចំនួន ០១គ្រឿង​ ទូរស័ព្ទម៉ាកអាយហ៊្វូន៧ ពណ៌​ខ្មៅ ចំនួន ០១គ្រឿង។

ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្តុតាងខាងលើ ត្រូវបានប៉ូលិស ឃាត់ខ្លួន និងដកហូត នៅអធិការ​ដ្ឋាន​នគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿង ចាត់ការ​តាមនីតិវិធី៕ ហ៊ុយ ចាន់ធួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ