ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ទើបត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ កាលពី​ពេល​ថ្មី​ៗ​នៅ​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ទើបត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ កាលពី​ពេល​ថ្មី​ៗ​នៅ​ពេល​នេះ សម្តេច ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​លិខិត​ចាត់តាំង​លោក ហ៊ុន ម៉ា​ណែ​ត ធ្វើ​ជា​បេក្ខជន​លំដាប់​លេខ​រៀង​ទី​១ ក្នុង​ចំណោម​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ មណ្ឌល​រាជធានី​ភ្នំពេញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ចំនួន​ពេញ​សិទ្ធិ​សរុប​១២​រូប ។

ជាមួយ​គ្នា​នោះ កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០២៣ សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ចេញ​លិខិត​សម្រេចសម្រួល​ភារកិច្ច​លោក ហ៊ុន ម៉ា​ណែ​ត ពី​អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ខេត្តកំពង់ចាម និង​ពី​អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ មក​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។

លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ត្រូវ​បាន​តែងតាំង​រួច​មក​ហើយ​ជា​អនាគត​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​បន្តវេន​ពី​សម្តេច ហ៊ុន សែន ជា​ឪពុក​។

ការ​ចាត់ចែង​ដាក់​លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​អ្នកតំណាង​រាស្ត្រ នា​ពេល​នេះ​ត្រូវ​បាន​អ្នក​តាមដាន​សង្គម​នយោបាយ​កម្ពុជា មើលឃើញ​ថា គឺជា​ការ​បោះ​មួយ​ជំហាន​ទៀត ដើម្បី​ជ្រើសតាំង​លោក ហ៊ុន ម៉ា​ណែ​ត ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ជំនួស​សម្តេច ហ៊ុន សែន ព្រោះ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​បាន​កំណត់​ថា នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ជ្រើស​ចេញពី​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ក្នុង​គណបក្ស ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា​។

ប៉ុន្តែ​នៅ​ពេល​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​នេះ តាម​ច្បាប់​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​លាលែង​តំណែង​ពី​ជួរ​កងទ័ព ដូច​អ្វី​ដែល​ក្រុម​មេទ័ព​ៗ​បាន​ធ្វើ​នៅ​ក្នុង​ការ​បោះ​ឆ្នោត កាលពី​ឆ្នាំ​២០១៨​កន្លង​មក ។ លោកនាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បច្ចុប្បន្ន គឺជា​អគ្គ​មេ បញ្ជាការ​រង​កង​យោធពល​ខេ​ម​ភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ដែល​សព្វថ្ងៃ​លោក ហ៊ុន ម៉ា​ណែ​ត បាន​គ្រប់គ្រង​លើ​កងទ័ព តាម​កងពល​នានា​នៅ​ទូ​ទាំង​ប្រទេស​។

យ៉ាងណា​ក៏​ដោយ ក្រៅពី​ការ​សម្រេច​ចាត់តាំង​លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​លំដាប់​លេខ​រៀង​ទី​១ ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ គឺ​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៣ សម្តេច ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ចេញ​លិខិត​សម្រេច ចាត់ តាំង​បេក្ខជន​ឈរឈ្មោះ​តំណាងរាស្ត្រ ទាំង​ពេញ​សិទ្ធិ និង​ទាំង​បេក្ខជន​បម្រុង របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌលបោះឆ្នោត នៅ​តាម​បណ្តា​ខេត្ត​រាជធានី នៅ​ទូ​ទាំង​ប្រទេស​រួចរាល់​ហើយ​។ ក្នុង​នោះ​សម្តេច​ហ៊ុន​សែន​ផ្ទាល់​បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​លំដាប់​លេខ​រៀង​ទី​១ នៅ​មណ្ឌលបោះឆ្នោត​ខេត្តកណ្តាល ដែល​សម្តេច​បាន​ឈរឈ្មោះ​ច្រើន​អាណត្តិ​មក​ហើយ ។

គេ​រំពឹង​ថា សម្តេច ហ៊ុន សែន នឹង​ផ្ទេរអំណាច​ជា​នាយក​រដ្ឋមន្ត្រី​ទៅ​កូន ឆាប់​ៗ​នេះ ។ ពោល គឺ​លោក ហ៊ុន ម៉ា​ណែ​ត នឹង​ឡើង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បន្តវេន​នៅ​ក្រោយ​ការ​បោះ​ឆ្នោតជាតិ នា​ខែកក្កដា ឆ្នាំ​២០២៣ ឬ​ក៏​យ៉ាង​យូរ​នៅ​ពាក់កណ្តាល​អាណត្តិ​នៃ​រដ្ឋសភា​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​នា​ខែកក្កដា ឆ្នាំ​២០២៣​នេះ តាម​រយៈ​ការ​សម្រេច​របស់​សម្តេច ហ៊ុន សែន ប្រកាស​លាលែង​តំណែង​ពី​នាយក​រដ្ឋមន្ត្រី​ព្រោះថា កាលពី​ពេល​ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​បាន​កែ​ច្បាប់រដ្ឋធម្មនុញ្ញ​រួច​អស់ហើយ ដើម្បី​បើកផ្លូវ​ឱ្យ​មានការ​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត ជា​ក្រុម​យុវជន​ឈាម​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើង​កាន់​តំណែង​បន្ត ។

រីឯ​គណបក្សប្រឆាំង ដែល​ជា​គូប្រជែង​នយោបាយ​វិញ និង​ជា​អ្នកនយោបាយ​ប្រឆាំង​ជំនាន់​សម្តេច ហ៊ុន សែន ដូច​ជា លោក​សមរ​ង្ស៊ី និង​លោក កឹ​ម​សុខា ជាដើម គឺ​មិន​អាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​នោះ​ទេ ពិសេស​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​នា​ខែកក្កដា ឆ្នាំ​២០២៣ និង​បន្ត​ទៅ​អាណត្តិ​ក្រោយ​ៗ​ទៀត​។

ដូច្នេះ​អ្នក​តាមដាន​សង្គម​នយោបាយ​កម្ពុជា មើលឃើញ​ថា ការ​ប្រជែង​អំណាច​ណាមួយ​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន និយាយ​ដោយឡែក និង​និយាយ​ជា​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ពី​សំណាក់​បក្ស​ប្រឆាំង​ហាក់ដូចជា មិន​មាន​ប្រសិទ្ធភាព​ឡើយ​។

ដូច្នេះ​តាម​ការ​សង្កេត​មើលទៅ​រហូត​មក​ទល់​ពេល​នេះ​ដំណើរ​ផ្លូវ​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ដើម្បី​ក្លាយជា​នាយក​រដ្ឋមន្ត្រី​បន្តវេន​បាន​កាន់តែ​មាន​ភាព​ច្បាស់លាស់​ទៅ​ៗ​ហើយ ។ នៅ​ពេល​លោក ហ៊ុន ម៉ា​ណែ​ត​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នោះ គណរដ្ឋមន្ត្រី​ក៏​ត្រូវ​គេ​ដឹង​ថា​នឹង​សម្បូរ​ដោយ​មនុស្ស​ជំនាន់​ថ្មី​។ ដូច្នេះ​វា​ជា​កត្តា​ដ៏​ចាំបាច់​ដែល​ថា មនុស្ស​ជំនាន់ ថ្មី​នឹង​សាមគ្គីភាព​គ្នា​យ៉ាង​រឹង​មាំ​ដូច​ជំនាន់​សម្តេច​តេ​ជោ ដើម្បី​កម្ពុ​ជាមួយ​ដែល​មាន​ស្ថិរភាព​នយោបាយ សន្តិភាព និង​ភាព​រុងរឿង​តទៅ​មុខ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ