រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី៥ ដល់ទី១១ ខែមេសា ឆ្នាំ២០២៣នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យមលាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ – ១១ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹកបានឲ្យដឹងថា អំឡុងមួយសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល ។

ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ អង្សាសេ។ អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅតិចលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែក នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី៣២-៣៤ អង្សាសេ។ អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងបានលើកឡើងថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលធាតុអាកាសដែលអាចកើតមានឡើងជាយថាហេតុ៕


ចែករំលែកព័តមាននេះ