ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឡើងថ្លៃ ក្រោយ​បណ្តា​ប្រទេស​យក្ស​ផលិត​ប្រេង​កំពុង​កាត់​បន្ថយ​ផលិតកម្ម

1 ឆ្នាំ មុន

បរទេស ៖ តម្លៃ​ប្រេង​បាន​ឡើងថ្លៃ បន្ទាប់​ពី​ក្រុមហ៊ុននាំចេញ​ប្រេង​ធំ​ជាងគេ​ក្នុង​ពិភពលោក​មួយ​

បរទេស ៖ តម្លៃ​ប្រេង​បាន​ឡើងថ្លៃ បន្ទាប់​ពី​ក្រុមហ៊ុននាំចេញ​ប្រេង​ធំ​ជាងគេ​ក្នុង​ពិភពលោក​មួយ​ចំនួន បាន​ប្រកាស​អំពី​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាទី​បំផុត​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC បាន​ចេញផ្សាយ​នៅ​ថ្ងៃ​០៣ ខែមេសា ឆ្នាំ​២០២៣​។

តម្លៃ​ប្រេង​ឆៅ Brent បាន​កើនឡើង​ជាង​៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល ឬ ៧% ដែល​លើស​ពី​៨៥​ដុល្លារ​នៅ​ពេល​ការ​ជួញដូរ​បាន​ចាប់ផ្តើម​។ ការ​កើនឡើង​តម្លៃ​នេះ​កើតឡើង បន្ទាប់​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត អ៊ី​រ៉ា​ក់ និង​រដ្ឋ​ឈូង​សមុទ្រ​ជា​ច្រើន​បាន​ប្រកាស​កាលពី​ថ្ងៃ​ទៅ​០២ ខែមេសា ឆ្នាំ​២០២៣ ថា​ពួក​គេ​បាន​កាត់​បន្ថយ​ទិន្នផល​ប្រេង​ជាង​មួយ​លាន​បារ៉ែល​នៅ​ក្នុង​មួយ​ថ្ងៃ​។

តម្លៃ​ប្រេង​បាន​ឡើងថ្លៃ​នៅ​ពេល​រុ​ស្ស៊ី​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ឥឡូវ​បាន​ត្រឡប់​មក​វិញ នៅ​ក្នុង​កម្រិត​ដែល​គេ​មើលឃើញ​មុន​ពេល​ជម្លោះ​ចាប់ផ្តើម​។ ទោះជា​យ៉ាងណា​ក៏​ដោយ សហរដ្ឋអាមេរិក​បាន​នឹង​កំពុង​អំពាវនាវ​ឱ្យ​អ្នក​ផលិត​បង្កើន​ទិន្នផល​របស់​ខ្លួន ដើម្បី​ជំរុញ​ឱ្យ​តម្លៃ​ថាមពល​ធ្លាក់​ចុះ ខណៈ​តម្លៃ​ថាមពល និង​ឥន្ធនៈ​ខ្ពស់​កាលពី​ឆ្នាំ​មុន បាន​ជួយ​ជំរុញ​អតិផរណា ការ​ចំណាយ​កើនឡើង ដែល​បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​លើ​ផ្នែក​ហិរញ្ញវត្ថុ​លើ​គ្រួសារ​ជា​ច្រើន​។

ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​នៃ​ការ​កាត់​ផ្តាច់​ចុង​ក្រោយ​នេះ អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​កបាន​និយាយ​ថា «​យើង​មិន​គិត​ថា ការ​កាត់​បន្ថយ​ត្រូវ​បាន​ណែនាំ​នៅ​ពេល​នេះ​ទេ ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​ទីផ្សារ ហើយ​យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​រឿង​នេះ​»​។

ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​នៃ​ប្រទេស​ផលិត​ប្រេង OPEC+ ដែល​ក្រុម​នេះ​មាន​ប្រហែល ៤០% នៃ​ទិន្នផល​ប្រេង​ឆៅ​ទាំងអស់​របស់​ពិភពលោក​។ អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​កាត់​បន្ថយ​ទិន្នផល​ប្រេង ៥០​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ និង​អ៊ី​រ៉ា​ក់ ២១១,០០០​បារ៉ែល ចំណែក​អេ​មី​រ៉ាត​អា​រ៉ាប់​រួម គុយ​វ៉ែត អាល់​ហ្សេ​រី និង​អូ​ម៉​ង់ ក៏​កំពុង​កាត់​បន្ថយ​ផង​ដែរ​។

ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​រាយការណ៍​ថា មន្ត្រី​ក្រសួង​ថាមពល​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បញ្ជាក់​ថា វិធានការ​នេះ គឺជា​វិធានការ​ដ៏​ប្រុង​ប្រយ័ត្ន សំដៅ​ជួយ​ដល់​ស្ថិរភាព​នៃ​ទីផ្សារ​ប្រេង​។

លោក Nathan Piper អ្នកវិភាគ​ប្រេង​ឯករាជ្យ​បាន​ប្រាប់ BBC ថា ការ​ផ្លាស់​ប្តូរ​របស់​សមាជិក OPEC+ ហាក់ដូចជា​ការ​ប៉ុនប៉ង​ដើម្បី​រក្សា​តម្លៃ​ប្រេង​​លើស​ពី​៨០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដោយសារ​តម្រូវការ​អាច​រង​ផល​ប៉ះពាល់​ដោយ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក ហើយ​ការ​ដាក់​ទណ្ឌកម្ម​ក៏​ជា​ផល​ប៉ះពាល់​មាន​កម្រិត​លើ​ការ​រឹត​បន្តឹង​ការ​ផ្គត់ផ្គង់​ប្រេង​របស់​រុ​ស្ស៊ី​ផង​ដែរ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ