ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​សមុទ្រ​ខ្មែរ​ថ្ងូរ​ដូច​ព្រាប​…នាំ​គ្នា​ឡើង​គោក ព្រោះ​ទូក​នេសាទ​វៀតណាម​រាត​ត្បាត​ពេញ​​សមុទ្រ​កោះកុង

2 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​កាលពីដើម​ខែមីនា ឆ្នាំ​២០២៣ អំពី​ករណី​មេ​ខ្យល់​វៀតណាម​២​នាក់​ប្តី​ប្រពន្ធ​នាំ​ទូក​នេសាទ​វៀតណាម​រាប់រយ​គ្រឿង​ចូល​មក​នេសាទ​ក្នុង​សមុទ្រ​កម្ពុជា ជា​ពិសេស ក្នុង​ដែនសមុទ្រ​ខេត្តកោះកុង ជា​ថ្នូរ​នឹង​ការ​បង់ប្រាក់​ប្រចាំខែ ជូន​សមត្ថ​កិច្ច​ទាំង​៣​ស្ថាប័ន គឺ​សមត្ថកិច្ច​ជលផល​សមុទ្រ…

ខេត្តកោះកុង ៖ បន្ទាប់​ពី​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​កាលពីដើម​ខែមីនា ឆ្នាំ​២០២៣ អំពី​ករណី​មេ​ខ្យល់​វៀតណាម​២​នាក់​ប្តី​ប្រពន្ធ​នាំ​ទូក​នេសាទ​វៀតណាម​រាប់រយ​គ្រឿង​ចូល​មក​នេសាទ​ក្នុង​សមុទ្រ​កម្ពុជា ជា​ពិសេស ក្នុង​ដែនសមុទ្រ​ខេត្តកោះកុង ជា​ថ្នូរ​នឹង​ការ​បង់ប្រាក់​ប្រចាំខែ ជូន​សមត្ថ​កិច្ច​ទាំង​៣​ស្ថាប័ន គឺ​សមត្ថកិច្ច​ជលផល​សមុទ្រ សមត្ថកិច្ចប៉ូលិស​ជើង​ទឹក និង​សមត្ថកិច្ច​ទាហានជើងទឹក ចន្លោះ​ចាប់ពី​1000$​ឡើង​ទៅ ក្នុង​ទូក​មួយ​គ្រឿង​អស់​រយៈពេល​យូរ​ឆ្នាំ​កន្លង​មក​ហើយ​នោះ គេ​សង្កេត​​ឃើញ​ក្រសួងមហាផ្ទៃ ក៏​បាន​មាន​ចំណាត់ការ​ជា​បន្ទាន់​ភ្លាម​ៗ​ដែរ ដើម្បី​បើក​ការ​ស្រាវជ្រាវ​ករណី​ល្មើសច្បាប់​ខាងលើ ។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ អស់​រយៈពេល​ពេញ​មួយ​ខែ​ហើយ ចំណាត់ការ​ទប់ស្កាត់​បទល្មើស​នេសាទ​សមុទ្រ​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហាក់ដូចជា​គ្មាន​ប្រសិទ្ធិ​ភាព​នៅ​ឡើយ ។ ផ្ទុយ​ទៅ​វិញ មេខ្យល់​ជនជាតិ​វៀតណាម​២​នាក់​ប្តី​ប្រពន្ធ ដែល​មក​ស្នាក់​នៅ​អចិន្ត្រៃយ៍​ខុសច្បាប់​ក្នុង​ទឹកដី​ខេត្តកោះកុង​ខាងលើ កាន់តែ​ផ្គើន​ឡើង​ថែម​ទៀត ហើយ​សំរុក​នាំ​ទូក​នេសាទ​យួន​ចូល​កាន់តែ​ច្រើន រួច​បង់លុយ​ជា​ថ្នូរ​នឹង​ការ​ធ្វើ​នេសាទ​ខុសច្បាប់ អោយ​សមត្ថកិច្ច​ខ្មែរ​ទាំង​៣​ស្ថាប័ន​គ្មាន​ញញើត​ឡើយ ។

ករណី​នេះ ធ្វើ​អោយ​ប្រជា​នេសាទ​ខ្មែរ​ត្អូញត្អែរ​ប្រាប់​កោះសន្តិភាព​ថា មិន​អាច​ចេញ​ទៅ​នេសាទ​បាន​ដូច​ពេល​មុន​ៗ និង​ជីវភាព​កាន់តែ​ដុនដាប​ទៅ​ៗ ព្រោះតែ​រក​ប្រាក់​បង់​អោយ​ធនាគារ​លែង
​បាន ។

មន្ត្រី​អាជ្ញាធរ​ស្រុក​គី​រី​សាគរ​ជា​ច្រើន​នាក់​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ទូក​ប្រជា​នេសាទ​ខ្មែរ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​រាប់​សិប​គ្រឿង ដោយ​ពុំ​ឃើញ​បាន​ផល​នេសាទ​មក​ជាមួយ​ឡើយ ។ ប្រជា​នេសាទ​ទាំងនោះ​បាន​លើក​ឡើង​ថា ពួក​យើង​នេសាទ​មិន​ឈ្នះ​ទូក​យួន​ទេ ព្រោះ​ឧបករណ៍​នេសាទ​យួន​ទំនើប ហើយ​លឿន​ជាង​ឧបករណ៍​ទូក​នេសាទ​ខ្មែរ ។ ម្យ៉ាងទៀត ទូក​នេសាទ​យួន​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ​ស្ទើរតែ​ពាសពេញ​លើ​ផ្ទៃសមុទ្រ ហេតុ​នេះ​មាន​តែ​សំរេចចិត្ត​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដេក​រង់ចាំ​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់ ក្រែង​រាជរដ្ឋាភិបាល​ថ្មី​អាច​ដេញ​ទូក​នេសាទ​យួន​ចេញ​វិញ​បាន​ខ្លះ ។

លោក ចេ​ង មុន្នី​រិ​ទ្ធ អភិបាលស្រុក​គី​រី​សាគរ​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ការ​ចូល​មក​ធ្វើ​នេសាទ​ក្នុង​ដែនសមុទ្រ​កម្ពុជា ពី​សំណាក់​ទូក​នេសាទ​បរទេស (​ទូក​យួន​) មិនមែន​ជា​សមត្ថ​កិច្ច​របស់​លោក​ឡើយ ។ លោក​មាន​សិទ្ធិ​ទទួលខុសត្រូវ តែ​ក្នុង​តំបន់​សហគមន៍​នេសាទ​ប៉ុណ្ណោះ ។ ទន្ទឹម​នេះ​ដែរ កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​ទូរស័ព្ទ​ទៅ​លោក​ពុំ សុ​ថា អគ្គនាយក​ជល​ផល​​សមុទ្រ​កម្ពុជា លោក​ឧត្តមនាវីទោ ឯក សំ​អាន បញ្ជាការ​រង​វរៈ​ការពារ​លំហ​សមុទ្រ ទទួល​បន្ទុក​​កិច្ចការ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​លោក​វរសេនីយ៍ឯក ស៊ិ​ន ដា​រ៉ូ មេបញ្ជាការ វរ​សេ​នា​តូច​លេខ​២៦៩ នគរបាល​ការពារ​ព្រំ​ដែនទឹក ប្រចាំ​ខេត្តកោះកុង ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​បើកដៃ​អោយ​ទូក​នេសាទ​យួន ចូល​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ តែ​ទូរស័ព្ទ​សុទ្ធតែ​មិន​អាច​ទំនាក់​ទាក់​ទំនង​បាន ។

គួរ​រំលឹក​ថា ដោយសារ​តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​៣​ស្ថាប័ន​ខាងលើ សង្ស័យ​នៅ​តែ​ជា​មន្ត្រី​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ធំ​ជាង​ប្រយោជន៍​បក្ស​ប្រយោជន៍​ជាតិ និង​ជា​ពិសេស​ជឿជាក់​ថា គុណវិបត្តិ​ដែល​ខ្លួន​បាន​ប្រព្រឹត្តិ​កន្លង​មកនេះ គ្មាន​អ្នក​ណា​ដឹង គ្មាន​អ្នក​ណា​មើលឃើញ ទើប​មិន​ព្រម​កែខ្លួន ធ្វើ​អោយ​ប្រជាជាតិ​ទាំងមូល​នៅ​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស​ជាប់​ក្នុង​បញ្ជីខ្មៅ ឬ​កាត​ក្រហម​ពី​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ចោទ​ថា ជា​ប្រទេស​ការ​ធ្វើ​នេសាទ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​និង​គ្មាន​របាយ​ការណ៍ ជាមួយនឹង​ដែនសមុទ្រ​អន្តរជាតិ ហើយ​ផល​នេសាទ​សមុទ្រ​កម្ពុជា ត្រូវ​បាន​បិទ​មិន​អោយ​ជន​ចូល​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ូប​ឡើយ ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ