រាជធានីភ្នំពេញ ៖ ការលើកទឹកចិត្តជាឱសថសំខាន់ និងមានអំណាចបំផុត ដើម្បីឱ្យមនុស្សសម្រេចគោលដៅ ពិសេសការសាងអំពើល្អនៅក្នុងសង្គម និងអោយពួកគេចាកចេញពីភាពហ្មងសៅទាំងឡាយក្នុងជីវិត។ លើកទឹកចិត្តអ្នកធ្វើអំពើល្អសង្គមនឹងសម្បូរមនុស្សល្អ ។ ដូច្នេះគួរនាំគ្នាលើកទឹកចិត្តអ្នកធ្វើអំពើល្អ អ្នកលះបង់ ដើម្បីសង្គម និងប្រទេសជាតិឱ្យបានច្រើន។

ភាពជាក់ស្តែងនៅក្នុងសង្គម ការរស់នៅជាទូទៅមានច្រើនតែឈ្លោះ ច្រណែន និងនិន្ទាគ្នា ។ មនុស្សមួយចំនួនមិនចង់ឱ្យគេល្អមានបាន និងខ្ពង់ខ្ពស់ជាងខ្លួននោះទេ ។ មនុស្សធ្វើអំពើល្អហាក់មានតិចទៅៗ។ មនុស្សហាក់ដូចជា អោយតម្លៃច្រើនទៅលើទ្រព្យសម្បត្តិ និងបុណ្យស័ក្តិ។ ចំណែកអ្នកគ្មានទ្រព្យ និងគ្មានបុណ្យស័ក្តិក្នុងសង្គមត្រូវបានគេមិនផ្តល់តម្លៃអោយ។ប៉ុន្តែ មានការសង្កេតឃើញថា ពេលមនុស្សម្នាក់ស្លា.ប់ទៅទើបគេឃើញមនុស្សដ៏ច្រើននៅក្នុងសង្គមបានលើកយកពីចំណុចល្អភក្តីភាព វីរៈភាព និងគុណធម៌របស់បុគ្គលនោះមករៀបរាប់មកសរសើរឱ្យតម្លៃទៅវិញ។

ការឱ្យតម្លៃចំពោះបុគ្គលស្លា.ប់ទៅហើយ គឺជារឿងល្អ ជាសីលធម៌ និងគុណធម៌របស់អ្នកនៅមានជីវិត ។ ប៉ុន្តែវាហាក់ដូចជា យឺតពេល ត្បិតអីអ្នកស្លា.ប់នោះមិនដឹងអ្វីទាំងអស់ ខណៈដែលរូបរាងកាយរបស់ពួកគេត្រូវព្រះអគ្គិឆាបឆេះនឹងបំផ្លាញអោយនៅសល់ធាតុបន្តិចបន្តួច។
ប្រសិនជាគេបានពោលពាក្សសរសើរ លើកទឹកចិត្តចំពោះមនុស្ស នៅពេលដែលគាត់នៅមានជីវិតមិនដឹងថា គាត់មានទឹកចិត្តខ្លាំងក្លាប៉ុនណានោះទេ នៅក្នុងការបំពេញការងារ ការសាងអំពើល្អសម្រាប់ខ្លួនគាត់ មនុស្សជុំវិញគាត់ និងជាពិសេសសម្រាប់សង្គមជាតិទាំងមូល។គេសង្កេតឃើញថា នៅពេលមានអ្នកណាម្នាក់ស្លា.ប់ភ្លាមនៅលើបណ្តាញសង្គមគេនឹងឃើញមានមនុស្សមិនតិចទេ បានរៀបរាប់ថា បុគ្គលនោះជាដៃគូការងារដ៏ល្អរបស់យើង ។

បុគ្គលនោះបានលះបង់ច្រើនណាស់ ដើម្បីគ្រួសារមួយនេះ ឬសង្គមមួយនេះ ។ គាត់មិនដែលគិតពីការលំបាករបស់ខ្លួនទេធ្វើយ៉ាងណាឱ្យតែមនុស្សជុំវិញ និងសង្គមបានសុខ ។ គាត់មិនដែលកំណាញ់នៅក្នុងការចែករំលែកគំនិតទស្សនៈល្អៗទៅអ្នកដទៃឡើយ ។ សូមឱ្យបុគ្គលនោះទៅឱ្យបានសុខ ឬថា RIP ជាដើម។

សង្គមជាបណ្តុំមនុស្សល្អ និងអាក្រក់ ។ ប៉ុន្តែយើងក៏សង្កេតឃើញថាសង្គមយើងហាក់ដូចជា មិនសូវលើកទឹកចិត្តមនុស្ស ដើម្បីអោយគាត់កាន់តែធ្វើអំពើល្អតាមរយៈការចែករំលែកចំណេះដឹង និងការងារធ្វើអោយសង្គមកាន់តែផូរផង់ ។ ទន្ទឹមនោះយើងក៏ខ្វះការការលើកទឹកចិត្ត ដល់មនុស្សដែលមានទុក្ខក្រីក្រ និងទន់ខ្សយោយ។

មនុស្សគួរមានទម្លាប់សរសើរគ្នាលើកទឹកចិត្តគ្នាទៅវិញទៅមកជួយគ្នាទៅវិញទៅមក និងនាំគ្នាប្រព្រឹត្ត និងលើកទឹកចិត្តដល់ការធ្វើអំពើល្អ និងការចេះជួយយកអាសារគ្នាអោយបានច្រើននៅពេលមនុស្សនៅមានជីវិត។គុណធម៌របស់បុគ្គលម្នាក់ៗជាសកម្មភាព និងជាគំរូនៅក្នុងសង្គម។ វាមានឥទ្ធិពលក្នុងការសាបព្រោះ ពីគុណតម្លៃមនុស្ស គឺការប្រកាន់ភ្ជាប់នូវគុណធម៌ពីខាងក្នុងមិនមែនសម្បកក្រៅនោះទេ ។

នៅពេលមានទម្លាប់ឱ្យតម្លៃលើគុណធម៌ និងអំពើល្អនៅក្នុងការរស់នៅនោះវានឹងក្លាយគំរូដល់មនុស្សដទៃទៀតឱ្យប្រតិបត្តិតែក្នុងអំពើជាកុសល។ការលើកតម្កើងអំពើល្អ សុចរិត សីលធម៌ របស់បុគ្គលម្នាក់ គឺជាកម្លាំងចលករជំរុញឱ្យសង្គមមានតែអំពើល្អ ។ គ្រប់គ្នាមានសីលធម៌នៅក្នុងការរស់នៅពេលនោះសង្គមជាតិនឹងមានសុខដុរមនាជាក់ជាមិនខានឡើយ៕
ចែករំលែកព័តមាននេះ