ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ឃាត់​ឡាន​ដឹក​ទំនិញ​លើស​ទម្ងន់​ដោយចាប់​ផាក​ពិន័យ​ជាង​​១០​​គ្រឿង​​

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុមការងារ​បច្ចេកទេស​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន សហការ​ជាមួយ​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង បាន​ចុះ​ឃាត់​រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១ ថ្លឹង​ពិនិត្យ​ទម្ងន់ រក​ឃើញ​រថយន្ត​ល្មើស​១២​គ្រឿង​ធ្វើការ​ផាកពិន័យ ។…


ខេត្តស្វាយរៀង ៖ ក្រុមការងារ​បច្ចេកទេស​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន សហការ​ជាមួយ​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង បាន​ចុះ​ឃាត់​រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១ ថ្លឹង​ពិនិត្យ​ទម្ងន់ រក​ឃើញ​រថយន្ត​ល្មើស​១២​គ្រឿង​ធ្វើការ​ផាកពិន័យ ។

ករណី​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ២០២៣ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ច្រមុះជ្រូក​រូប​គោ​២ ស្ថិត​នៅ​ភូមិ​ឃោ​សាង​សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​។ បើ​តាម​ក្រុម​អាជីវករ​ដឹកស្រូវ​ម្នាក់​បាន​លើក​ឡើង​ថា គាត់​ជា​អាជីវករ​អ្នក​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ ដឹក​តាម​រថយន្ត​មក​លក់​នៅ​ច្រក​ទ្វា​អន្តរជាតិ​ព្រៃ​វ​ល្ល៍​ស្រុក​កំពង់​រោ​ទ៌ ។

រថយន្ត​របស់​គាត់​គឺ​ប្រភេទ​វ៉េ​អង​ផ្ទុក​ទម្ងន់​៣៥​តោន ក៏​ប៉ុន្តែ​បើ​ខ្លួន​ដឹក​តាម​ទម្ងន់​កំណត់​គឺ​គ្មាន​ចំណេញ​ទេ ដោយ​បុរស​រូប​នេះ​លើក​ឡើង​ថា ស្រូវ​ទិញ​ពី​ប្រជាពលរដ្ឋ​ផ្ទាល់​ហើយ​ដឹក​មក​ដល់​កំពង់ទូក​លក់​ឲ្យ​វៀតណាម​គឺ​ក្នុង​១​គីឡូ ចំណេញ​បាន​៣០​រៀល គិត​ជា​លុយ​ខ្មែរ ដូច្នេះ​ចំណេញ​សរុប ១,០៥,០០០​រៀល ។

ហើយ​ទូទាត់​ការ​ចំណាយ សេវា សមត្ថកិច្ច​តាម​ដងផ្លូវ​ពី​ខេត្តកំពង់ធំ ដល់​ចំណតទូក​អស់ ២៥០,​០០០​រៀល ចំណាយ​ទៅ​លើ ប្រេងម៉ាស៊ូត ទៅ​មក​៩០​លី​ត្រ អស់​៤២០,០០០​រៀល (​ចំណាយ​សរុប​៦៧០,០០០​រៀល​) នៅ​សល់​ប្រាក់​ចំណេញ​សុទ្ធតែ​៣៨០,០០០​រៀល​ប៉ុណ្ណោះ ហើយ​កាត់​ចំណាយ​លើ អាហារ​ហូប​ចុក​៨០,០០០​រៀល​នៅ​សល់ ៣០០,០០០​រៀល​គត់ ប្រ​សិន​ថ្ងៃ​ណា​រថយន្ត​ខូច​រកតែ​ប្រាក់​បាយ​ទឹក​ក៏​គ្មាន​ដែរ ទើប​ដឹក​លើស​១០​តោន បាន​៣០០,០០០​រៀល ចំណេញ​បាន​៦០០,០០០​រៀល ទើប​ទប់​ការ​ចំណាយ​លើ​ប្តូរ​ប្រេងម៉ាស៊ីន​និង​ប្តូ​សំបក​រថយន្ត ។

ក៏​ប៉ុន្តែ​នូវ​ពេល​ណា សមត្ថកិច្ច​ក្រសួង​ចុះ​ដាក់​ជញ្ជីង​ចល័ត​ចាប់ គឺ​ផាកពិន័យ​លើស​ទម្ងន់​១០​តោន គិត​ក្នុង​១​តោន​៣០​ម៉ឺន​X១០​តោន​=៣,០០០,០០០​រៀល ដូច្នេះ រកតែ​លុយ​ផឹកទឹក​សុទ្ធ​គ្មាន​ផង​។
ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ឃាត់​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​នេះ គឺ​ក្រុមការងារ​បច្ចេកទេស (​ជញ្ជីង​ចល័ត​) ក្រសួង​សាធារណៈការ ចុះ​ពិនិត្យ​ទម្ងន់​យានយន្ត​ដឹក​ទំនិញ​ដឹកស្រូវ ដឹក​ថ្ម ដឹក​ខ្សាច់ ដឹក​ដី ។​ល​។ លើស​ទម្ងន់​ធ្វើការ​ផាកពិន័យ និង​អប់រំ​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការ​ដឹក​លើស​ទម្ងន់​។

ប្រភព​បន្ត​ទៀត​ថា ការ​ចុះ​ពិនិត្យ​ឃើញ​ថា មាន​រថយន្ត​ផ្ទុកទំនិញ​លើ​ទម្ងន់​គឺ​ចំនួន​១២​គ្រឿង ក្នុង​នោះ រថយន្ត​បែន​ដឹក​ខ្សាច់​៤​គ្រឿង និង​រថយន្ត​យី​ឌុ​ប​ប្រភេទ​វ៉េ​អង​៨​គ្រឿង គឺ​មាន​លើស​ទម្ងន់​ចាប់ពី​៥​តោន​ទៅ​១០​តោន ហើយ​បើ​លើស​ត្រឹម​៥​តោន​សមត្ថកិច្ច​យើង​អនុគ្រោះ គឺ​បង់​ធម្មតា ក៏​ប៉ុន្តែ​បើ​លើស​ពី​១០​តោន​ឡើង​ទៅ​គឺ​ត្រូវ​ផាកពិន័យ​ក្នុង​១​តោន​៣០០,០០០​រៀល​។

ចំពោះ​មហាជន​បាន​សាទរ​ចំណាត់ការ​របស់​សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់ ផាកពិន័យ​លើ​រថយន្ត​ល្មើស ដឹក​ទំនិញ​លើស​ទម្ងន់​ដែល​បង្ក​ឲ្យ​ស្រុត​ខូច​ផ្លូវ​ជនបទ​ត្រូវ​តែ​បង្ក្រាប ។ ចំណែក​ក្រុម​អាជីវករ​វិញ​បាន​សំណូមពរ​ថា បើ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​តាម​ទម្ងន់​ដែល​ច្បាប់​កំណត់ (​អត់​លើស​ទម្ងន់​) សូម​សមត្ថកិច្ច​តាម​ដងផ្លូវ​ឈប់​ដាក់កុង​ត្រូល​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ