ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​អ៊ុយ​ក្រែ​ន​ម្ចាស់​ដាយ​មាស ពលី​ជីវិត​ក្នុង​សមរភូមិ​ប្រយុទ្ធ​នឹង​ទាហាន​រុ​ស្ស៊ី

1 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ៖ កីឡាករ​ប្រដាល់សកល​ឆ្នើម​ម្ចាស់​មេដាយមាស​របស់​ប្រទេស​អ៊ុយ​ក្រែ​ន Maksym

អ៊ុយ​ក្រែ​ន ៖ កីឡាករ​ប្រដាល់សកល​ឆ្នើម​ម្ចាស់​មេដាយមាស​របស់​ប្រទេស​អ៊ុយ​ក្រែ​ន Maksym Galinichev អាយុ​២២​ឆ្នាំ ត្រូវ​បាន​ប្រកាស​ថា ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នឹង​ទាហាន​រុ​ស្ស៊ី​។ នេះ​បើ​យោង​តាម​ប្រភព​ពី talkSPORT ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៣​។

អត្ត​ព​លិ​ក​វ័យក្មេង ដែល​មាន​ទេព​កោសល្យ​បាន​ចូលរួម​ផ្នែក​មួយ​នៃ​កងពលតូច​អាកាស Sycheslav ទី​២៥​របស់​អ៊ុយ​ក្រែ​ន ដែល​ប្រយុទ្ធ​នៅ​ក្នុង​តំបន់ Luhansk ជា​កន្លែង​ដែល​កីឡាករ​រូប​នេះ បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ជាទី​បំផុត​។

ក្នុង​នាម​ជា​អ្នក​ប្រដាល់សកល​ឆ្នើម​របស់​អ៊ុយ​ក្រែ​ន Galinichev សម្រេច​បាន​សមិទ្ធផល​ដ៏​សំខាន់​ៗ​ជូន​ជាតិ​ដោយ​បាន​ឈ្នះ​មេដាយមាស​២​គ្រឿង​ពី​ការ​ប្រកួត​ជើងឯក​យុវជន​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៧ និង​២០១៨ ។ កីឡាករ​វ័យក្មេង​រូប​នេះ ក៏​បាន​នាំ​យក​មេដាយ​ប្រាក់​ត្រឡប់​មក​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ​ពី​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​យុវជន​ឆ្នាំ​២០១៨ នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន ដែល​ជា​កន្លែង​រូបគេ​បាន​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៥៦​គីឡូក្រាម​។ Galinichev អាច​មាន​វត្តមាន​ចូលរួម​ការ​ប្រកួត​ប្រដាល់​ជើងឯក​ទ្វីបអឺរ៉ុប នៅ​ប្រទេស​អា​មេ​នី​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​ជំនួស​មក​វិញ រូបគេ​បាន​បដិសេធ ដោយ​ស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព​ដើម្បី​ការពារ​ប្រទេស​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​។

លោក Anton Gerashchenko ទីប្រឹក្សា​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បាន​ទម្លាយ​ព័ត៌មាន​នៃ​ការ​ស្លាប់​របស់ Galinichev នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​បាន​លើក​ឡើង​ថា «Maksym Galinichev អាយុ​២២​ឆ្នាំ ដែល​ជា​ជើងឯក​ប្រដាល់​យុវជន​អឺរ៉ុប​បាន​ស្លា.ប់​ដោយសារ​ការពារ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​តំបន់ Luhansk​។ Maksym បាន​ចុះ​ឈ្មោះ​ជា​អ្នក​ស្ម័គ្រចិត្ដ ហើយ​បាន​ត្រឡប់​ពី​សមរភូមិ​ជួរ​មុខ​ចំនួន​២​ដង បន្ទាប់​ពីរ​ងរ​បួស​។ គ្រប់​គ្នា​នឹង​ចង​ចាំ​ចំពោះ​ការ​ពលី​របស់​វីរៈបុរស​វ័យក្មេង​រូប​នេះ​។

គួរ​បញ្ជាក់​ជូន​ថា Maksym Galinichev មិនមែន​ជា​អ្នក​ប្រដាល់​អ៊ុយ​ក្រែ​ន​តែ​ម្នាក់​គត់ ដែល​ស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព ដើម្បី​ការ​ការពារ​ប្រទេស​ពី​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​នោះ​ទេ ខណៈ​ដែល​អតីត​ម្ចាស់​ជើងឯក​ពិភពលោក​ទម្ងន់​ធ្ងន់ Wladimir Klitschko ក៏​បាន​ចូលរួម​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​ជា​អ្នក​បម្រុង នៅ​ក្នុង​កងពលតូច​ការពារ​ទឹកដី ភ្លាម​ៗ​បន្ទាប់​ពី​សង្គ្រាម​បាន​ចាប់ផ្តើម​។

ស្រប​ពេល​ដែល​ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក Oleksandr Usyk ក៏​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ផង​ដែរ បន្ទាប់​ពី​ការ​ប្រកាស​ចូលរួម​នៅ​ក្នុង​សង្គ្រាម និង​បាន​ចុះ​ឈ្មោះ​ជាមួយ​កងកម្លាំង​ការពារ​ទឹកដី​ប្រចាំ​ទីក្រុង​គៀវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ