ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដណ្ដើម​បាន​មេដាយ​៩​គ្រឿង​ពី​ការ​ប្រកួត​បើក​ឆាក​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​៦​កីឡា​វ៉ូ​វី​ណា​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ម្ចាស់ផ្ទះ កម្ពុជា​ដណ្ដើម​បាន​មេដាយ​ចំនួន​៩​គ្រឿងក្នុង​ថ្ងៃ​ប្រកួត​បើក​

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ម្ចាស់ផ្ទះ កម្ពុជា​ដណ្ដើម​បាន​មេដាយ​ចំនួន​៩​គ្រឿងក្នុង​ថ្ងៃ​ប្រកួត​បើក​ឆាក​នៃ​ព្រឹត្តិការណ៍​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​៦ ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​មាន​ចំណាត់ថ្នាក់​នាំមុខ​គេ​ជា​បណ្ដោះអាសន្ន​ក្នុង​ចំណោម​៧​ប្រទេស​ចូលរួម​។

ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់​តំបន់​មួយ​នេះ​តាម​កាលបរិច្ឆេទ​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​៣០ ខែមីនា នៅ​សាល​ដំបូលទូក​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ ប៉ុន្តែ​ទើបតែ​ប្រកាស​បើក​ការ​ប្រកួត​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ មីនា ដោយ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​៩​គ្រឿងក្នុង​នោះ​មេដាយមាស​៥​គ្រឿង មេដាយ​ប្រាក់​២​គ្រឿង និង​មេដាយ​សំរឹទ្ធ​២​គ្រឿង ក្នុង​ចំណោម​៦​ប្រទេស​ផ្សេង​ទៀត​ចូលរួម​មាន​ដូច​ជា ថៃ វៀតណាម ឡាវ ឥណ្ឌូ​ណេ​ស៊ី មី​យ៉ា​ន់​ម៉ា និង​ហ្វី​លី​ពី​ន ។ ប្រទេស​វៀតណាម​ឈរ​នៅ​លេខ​រៀង​ទី​២​ដោយ​ដណ្ដើម​បាន​មេដាយ​ចំនួន​៦​គ្រឿង​នាំមុខ​ប្រទេស​ថៃ​ដែល​ដណ្ដើម​បាន​មេដាយ​ចំនួន​៥​គ្រឿង​។

លោក អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​៦​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ គឺជា​ឱកាស​ដ៏​ល្អ ដែល​ត្រូវ​រៀបចំ​ខ្លួន​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ក្នុង​គោលបំណង​សម្រួច​គោលដៅ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កាន់តែ​ខិត​កៀក​ជិត​មក​ដល់​ទៅ​ហើយនោះ ។ ការ​ប្រកួត​នេះ​ទៀត​ទទួល​បានការ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ហៅ​កាត់​ថា CAMSOC ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោក​ផង​ដែរ​។

លោក ម៉ុង គឹ​ម​ហេង ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​អាស៊ី​អាគេ្នយ៍​បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​លោក​បាន​មក​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​វ៉ូ​វី​ណា​ម​អាស៊ី​អាគ្នេយ៍ ក្នុង​គោលបំណង​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី មន្ត្រី​បច្ចេកទេស ចៅក្រម អាជ្ញាកណ្ដាល​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​និង​ដឹកនាំ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ដែល​នៅ​សល់​តែ​៣៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ។ ដូច្នេះ​លោក​សង្ឃឹមថា ការ​ប្រកួត​នេះ​វា​នឹង​ជួយ​បំពេញបន្ថែម​នូវ​រាល់​ចំណុច​ខ្វះខាត ដើម្បី​ជួយ​ដល់​កីឡាករ កីឡាការិនី គណៈកម្មការ​បច្ចេកទេស ក៏​ដូច​ជា​ចៅក្រម អាជ្ញាកណ្ដាល​យក​ទៅ​អនុវត្ត​ស្រប​ទៅ​តាម​បទដ្ឋាន​និង​ស្តង់ដារ​ត្រឹមត្រូវ​នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ