ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កាន់តែ​សង្កត់ អ្នកជាប់ទោស ឬពិរុទ្ធជនជាប់គុក ឬជាប់ឃុំ កាន់តែយូរ!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ប៉ុន្មាននាទី បន្ទាប់ពីការសម្រេចរបស់តុលាការ ដោះលែង​លោក យឹម ស៊ីណន ជាអ្នកនយោបាយវ័យ​ក្មេង ដែលស្និទ្ធិនឹងលោកកឹមសុខារួចមក នៅយប់ថ្ងៃទី២៨ ខែមីនា…

ភ្នំពេញ៖ ប៉ុន្មាននាទី បន្ទាប់ពីការសម្រេចរបស់តុលាការ ដោះលែង​លោក យឹម ស៊ីណន ជាអ្នកនយោបាយវ័យ​ក្មេង ដែលស្និទ្ធិនឹងលោកកឹមសុខារួចមក នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេច​ជាមនុស្សក្បាលរឹង ជាមួយការគៀប​សង្កត់ពីបរទេស។ កាន់តែសង្កត់ អ្នកជាប់ទោស ឬពិរុទ្ធជនជាប់គុក ឬជាប់ឃុំ​កាន់តែយូរ។ គេត្រូវចងចាំលើចំណុចនេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ ក្នុង Comment តាមរយៈហ្វេសប៊ុក Hun Sen ដែលសម្តេច​តេជោ បានប្រើហ្វេសប៊ុកនេះ សរសេរ​នៅលើហ្វេសប៊ុករបស់អ្នកស្រី សុផាត មករា ​ប្រពន្ធរបស់​លោក យឹម ស៊ីណន ក្រោយពី​ប្រពន្ធរបស់​លោក ស៊ីណន បានបង្ហោះសារថ្លែងអំណរគុណ​សម្តេចតេជោ ហ៊ុន សែន នៅពេលលោកស៊ីណន ត្រូវបានដោះលែង ចេញពីពន្ធនាគារព្រៃស ហើយបានទៅដល់​ផ្ទះជួបជុំប្រពន្ធកូនឡើងវិញ នៅយប់ថ្ងៃទី២៨មីនានេះ​។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ស៊ីណន កូនពិតជាមានសំណាងណាស់ ដែលមានភរិយាដ៍ល្អ។ ពេលកូនមានបញ្ហាខាងផ្លូវច្បាប់ កូនស្រីមិនបានស្រែករកអ្នកណា​ជួយ ក្រៅពីស្រែករកសម្តេចពុកជួយនោះឡើយ។ ពុកជាមនុស្សចិត្តរឹង ជាមួយមនុស្សអាក្រក់ តែក៏ជាមនុស្សចិត្តទន់ជាមួយមនុស្សល្អ។ ជាសំណាងកូនហើយ ដែលភរិយាកូន មិនបានទៅពឹងជនបរទេស ឬអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងឲ្យមកគៀបសង្កត់​រាជរដ្ឋាភិបាល ដើម្បីដោះលែង​កូន។ ពុកជាមនុស្សក្បាលរឹងជាមួយការគៀបសង្កត់ពីបរទេស។ កាន់តែសង្កត់អ្នកជាប់ទោស ឬពិរុទ្ធជនជាប់គុកឬជាប់ឃុំ កាន់តែយូរ។ គេត្រូវចងចាំ​លើចំណុចនេះ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «ផ្ទុយពីអ្នកដទៃ ភរិយាកូន នឹកឃើញមុនគេ គឺសុំឲ្យពុក​ជួយ ដូចនេះពេលឃើញភរិយាកូនបង្ហោះតាម Facebook និងឃើញកូនទទួលស្គាល់កំហុស រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខិតខំសម្របសម្រួល​ជាមួយតុលាការ ដើម្បីឲ្យកូនបានចាកចេញទៅជួប​ប្រពន្ធកូនវិញ។ ចាត់ទុកជាសុបិនអាក្រក់ និងរំដោះគ្រោះ ក្នុងឆ្នាំចាស់ ដើម្បីសេចក្តីសុខ និងសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំថ្មី នាពេលដ៏ខ្លីខាងមុខ។ ជូនពរកូនទាំងពីរ និងចៅៗ ជួបតែសេចក្តីសុខសេចក្តីចម្រើន»។

ជាមួយ​នឹង​សារខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា «ផ្តាំទៅពួកព្រូស​ក្រៅរបងផ្ទះ បើចង់ឲ្យមនុស្សជាប់ទោសបានយូរ និងគ្មានការយោគយល់ពី ហ៊ុន សែន សុំជេរ ហ៊ុន សែន ឲ្យបានច្រើនបន្តិច»។

ឆ្លើយតបនឹង Comment​ ខាងលើនេះ អ្នកស្រី សុផាន មករា ប្រពន្ធរបស់លោក យឹម ស៊ីណន បានសរសេរថា «​សម្តេច​ពុក ​ជាទីគោរព​ កូនពិតជារំភើបណាស់ ដែលពុក​ ផ្ញើសារមកកូន​ កូនពិតជាមានសំណាងណាស់​ ដែលលោកពុកបារម្ភ​ពីកូន​។ មានតែលោកពុកម្នាក់គាត់​ ដែលអាចជួយប្តីកូនមកជូនកូនៗគាត់វិញ​ កូ​នស្រីម្នាក់នេះ​ សូមថ្លែង​​អំណរគុណសម្តេចពុក​»។

សូមរម្លឹកថា ប៉ុន្មាននាទី ក្រោយ​លោក យឹម ស៊ីណន បានសរសេរលិខិតផ្ទាល់ដៃ និងបង្ហោះខ្លីប​​វិដេអូ សូមព្រះរាជទានទោសព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោ ហ៊ុន សែន រួចមក នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ ​បានចេញដីកាបង្គាប់ ឲ្យដោះលែងលោក យឹម ស៊ីណន ក្រោយពីលោក យឹម ស៊ីណន ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី២១មីនា ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ។

​លោក យឹម ស៊ីណន ត្រូវបានចាប់ខ្លួន​ នៅថ្ងៃទី២១មីនា ឆ្នាំ២០២៣ ជាមួយ​នឹងលោក ហ៊ុន កុសល​ ដោយសារតែបង្ហោះហ្វេសប៊ុក ពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ព្រះរាជពិធីនោះ បានធ្វើឡើង នៅមុខប្រាសាទអង្គរវត្ត ក្នុង​ខេត្តសៀមរាប កាលពីព្រឹក​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។​

នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចៅក្រម បានចេញដីកា ២ ដាច់ដោយឡែកពីគ្នា ដោយសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល នៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ ( ម១ ) ក្រោមការចោទប្រកាន់ចំនួន ២ បទល្មើ​ស គឺបទ​ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម។

ដីកាបង្គាប់ឱ្យឃុំខ្លួន បង្ហាញថា ជននេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង​ឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ក្រមព្រហ្មទណ្ឌ មាត្រា ៤៣៧ ( ស្ទួន ) បទ ប្រមាថចំពោះ​អង្គព្រះមហាក្សត្រ បានកំណត់ថា ​​ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យ​ជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។

មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ចែងពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ប្រសិនបើ​ការញុះញង់​នេះ គ្មានប្រសិទ្ធភាព​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ