ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក យឹម ស៊ីណន ចេញវីដេអូ និងលិខិត សូមព្រះរាជទានទោសពីព្រះមហាក្សត្រ និងសូមទោសសម្តេចតេជោ ហ៊ុន សែន

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក យឹម ស៊ីណន បានចេញវីដេអូ រួមនឹងលិខិត​សរសេរ​ផ្ទាល់ដៃ សូមព្រះរាជទានទោសពីព្រះករុណា…

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក យឹម ស៊ីណន បានចេញវីដេអូ រួមនឹងលិខិត​សរសេរ​ផ្ទាល់ដៃ សូមព្រះរាជទានទោសពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងសំណេរប្រមាថលើហ្វេសប៊ុក កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣​។

ខ្លីបវិដេអូ​ ដែល​បង្ហោះតាមសារព័ត៌មាន Fresh News នាល្ងាចថ្ងៃទី២៨ ខែមីនានេះ បានធ្វើឡើង ក្នុងពេលលោក យឹម ស៊ីណន ស្ថិតក្នុងការឃុំឃាំង នៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១​ ក្នុងរាជធានីភ្នំពេញ។​ លោក យឹម ស៊ីណន បានអះអាងថា ខ្លីបវិដេអូ និងលិខិតសូមទោស​របស់លោក នាពេលនេះ បានធ្វើឡើង ដោយមិនមានការបង្ខិតបង្ខំឡើយ។​

លោក យឹម ស៊ីណន ត្រូវបានចាប់ខ្លួន​ នៅថ្ងៃទី២១មីនា ឆ្នាំ២០២៣ ជាមួយ​នឹងលោក ហ៊ុន កុសល​ ដោយសារតែបង្ហោះហ្វេសប៊ុក ពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ព្រះរាជពិធីនោះ បានធ្វើឡើង នៅមុខប្រាសាទអង្គរវត្ត ក្នុង​ខេត្តសៀមរាប កាលពីព្រឹក​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។​

នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ចៅក្រម បានចេញដីកា ២ ដាច់ដោយឡែកពីគ្នា ដោយសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល នៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ ( ម១ ) ក្រោមការចោទប្រកាន់ចំនួន ២ បទល្មើ​ស គឺបទ​ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម។

ដីកាបង្គាប់ឱ្យឃុំខ្លួន បង្ហាញថា ជននេះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង​ឲ្យផ្តន្ទាទោសតាមមាត្រា៤៣៧(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ក្រមព្រហ្មទណ្ឌ មាត្រា ៤៣៧ ( ស្ទួន ) បទ ប្រមាថចំពោះ​អង្គព្រះមហាក្សត្រ បានកំណត់ថា ​​ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យ​ជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល។

មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ចែងពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល ប្រសិនបើ​ការញុះញង់​នេះ គ្មានប្រសិទ្ធភាព​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ