រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីជូនព័ត៌មានមួយនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ណែនាំប្រជាពលរដ្ឋខ្មែរ «កុំប្រើប្រាស់» ឱសថមួយប្រភេទដែលគ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល ព្រោះផលិតផលនេះអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។
![Picture]()
ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងក្រសួងសុខាភិបាលពិនិត្យឃើញមានការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលឱសថឈោះ្ម VHOPE គ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួង ដែលត្រូវបានផ្សព្វផ្សាយនិងចែកចាយតាមបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន នាថ្ងៃទី ២៨ ខែមីនា។
![Picture]()
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដដែលបានបញ្ជាក់ថា អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរផលិតផលឱសថក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកា ឬទិដ្ឋាការ ពីក្រសួង សុខាភិបាល។ ដូច្នេះ ប្រជាពលរដ្ឋមុននឹងទិញផលិតផលឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបតបញ្ញិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឹមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២-ផ្នែកខាងក្រោមមានលេខបញ្ញិកា ដូចមានគំរូភ្ជាប់ជាមួយ។
![Picture]()
ក្រសួងសុខាភិបាលបានក្រើនរម្លឹក «ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផលឱសថឈ្មោះ VHOPE នេះឡើយ ព្រោះផលិតផលនេះអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង»។
ទន្ទឹមនឹងនោះក្រសួងបានព្រមានថា «បន្ទាប់ពីការផ្សព្វផ្សាយសេចក្ដីជូនព័ត៌មានផលិតផលឱសថខាងលើនេះរួចហើយ បើសិនមានម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ឬជនពាក់ព័ន្ធណាមួយនៅតែបន្តនាំចូល ចែកចាយ ឬលក់ ផលិតផលឱសថខាងលើនេះជាបន្តទៀតនឹងត្រូវទទួលទោសបញ្ញត្តិតាមច្បាប់ជាធរមាន»។
![Picture]()
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងនាំចូល ចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ VHOPE ខាងលើនេះ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងជាបន្ទាន់ផងដែរ៕
ចែករំលែកព័តមាននេះ