ភាពតានតឹងរវាងឥណ្ឌូណេស៊ីនឹងអ៊ីស្រាអែល ប.ង្ខំឱ្យពន្យារពេលការចាប់ឆ្នោត U20 World Cup
ឥណ្ឌូណេស៊ី ៖ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានពន្យារពេលការចាប់ឆ្នោតចែកពូលនៃការ
ឥណ្ឌូណេស៊ី ៖ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានពន្យារពេលការចាប់ឆ្នោតចែកពូលនៃការ
ឥណ្ឌូណេស៊ី ៖ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានពន្យារពេលការចាប់ឆ្នោតចែកពូលនៃការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកយុវជនអាយុក្រោម២០ឆ្នាំផ្នែកបុរសឆ្នាំ២០២៣ (FIFA U-20 World Cup 2023) ដោយសារតែភាពតានតឹងរវាងម្ចាស់ផ្ទះឥណ្ឌូណេស៊ីនឹងប្រទេសអ៊ីស្រាអែល។
ការសម្រេចចិត្តនេះ ត្រូវបានប្រកាស៥ថ្ងៃមុនពេល FIFA ធ្វើការចាប់ឆ្នោតសម្រាប់ប្រទេសទាំង២៤ ដែលត្រូវប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែមីនា ឆាប់ៗខាងមុខនេះ នៅលើកោះបាលី សម្រាប់ការប្រកួតដែលនឹងចាប់ផ្តើមនាថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៣ ដែលក្នុងនោះរាប់បញ្ចូលទាំងក្រុមជម្រើសជាតិអាយុក្រោម២០ឆ្នាំអ៊ីស្រាអែលផងដែរ ដែលជាការបង្ហាញខ្លួនលើកដំបូងនៅក្នុងព្រឹត្តិការណ៍នេះ។
វាត្រូវបានមើលឃើញថា ការអាក់ខានសម្រាប់កម្មវិធីចាប់ឆ្នោត កើតឡើងនៅពេលអភិបាលខេត្តបាលី លោក Wayan Koster បានអំពាវនាវឱ្យមានការហាមប្រាមក្រុមអ៊ីស្រាអែលចេញពីការប្រកួតនេះ ដោយសារការគាំទ្រផ្នែកការទូតរបស់ឥណ្ឌូណេស៊ីចំពោះបុព្វហេតុប៉ាឡេស្ទីន។
កីឡដ្ឋានចំនួន៦ ដែលត្រូវប្រើប្រាស់សម្រាប់ការប្រកួតចំនួន៥២ ក្នុងនោះរួមមានទាំងកីឡដ្ឋានមួយនៅក្នុងទីក្រុង Gianyar នៃខេត្តបាលី។ ការតវ៉ាប្រឆាំងនឹងការចូលរួមរបស់អ៊ីស្រាអែលក៏បានផ្ទុះឡើងនៅក្នុងរដ្ឋធានីហ្សាកាតាផងដែរ កាលពីសប្តាហ៍មុនដោយក្រុមអ៊ីស្លាមអភិរក្សនិយម។ ឥណ្ឌូណេស៊ី គឺជាប្រទេសមានប្រជាជនម៉ូស្លីមច្រើនជាងគេបំផុតលើពិភពលោក សម្រាប់ប្រទេសដែលមានប្រជាជនប្រមាណ ២៧៧លាននាក់មួយនេះ ដ្បិតពួកគេមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងអ៊ីស្រាអែលនោះទេ។
ក្នុងរយៈពេលមួយឆ្នាំកន្លងមក កងកម្លាំងអ៊ីស្រាអែលបានធ្វើការចាប់ខ្លួនមនុស្សរាប់ពាន់នាក់នៅតំបន់ West Bank និងបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង២០០នាក់ រួមទាំងកម្លាំងប្រយុទ្ធ និងជនស៊ីវិលផងដែរ។ ទន្ទឹមនឹងនេះ ជនជាតិអ៊ីស្រាអែលជាង៤០នាក់ និងអ៊ុយក្រែន៣នាក់ បានស្លា.ប់ក្នុងការវា.យប្រហាររបស់ប៉ាឡេស្ទីន។
FIFA បានបដិសេធមិនធ្វើអត្ថាធិប្បាយកាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ លើការចាប់ឆ្នោតដែលត្រូវបានពន្យារពេល។ ប្រសិនបើឥណ្ឌូណេស៊ីបរាជ័យក្នុងការដោះស្រាយបញ្ហានៃការធ្វើជាម្ចាស់ផ្ទះពាក់ព័ន្ធលើបញ្ហាជាមួយអ៊ីស្រាអែល សហព័ន្ធបាល់ទាត់ប្រទេសនេះ នឹងប្រឈមមុខការព្យួរសកម្មភាពដោយ FIFA ។ ទណ្ឌកម្មនោះអាចនឹងដកឥណ្ឌូណេស៊ីចេញពីវគ្គជម្រុះតំបន់អាស៊ីសម្រាប់ព្រឹត្តិការណ៍ World Cup 2026 ដែលនឹងចាប់ផ្ដើមនៅខែតុលា។
ករណីបើឥណ្ឌូណេស៊ី ពិតជាបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះមែននោះ លោក Arya Sinulingga សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមបាល់ទាត់ឥណ្ឌូណេស៊ីបាននិយាយថា គាត់មានការព្រួយបារម្ភអំពីរបៀបដែលទណ្ឌកម្មរបស់ FIFA អាចនឹងញែកបាល់ទាត់ឥណ្ឌូណេស៊ីចេញពីពិភពលោក។ លោកសង្ឃឹមថា លោក Erick Thohir ប្រធានសមាគមបាល់ទាត់ឥណ្ឌូណេស៊ីអាចរកដំណោះស្រាយមួយ ដើម្បីបំបែកនយោបាយចេញពីកីឡា តាមរយៈការសម្របសម្រួលជាមួយក្រសួងការបរទេស និងក្រសួងយុវជន និងកីឡា។
សមាគមបាល់ទាត់ឥណ្ឌូណេស៊ីបានអះអាងថា ការបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះនឹងប៉ះពាល់ដល់ឱកាសរបស់ក្រុមបាល់ទាត់ឥណ្ឌូណេស៊ីក្នុងការចូលរួមព្រឹត្តិការណ៍ FIFA ផ្សេងទៀតនៅពេលអនាគត ខណៈដែលការខាតបង់ផ្នែកសេដ្ឋកិច្ចនឹងមានរហូតដល់រាប់រយពាន់លានរូពី។
គួររំលឹកជូនថា ប្រទេសឥណ្ឌូណេស៊ីធ្លាប់ត្រូវបាន FIFA ព្យួរសកម្មភាពជិតមួយឆ្នាំ សម្រាប់ការជ្រៀតជ្រែកពីសំណាក់រដ្ឋាភិបាល ប៉ុន្តែស្ថាប័នបាល់ទាត់ពិភពលោកបានដកការព្យួរនេះ នៅក្នុងខែឧសភា ឆ្នាំ២០១៦៕ (ដកស្រង់ចេញពី Times of Israel និង AsiaOne)
ចែករំលែកព័តមាននេះ