រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញដែលជាបណ្តុំនៃពលរដ្ឋសរុបទាំងអ្នករស់នៅអចិន្ត្រៃយ និងអន្តោប្រវេសន៍ប្រមាណជា៣លាននាក់កំពុងតែប្រឈមមុខខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរ ជាពិសេស គឺបណ្តាសង្កាត់នៅជាយរាជធានី ។ ដូច្នេះសង្ឃឹមថា អ្នកដែលពាក់ព័ន្ធនឹងបន្តដោះស្រាយបញ្ហាជូនពលរដ្ឋអោយរលូន។
កង្វះទឹកស្អាតប្រើប្រាស់នៅរាជធានីភ្នំពេញវាមិនមែនជារឿងថ្មីនោះទេ វាបានកើតមានឡើងជាបន្តបន្ទាប់ប្រមាណជា២ទៅ៣ឆ្នាំចុងក្រោយនេះជាប់ៗគ្នា ហើយកង្វះខ្លាំងបំផុត គឺនៅក្នុងរង្វង់ខែក្តៅពីខែមីនា ដល់ខែឧសភា ដូច្នេះយើងសង្ឃឹមថា អ្នកដែលពាក់ព័ន្ធនឹងខិតខំដោះស្រាយបញ្ហានេះមិនអោយបញ្ហាវាអូសបន្លាយទៅយូឆ្នាំបន្ថែមទៀត។
បាតុភាពដែលកំពុងតែប្រឈមមុខនឹងកង្វះខាតទឹកប្រើប្រាស់នេះ គឺកើតមាននៅក្នុងសង្កាត់ជាច្រើននៅជាយរាជធានី ខណៈដែលរដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញជូនដំណឹងតែសង្កាត់ ដែលមានសម្ពាធទឹកខ្សោយប៉ុណ្ណោះ ខណៈដែលធាតុពិតសង្កាត់ខ្លះ គឺមិនចេញតែម្តងហើយនៅពេលនេះអាជ្ញាធរ និងអ្នកដែលពាក់ព័ន្ធកំពុងតែដឹកទឹកចែកចាយជូនពលរដ្ឋ។
ជុំវិញបញ្ហានេះ រដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញទទួលស្គាល់ថា ទឹកស្អាតពិតជាខ្វះខាតមែនពីព្រោះនៅពេលបច្ចុប្បន្ននេះខ្លួនអាចមានសមត្ថភាពផលិតទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនពលរដ្ឋ នៅក្នុងរាជធានីនេះ គឺត្រឹមតែ៦៤ម៉ឺនម៉ែត្រគូបប៉ុណ្ណោះនៅក្នុងមួយថ្ងៃ ខណៈដែលតម្រូវការវិញ គឺឡើងរហូតដល់៨៩ ម៉ឺនម៉ែត្រគូបនៅក្នុងមួយថ្ងៃ។
នៅក្នុងស្ថានភាពបែបនេះ រាជធានីភ្នំពេញទាំងមូលនៅខ្វះទឹកស្អាតប្រមាណជា ២៥ម៉ឺនម៉ែត្រគូបឯណោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏នៅពេលនេះ រដ្ឋករទឹកស្វយ័តរាជធានីភ្នំពេញកំពុងតែពង្រីកផលិតកម្មរបស់ខ្លួនបន្ថែម៤០ម៉ឺនម៉ែត្រគូប និងបំពង់ចែកទឹកថ្មីជិត១.០០០គីឡូម៉ែត្រទៀត ដូច្នេះនៅដើមខែឧសភា ឆ្នាំ២០២៣នេះ រោងចក្រផលិតទឹកស្អាតថ្មីអាចនឹងផលិត និងចែកចាយទឹកបានបន្ថែម២០ម៉ឺនម៉ែត្រគូបបន្ថែម ហើយ២០ម៉ឺនទៀតនឹងអាចរួចរាល់ នៅដើមឆ្នាំ២០២៤ខាងមុខ។
រដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញបានបញ្ជាក់យ៉ាងច្បាស់ថា ចាប់ពីឆ្នាំ២០២៤ ទៅសមត្ថភាពផលិតទឹកស្អាត នៅរាជធានីអាចនឹងទទួលបានបរិមាណប្រមាណជា១លានម៉ែត្រគូបនៅក្នុងមួយថ្ងៃ ដូច្នេះបញ្ហានេះប្រាកដជាអាចនឹងដោះស្រាយបាន។ផ្អែកតាមការជូនដំណឹងនេះ យើងនឹងរង់ចាំមើលថា តើបញ្ហាវាពិតដូចជា ការអះអាង ឬយ៉ាងណា។ ខែនេះ គឺជាខែក្តៅ ពលរដ្ឋត្រូវការណាស់ទឹក និងភ្លើងដើម្បីបំពេញតម្រូវការជីវភាព ប៉ុន្តែនៅក្នុងស្ថានភាពបែបនេះមានតែបន្តតស៊ូរង់ចាំមើលចំណាត់ការនៅពេលអនាគត។
យើងដឹងថា បញ្ហាកង្វះខាតទឹកនេះមិនមែនជាបញ្ហាដោះស្រាយមួយថ្ងៃពីរបាននោះទេ ប៉ុន្តែបញ្ហាដែលពលរដ្ឋថ្នាំងថ្នាក់ខ្លាំងនោះ គឺរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញមិនព្រមជូនដំណឹងមុន។រដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ ទុកទាល់តែពលរដ្ឋប្រតិកម្មបានចេញការបំភ្លឺ។ នៅក្នុងស្ថានភាពបែបនេះ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ គួរតែចេញការជូនដំណឹងឲ្យបានទុកជាមុន យ៉ាងហោចណាស់ក៏មួយសប្តាហ៍មុនដែរ ដើម្បីឲ្យពលរដ្ឋត្រៀមសម្ភារៈ និងឧបករណ៍សម្រាប់រក្សានិងស្តុកទឹកទុកប្រើប្រាស់ឬលៃលកដោះស្រាយបញ្ហាចាំបាច់។
ម្យ៉ាងវិញទៀត ដោយសារតែបញ្ហាទឹកនេះវាមិនងាយនឹងដោះស្រាយចេញ យើងគិតថា ការវិនិយោគនៅលើបញ្ហាទឹកស្អាតនេះ គួរតែបន្តទៅមុខបន្ថែមទៀតពីព្រោះទៅថ្ងៃមុខ បើទីក្រុងនៅតែបន្តរីកពីមួយថ្ងៃទៅមួយថ្ងៃ សំណង់បន្តសាងសង់មិនចេះឈប់មិនចេះហើយ បំលាស់ទីពលរដ្ឋពីជនបទមករាជធានីកាន់តែច្រើន កុំថាវិនិយោគបន្ថែមត្រឹម៤០ម៉ឺនម៉ែត្រគូប ការវិនិយោគ៥០ម៉ឺន ម៉ែត្ រគូបនៅក្នុងមួយថ្ងៃទៀតក៏ប្រហែលជានៅតែមិនគ្រប់គ្រាន់ដដែល ដូច្នេះ សូមត្រៀមទុកជាមុន ដើម្បីកុំអោយរាជធានីជួបបញ្ហាដដែលៗពីមួយឆ្នាំទៅមួយឆ្នាំមិនចេះចប់បែបនេះ៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ