រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថាចាប់ថ្ងៃ២៩ មីនា ដល់ថ្ងៃ៤ ខែមេសាខាងមុខនេះ តំបន់មួយចំនួនរបស់ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ ៖ ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល។ពីថ្ងៃទី២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។

ក្រសួងបានលើកឡើងទៀតថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាលតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាមានពី២៣-២៥ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៥-៣៧ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យមក្នុងនោះក៏អាចមានផ្នែកខ្លះភ្លៀងធ្លាក់ក្នុងបរិមាណបង្គំរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកនៅតំបន់ខ្ពង់រាបវិមានសីតុណ្ហភាពអប្បបរមាមានពី ២៤-២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៥- ៣៧ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ដោយឡែកនៅតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣២-៣៤អង្សាសេ។ អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕



ចែករំលែកព័តមាននេះ