ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​និង​សហគមន៍​មួយ​ចំនួន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់ ខណៈអាជ្ញាធរ​ដឹក​ជញ្ជូន​ឱ្យ​ទាំង​យប់​ទាំង​ថ្ងៃ (វីដេអូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ភូមិ​និង​សហគមន៍​មួយ​ចំនួន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ខ្វះខាត​ទឹក​ស្អាត​

​រាជធានី​ភ្នំពេញ​ ៖ ភូមិ​និង​សហគមន៍​មួយ​ចំនួន​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ខ្វះខាត​ទឹក​ស្អាត​ ដើម្បី​ប្រើប្រាស់​យ៉ាង​ខ្លាំង​នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០២៣​នេះ ដោយ​ភូមិ​ខ្លះ​ពេល​ថ្ងៃ​បើក​អត់​ចេញ​សោះ ប៉ុន្តែ​ពេល​យប់​ទឹក​ចេញ​អាច​បើក​ប្រើប្រាស់​បាន រីឯ​ភូមិ​ខ្លះ​ទៀត​ដាច់​ទាំងស្រុង​បើក​បង្ហូរ​អត់​ចេញ​ទាំង​យប់​ទាំង​ថ្ងៃ​តែ​ម្ដង​ ។ ​ខណៈ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​បែប​នេះ អាជ្ញាធរ​សង្កាត់ និង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហ​ការណ៍​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដឹក​ជញ្ជូន​យក​ទៅ​ផ្គត់ផ្គង់​ឲ្យ​ប្រជាពលរដ្ឋ​តាម​ភូមិ​ទាំងនោះ​ទាំង​យប់​ទាំង​ថ្ងៃជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​។

យោង​តាម​ប្រភព​ពី​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​និង​ពេល​នេះ​មាន​ភូមិ​មួយ​ចំនួន​៥​និង​សហគមន៍​ចំនួន​៦ នៅ​ក្នុង​សង្កាត់​ចំនួន​៣​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កំពុង​ជួប​បញ្ហា​ដាច់​ទឹក​ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ​ក្នុង​នោះ​ទី​១-​សង្កាត់​ចោម​ចៅ​ទី​៣ មាន​៣​ភូមិ​គឺ​ភូមិ​ត្រពាំង​ពោធិ៍ ភូមិ​ព្រៃ​ព្រីង​ជើង​១​និង​ភូមិ​ព្រៃ​ទា ទី​២-​សង្កាត់​សំរោង​ក្រោម មាន​២​ភូមិ​គឺ​ភូមិ​ព្រៃ​ពពេល និង​ភូមិ​អណ្ដូង​តា​អន ទី​៣-​សង្កាត់​ត្រពាំង​ក្រសាំង​មាន​៦​សហគមន៍ ។​ ក្រោយ​ពី​មាន​បញ្ហា​ដាច់​ទឹក​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ខ្លាំង ប៉ុន្តែ​សាលាសង្កាត់​ទាំងអស់​ខាងលើ​រួម​ជាមួយ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​សាលា​រាជធានី​ភ្នំពេញ​បាន​ចាត់ចែង​ដឹក​ទឹក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ទាំងនោះ​ទាំង​យប់​ទាំង​ថ្ងៃជា​ប្រចាំ​រៀងរាល់ថ្ងៃ​និង​ច្រើន​ថ្ងៃ​មក​ហើយ​។

លោក​ហៃ សុ​ឃី​ម ចៅសង្កាត់​សំរោង​ក្រោម​បាន​និយាយ​ថា នៅ​ក្នុង​សង្កាត់​របស់​លោក​មាន​៣​ភូមិ​ក្នុង​ចំណោម​១១​ភូមិ ដែល​បាន​ដាច់​ទឹក​ទាំងស្រុង ដែល​ត្រូ​​វ​ការ​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ជា​ចាំបាច់​គឺ​ភូមិ​អណ្ដូង​តា​អន ​និង​ភូមិ​ព្រៃ​ពពេល​ ។ ​ដោយឡែក​ភូមិ​ចំនួន​៩​ផ្សេង​ទៀត​ក៏​ខ្វះ​ដែរ ប៉ុន្តែ​ខ្វះ​តែ​ពេល​ថ្ងៃ​ទេ លុះដល់​ម៉ោង​១​ឬ​ម៉ោង​២​យប់​ឡើង​ទឹក​ចេញ​អ្នក​ភូមិ​អាច​នាំ​គ្នា​បើក​បង្ហូរ​ប្រើ​បាន​មិន​ដាច់​ទាំងស្រុង​នោះ​ឡើយ ។

លោក​ចៅសង្កាត់​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រុមការងារ​សង្កាត់​លោក​បាន​តាមដាន​នូវ​បញ្ហា​ដាច់​ទឹក​នេះ​នៅ​តាម​បណ្ដា​ភូមិ​ទាំងអស់​ជាប់​ជា​ប្រចាំ​ផង​ដែរ ហើយ​ក្រោម​ការ​ដឹកនាំ​របស់​លោក​សក់ កញ្ញា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រុមការងារ​សង្កាត់​សំរោង​ក្រោម​បាន​រៀបចំ​ដាក់​ស៊ី​ទែន​ស្តុក​ទឹក​នៅ​ក្នុងភូមិ​អណ្ដូង​តា​អន និង​ភូមិ​ព្រៃ​ពពេល ដែល​កំពុង​ជួប​បញ្ហា​ដាច់​ទឹក ដើម្បី​ស្តុក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​បង្ហូរ​យក​ទៅ​ប្រើប្រាស់​ ។ ​ក្រោយ​ពី​មានការ​ដាក់​ស៊ី​​ទែន​ស្តុក​ទឹក​ជូន​បែប​នេះ​បាន​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត និង​បាន​នាំ​គ្នា​យក​ប៊ីដុង និង​ធុង​ទៅ​បង្ហូរ​យក​ទៅ​ប្រើប្រាស់​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​។

លោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ​បាន​និយាយ​ថា នៅ​សង្កាត់​ចោម​ចៅ​មាន​ភូមិ​ចំនួន​៣​ក្នុង​ចំណោម​១៤​ភូមិ​ដែល​បាន​ដាច់​ទឹក​ទាំងស្រុង​បើក​អត់​ចេញ​តែ​ម្ដង ហើយ​សង្កាត់​និង​ខណ្ឌ​បាន​ដឹក​ទឹក​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ​រយៈពេល​១​អាទិត្យ​មក​ហើយ​ ។​ ក្រៅពី​នេះ​ភូមិ​ចំនួន​១១​ទៀត​ពេល​យប់​ឡើង​អាច​បើក​ប្រើប្រាស់​បាន ហើយ អត់​បញ្ហា​ទេ អ្នក​ភូមិ​បាន​បង្ហូរ​ស្តុក​ទុក​ក្នុង​អាង​របស់​ពួក​គាត់​បានជា​ធម្មតា​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ