រាជធានីភ្នំពេញ ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែង១៨៧,០៥គីឡូម៉ែត្រត្រូវបានគេល្បីថា ចូលចិត្តស៊ីតែរថយន្តទំនើប និងប្រណិត ដែលជាប្រភេទរថយន្តនៅលើទីផ្សារមានតម្លៃរាប់សិបម៉ឺនដុល្លារ ។ ជាក់ស្តែងនៅក្នុងខែមីនានេះតែមួយ គឺផ្លូវល្បឿនលឿនមួយនេះស៊ីអស់រថយន្តប្រណិត ទៅ៣គ្រឿងជាបន្តបន្ទាប់។
![Picture]()
គិតចាប់តាំងពីបើកដំណើរការតាំងពីខែវិច្ឆិកា ឆ្នាំកន្លងទៅរហូតដល់ពេលនេះ ករណីឆេះរថយន្តនៅលើកំណាត់ផ្លូវនេះត្រូវគេកត់ត្រាថា មាន៤ករណីរួចមកហើយ ដោយករណីលើកទីមួយកើតឡើង កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅគីឡូម៉ែត្រ៥៧ នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅលើរថយន្តប្រភេទ រ៉េងរ៉ូវ័រ (Range Rover)។ករណីទីពីរត្រូវបានគេដឹងកើតឡើង កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅលើប្រភេទរថយន្ត មែសឺដេស បេន C300 (Mercedes Benz C300) ។
![Picture]()
ករណីទី៣ គឺកើតឡើងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំដដែលនៅលើកំណត់ផ្លូវត្រង់ម្តុំចន្លោះគីឡូម៉ែត្រ៥៧ និង៥៨ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅលើប្រភេទរថយន្តរ៉េងរ៉ូវ័ ហើយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដដែលក៏កើតមាន ករណីទី៤ គឺឆេះរថយន្តរ៉េងរ៉ូវ័រ មួយគ្រឿងបន្ថែមទៀតនៅចម្ងាយប្រមាណជា ត្រឹមតែ២គីឡូម៉ែត្រពីកន្លែងបង់លុយក្បែររាជធានីភ្នំពេញ។
ដោយសារតែស្ថានភាពនៃការឆេះញឹកញាប់ ហើយសុទ្ធតែជាប្រភេទរថយន្តទំនើប និងប្រណិតបែបនេះទើបក៏ល្បីបែបចឹងតែម្តងទៅ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកជំនាញខាងរថយន្តបានអះអាងថា ករណីឆេះជាបន្តបន្ទាប់ហើយសុទ្ធតែប្រភេទរថយន្តទំនើបបែបនេះវាអាចបណ្តាលមកពីលក្ខណៈបច្ចេកទេស ដែលពាក់ព័ន្ធនឹងបញ្ហាដែលកើតឡើងនៅកន្លែងជួសជុល ហើយម្យ៉ាងទៀតទោះបីជាប្រភេទរថយន្តទាំងនេះជារថយន្តទំនើបមានតម្លៃថ្លៃក៏ពិតមែន ប៉ុន្តែវាអាចត្រូវគេនាំចូលក្រោយពេលប៉ះទង្គិច ហើយក៏ត្រូវគេយកទៅជួសជុល នៅក្នុងស្រុកទើបបណ្តាលឲ្យមានបញ្ហាគ្រោះថ្នាក់បែបនេះ។
![Picture]()
ដោយឡែកក្រសួងសាធារណៈការ នឹងដឹកជញ្ជូនវិញមិនបានបញ្ចេញប្រតិកម្មនឹងព័ត៌មាននេះឆេះរថយន្តជាបន្តបន្ទាប់នៅលើផ្លូវល្បឿនលឿនទាំងនោះទេ ប៉ុន្តែក្រសួង ជំរុញអោយអ្នកបើកបរទាំងអស់ប្រុងប្រយ័ត្នលក្ខណៈបច្ចេកទេស ក៏ដូចជា គោលការណ៍សុវត្ថិភាពនៅក្នុង ពេលបើកបរដោយរួមទាំងការគោរពច្បាប់ចរាចរណ៍ផងដែរ។
ក្រសួងបានជំរុញអោយអ្នកបើកបរទាំងអស់នៅមុនពេលបើកបរ គឺត្រូវពិនិត្យយានយន្ត ជាពិសេស គឺការពិនិត្យបឋមដែលរួមមានពិនិត្យស្នាមប្រេះ ឬរហែកនៅលើសំបកកង់ ហើយក៏ត្រូវពិនិត្យសម្ពាធខ្យល់មើលកម្រិតប្រេងម៉ាស៊ីន ប្រេងឥន្ធនៈ និងកម្រិតទឹកស្អំ ក្រៅពីនោះ គឺត្រូវគោរពល្បឿន ហើយក៏ត្រូវមានសម្ភារចាំបាច់មួយចំនួនដែលរួមមានសម្ភារៈសម្រាប់ជួសជុល និងបំពង់ពន្លត់អគ្គិភ័យខ្នាតតូចជាដើម។
![Picture]()
ពេលឃើញនូវសាររំលឹកចំណុចនេះ យើងខ្ញុំគិតថា គ្រប់អ្នកបើកបរទាំងអស់ជាពិសេសសម្រាប់ផ្លូវឆ្ងាយ ការត្រួតពិនិត្យលើចំណុចចាំបាច់ទាំងនេះ គឺត្រូវតែធ្វើ ហើយការ អនុវត្តវិធីនេះយើងខ្ញុំជឿជាក់ថា យើងអាចនឹងគ្រប់គ្រងបញ្ហាបានមួយភាគណាមួយ ប៉ុន្តែជាទូទៅនៅកម្ពុជាយើងកម្រមានអ្នកបើកបរណាគោរពគ្រប់គោលការណ៍បែបនេះណាស់ ជាពិសេសពួកអ្នកដែលមានលុយ និងប្រើប្រាស់រថយន្តប្រណិត ដោយសារតែពួកគេគិតថា រថយន្តគេថ្លៃហើយទំនើប គឺអ្វីៗសុទ្ធតែបញ្ជាដោយអេឡិចត្រូនិច ប៉ុន្តែកុំភ្លេចថា រថយន្តទាំងនោះមួយភាគណាមួយ គឺសុទ្ធតែឆ្លងកាត់ការជួសជុល ដូច្នេះហើយទើបបញ្ហាវាបន្តកើតមាន ជាបន្តបន្ទាប់។
![Picture]()
សរុបមកមិនថា រថយន្តថ្មី ឬជជុះ ទំនើប ឬមិនទំនើបនោះទេ ប្រសិនបើមិនចង់មានបញ្ហាបច្ចេកទេស សូមកុំខ្លាចនឹងចំណាយពេលនៅក្នុងការត្រួតពិនិត្យបឋម ដូចដែលក្រសួងបានរំលឹក ក្រៅពីនេះនៅក្នុងនាមជាអ្នកបើកបរក៏សូមរំលឹកថា យើងក៏គួរត្រួតពិនិត្យមើលប្រព័ន្ធហ្វ្រាំងផងដែរ នៅពេលទៅណាឆ្ងាយ។ ការប្រយ័ត្ននឹងនាំអោយយើងអាចចៀសវាងបាននូវគ្រោះថ្នាក់ធំៗដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ