ខេត្តកំពង់ស្ពឺ ៖ ដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ នៅក្បែរភ្នំប្រាក់ រាប់រយហិកតា ត្រូវបានក្រុមជនខិលខូចលួចដាក់គ្រឿងចក្រជីកាយ ឈូសឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឱ្យអ្នកមានលុយ មានអំណាចថែមទៀតផងនោះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុមឈ្មួញខិលខូច និងអ្នកមានលុយ អ្នកមានអំណាច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កា.ប់ដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា ដោយមិនខ្លាចញញើតនឹងផ្លូវច្បាប់ អាជ្ញាធរឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធ ហាក់បីដូចជាមិនអើពើ និងចាត់វិធានការទាល់តែសោះ។
![Picture]()
ប្រជាពលរដ្ឋបានដាក់ការសង្ស័យទៀតថា នៅក្នុងរឿងជនខិលខូចដាក់គ្រឿងចក្រ (អាអ៊ិច) នោះ មន្ត្រីបរិស្ថាន ក៏ដូចជាមេឃុំតាសាល និងមេឃុំត្រពាំងជោ ព្រមទាំងអាជ្ញាធរស្រុកឱរ៉ាល់ មិនអាចឆ្លើយយករួចខ្លួនបានឡើយ ដោយហេតុថា ត្រឹមតែរយៈពេលខ្លីសោះ ដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យជាច្រើនរយហិកតា នៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
![Picture]()
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំតាសាល និងឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងទៀតថា ជនខិលខូចដែលហ៊ានយកគ្រឿងចក្រទៅធ្វើការឈូសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ដែលការពារដោយព្រះរាជក្រឹត្យ (នៅចំណុចជើងភ្នំប្រាក់នេះ) គ្មានច្បាប់អនុញ្ញាតនោះ ត្រូវបានគេស្គាល់ឈ្មោះតាប៉ាង អាយុប្រហែល៦០ឆ្នាំ បានធ្វើសកម្មភាពលួចដាក់គ្រឿងចក្រ ឈូសឆាយដីព្រៃរបស់រដ្ឋទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងហាក់គ្មានខ្លាចញញើតច្បាប់សូម្បីតែបន្តិច ហើយអាជ្ញាធរឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធជាច្រើនស្ថាប័នមិនធ្វើការបង្ក្រាបសោះឡើយ។
![Picture]()
ក្រុមជនខិលខូច អាចដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កា.ប់ដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា នៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺយ៉ាងស្រួល ដោយមិនមានការខ្វាយខ្វល់ពីផលប៉ះពាល់ ឬចាត់វិធានការតាមផ្លូវច្បាប់ណាមួយមកលើពួកគេនោះឡើយ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរ និងជំនាញពាក់ព័ន្ធបានលាភសក្ការៈហើយ ទើបគ្មានឆន្ទៈក្នុងការថែរក្សា និងអភិរក្សដីព្រៃការពារដោយព្រះរាជក្រឹត្យបែបនេះនោះ។
![Picture]()
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានដាក់ការសង្ស័យទៀតថា បើគ្មានការបើកដៃពីមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចំណុះឱ្យមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មេឃុំតាសាល មេឃុំត្រពាំងជោ ក៏ដូចជាអាជ្ញាធរស្រុកឱរ៉ាល់ទេនោះ គឺសកម្មភាពដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កា.ប់ដីព្រៃរបស់រដ្ឋនៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ មិនអាចកើតឡើងបានទេ។
![Picture]()
ជាក់ស្ដែងកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ចំណុចទីតាំងដីខាងលើឃើញថា មានគ្រឿងចក្រអេស្កាវទ័រ «ហៅថាអាអ៊ិច»ចំនួន២គ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋអស់ជាច្រើនហិកតា ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។ ក្រោយពីឃើញក្រុមអ្នកសារព័ត៌មានយើង តៃកុងអេស្កាវទ័រ «ហៅថាអាអ៊ិច» បានបើកគ្រឿងចក្រប្រុងរត់ ដើម្បីយកគ្រឿងចក្រទៅលាក់ទុក។ ភ្លាមៗនោះ មានបុគ្គលម្នាក់បើករថយន្តមក ដែលគេស្គាល់ ឈ្មោះ តាប៉ាង ជាអ្នកយកគ្រឿងចក្រមកឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនោះ បានធ្វើកាយវិការច្រងេងច្រង៉ាង ហើយបានឲ្យក្រុមអ្នកសារព័ត៌មានយើងទៅផ្ទះលោក ដើម្បីនិយាយគ្នា។
![Picture]()
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានស្នើសុំយ៉ាងទទូចដល់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ គួរចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យឡើងវិញផង ពីព្រោះត្រឹមតែរយៈពេលខ្លីសោះ ដីព្រៃរបស់រដ្ឋក្បែរភ្នំប្រាក់ ជាច្រើនរយហិកតា បានក្លាយជាវាលរហោឋានអស់ទៅហើយ។
![Picture]()
ជុំវិញករណីក្រុមជនខិលខូចលួចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ គ្មានច្បាប់អនុញ្ញាតខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពី តាប៉ាង បានទេ ដោយមិនមានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។
ដោយឡែក លោក អោម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្រោយពីអ្នកសារព័ត៌មានយើងបានរាយការណ៍ទៅលោក។ លោកបានបញ្ជាឱ្យលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែន ដើម្បីឲ្យកូនចៅចុះទៅពិនិត្យមើល។
![Picture]()
ប៉ុន្តែចំណែកឯលោក ថន ចាន់ នាយរងការិយាល័យដែនជម្រកស្រុកឱរ៉ាល់ បានរាយការណ៍ជូនលោក ហ៊ុល ម៉ារ៉ា នាយការិយាល័យដែនជម្រកស្រុកឱរ៉ាល់ថា លោកបានដឹកនាំកម្លាំងមន្ត្រីដែនដីចុះពិនិត្យជាក់ស្តែងនូវកន្លែងសារព័ត៌មានចុះផ្សាយ ឃើញថា ពុំមានគ្រឿងចក្រនៅទីតាំងនោះទេ ឃើញតែស្នាមឈូសធ្វើផ្លូវចាស់ដែលឆ្លងកាត់ពីភូមិសំរោង ទៅតំបន់ជាំទៅវិញ។
![Picture]()
បើមើលតាមរូបភាពដី ដែលក្រុមឈ្មួញជនខិលខូចលួចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានយកធ្វើជាកម្មសិទ្ធិ និងរបាយការណ៍របស់លោក ថន ចាន់ ដែរថា ឃើញតែស្នាមឈូសធ្វើផ្លូវចាស់ដែលឆ្លងកាត់ពីភូមិសំរោង ទៅតំបន់ជាំ គឺជារបាយការណ៍កន្ទេលធំបន្លំដេក។ ចំណុចត្រង់នេះហើយ ដែលប្រជាពលរដ្ឋដាក់ការសង្ស័យថា បានឃុបឃិតគ្នាជាប្រព័ន្ធនោះ។
![Picture]()
លុះដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ លោក ជា ទិត្យ អនុប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញចុះពិនិត្យទីតាំងជាក់ស្តែង ហើយបានធ្វើលិខិតដកហូតដីដែលក្រុមជនខិលខូចឈ្មោះ តាប៉ាង ដាក់គ្រឿងចក្រឈូសឆាយនោះ ដកហូតជាសម្បត្តិរដ្ឋវិញទាំងអស់។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ