ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវបានគេព្រួតគ្នាចាប់ក្រៀក.កជាប់ នៅពេលគេប្រទះឃើញជាក់ស្ដែងពេលកំពុងធ្វើសកម្មភាពលូកហោប៉ៅខោគេបន្លំលួចយកប្រាក់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្សារ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៧ មីនា នៅក្នុងផ្សារថ្មគោល ស្ថិតក្នុងឃុំតាពូង ស្រុកថ្មគោល ហើយបានប្រគល់ឲ្យសមត្ថកិច្ចចាត់ការភ្លាមៗដែរ ។
អធិការស្រុកថ្មគោល លោក សេង លុច បានឲ្យដឹងថា ពីតជាមានជនស្ត្រីម្នាក់ត្រូវអ្នកផ្សារស្រុកថ្មគោល ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចរបស់លោកមែន ដោយសារតែស្ត្រីម្នាក់នោះបន្លំលួចយកលុយពីក្នុងហោប៉ៅខោគេនៅក្នុងផ្សារ ។ លោកបានប្រាប់ថា ជនសង្ស័យឈ្មោះ សុខ ចិន្តា ស្រីអាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិកណ្ដឹង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។ ស្ត្រីរូបនេះ ត្រូវជាប់សង្ស័យបានបន្លំលូកហោប៉ៅខោជនរងគ្រោះឈ្មោះ ហាប់ រំដួល ស្រីអាយុ៣៩ឆ្នាំ នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខណៈពេលកំពុងដើរក្នុងផ្សារ។
លោកអធិការបានបញ្ជាក់ថា ជនដៃដល់បានលូកហោប៉ៅខោដកលុយ លុះម្ចាស់លុយដឹង ក៏ទម្លាក់ចោលក្បែរនោះ តែត្រូវសាក្សីនានានៅក្បែរនោះប្រទះឃើញផ្ទាល់ផ្នែកក៏នាំគ្នាចាប់ក្របួចកជាប់ ហើយត្រូវកម្លាំងរបស់លោកដែលប្រចាំការនៅក្បែរអន្តរាគមន៍នាំយកស្ត្រីដៃដល់នោះមកកាន់អធិការភ្លាមៗដែរ ដើម្បីសួរនាំ ។ តាមការស្រង់សំដី សាក្សីបាននិយាយថា គេបានឃើញផ្ទាល់ផ្នែក នូវសកម្មភាពស្ត្រីដៃឆើតខាងលើនេះ នៅពេលលូកយកលុយពីក្នុងហោប៉ៅខោស្ត្រីរងគ្រោះ ។
ពេលនោះជនរងគ្រោះក៏បានដឹងដែរ ហើយពេលងាកមកឃើញជនដៃដល់ទម្លាក់លុយនោះចោល តែត្រូវគេនាំគ្នាក្របួចក ស្ត្រីដៃឆើតនេះជាប់ភ្លាមៗដែរ។ ស្ត្រីរូបនេះ បានព្យាយាមប្រកែក បដិសេធទាំងបំពានថា ខ្លួនមិនបានលួចយកលុយនោះទេ បើទោះជាសាក្សីជាច្រើនបានប្រទះឃើញផ្ទាល់ភ្នែកក្ដី។ ប៉ុន្តែនៅពេលនាំខ្លួនទៅដល់អធិការស្រុក ស្ត្រីដៃឆើតឈ្មោះ សុខ ចិន្តា បានឆ្លើយសារភាពប្រាប់មន្ត្រីជំនាញថា ខ្លួនពិតជាបានធ្វើសកម្មភាពលូកហោប៉ៅបន្លំលួចលុយស្ត្រីរងគ្រើនោះមែន ។
ស្ត្រីរូបនេះបានបញ្ជាក់ថា ខ្លួនទើបតែមកពីស្រុក នៅខេត្តតាកែវ ហើយក៏ទើបប្រព្រឹត្តកំហុសលើកដំបូងដែរនៅស្រុកថ្មគោលនេះ តែស្ត្រីរូបនេះមិនបានប្រាប់ថា ខ្លួនមានបក្សពួកប៉ុន្មាននាក់ដែរ បើទោះជាមន្ត្រីជំនាញបាន
ព្យាយាមជជីកសួរដេញដោលអំពីចំណុចនេះក្តី ហើយក៏មិនខ្ចីប្រាប់ពីកន្លែងស្នាក់នៅបណ្ដោះអាសន្នដែរ។ ប៉ុន្តែបើតាមលោក សេង លុច អធិការស្រុកថ្មគោល បាននិយាយថា បើតាមការស្រាវជ្រាវ ស្ត្រីដៃដល់ម្នាក់នេះអាចនៅមានបក្សពួកមួយចំនួនទៀត ហើយបក្សពួកគេជាអ្នកដឹកស្ត្រីម្នាក់នេះ យកមកទម្លាក់ឲ្យធ្វើសកម្មភាពនៅស្រុកថ្មគោល។
នេះជាទម្លាប់របស់ក្រុមចោរលួច ។ ប៉ុន្តែយ៉ាងណា លោកអធិការបានបញ្ជាក់ថា លុយដែលស្ត្រីដៃដល់បានលូកហោប៉ៅស្ត្រីរងគ្រោះ បន្លំលួចយកនោះមានចំនួន២៥០.០០០ម៉ឺនរៀល ។ លុយនោះបានប្រគល់ជនរងគ្រោះវិញហើយ តែជនសង្ស័យ មន្ត្រីជំនាញរបស់លោកកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការខេត្ត ចាត់ការតាមនីតិវិធី ។
ចែករំលែកព័តមាននេះ