ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! Spurs ចែកផ្លូវ​ជាមួយ​លោក Conte ដែល​បាន​ហែកកេរ្តិ៍​ក្លិប និង​កីឡាករ

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប​បាល់ទាត់ Tottenham Hotspur កាលពី​ថ្ងៃ​ទី​២៦ ខែមីនា កន្លង​ទៅ បាន​ប្រកាស​ចែក

អង់គ្លេស ៖ ក្លិប​បាល់ទាត់ Tottenham Hotspur កាលពី​ថ្ងៃ​ទី​២៦ ខែមីនា កន្លង​ទៅ បាន​ប្រកាស​ចែកផ្លូវ​ជាមួយនឹង​លោក Antonio Conte អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​របស់​ខ្លួន បន្ទាប់​ពី​មាន​បញ្ហា​មិន​ចុះសម្រុង​ដែល​បង្ក​ជា​ការ​បញ្ឆេះ​កំហឹង​រវាង​គ្នា ចាប់តាំងពី​ពេល​បុរស​ជនជាតិ​អ៊ី​តា​លី​រូប​នេះ​បាន​ធ្វើការ​អត្ថាធិប្បាយ​រិះគន់​ចំពោះ​ភាព​ទន់ខ្សោយ​នៃ​ក្រុម​របស់​គាត់ និង​វប្បធម៌​នៃ​ការ​បរាជ័យ​នៅ​ក្នុង​ក្លិប​មួយ​នេះ​។

លោក Antonio Conte បាន​ក្លាយជា​អ្នកចាត់ការ​ក្រុ​មាន់​ខ្នាយ​មាស Tottenham Hotspur កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ ដើម្បី​មក​ជំនួស​លោក Nuno Espirito Santo ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​។

លោក Daniel Levy ប្រធានក្លិប Tottenham Hotspur

ក្រោម​ការ​ដឹកនាំ​៧៦​ប្រកួត​របស់​លោក Conte ពោល​គឺ​ឈ្នះ​៤១ ស្មើ​១២ និង​ចាញ់​២៣​ប្រកួត ដោយ​ពុំ​ឈ្នះ​ពានរង្វាន់​អ្វី​ទាល់តែ​សោះ ខណៈ​ដែល​បច្ចុប្បន្ន ពួក​គេ​នៅ​សល់​តែ​ការ​ប្រកួត​ក្នុង​លី​គ​កំពូល​អង់គ្លេស Premier League តែ​ប៉ុណ្ណោះ ដែល​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ឆ្លងកាត់​២៨​ប្រកួត​កន្លង​ទៅ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Arsenal រហូត​ដល់​២០​ពិន្ទុ​ឯណោះ​។ ដូច្នេះ​ពួក​គេ​ត្រូវ​ធ្វើការ​ប្រកួតប្រជែង​ដណ្តើម​កៅអី​លេង​ក្រប​ខណ្ឌ UEFA Champions League សម្រាប់​រដូវ​កាល​ក្រោយ​។

ការ​សម្រេច​បញ្ចប់​តំណែង​លោក Conte ត្រូវ​បាន​មើលឃើញ​ថា កើតឡើង​បន្ទាប់​ពី​អ្នកចាត់ការ​រូប​នេះ​បាន​ហែកកេរ្តិ៍​កីឡាករ​របស់​គាត់ បន្ទាប់​ពី​លទ្ធផល​ស្មើគ្នា ៣-៣ នៅ​លើ​ទឹកដី​ក្រុម Southampton កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ដោយ​លោក​បាន​ហៅ​ពួក​គេ​ថា អាត្មា​និយម និង​បន្ទោស​ពួក​គេ​ចំពោះ​ការ​រាំងស្ទះ​ដល់​ការ​ឈ្នះ​ពានរង្វាន់​សម្រាប់​ក្លិប​។

ដំបូង​ឡើយ​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា លោក Conte នឹង​ចាកចេញ​នៅ​ពេល​កិច្ចសន្យា​គាត់​ផុតកំណត់​នៅ​បញ្ចប់​រដូវ​កាល​នេះ​។ ប៉ុន្តែ​ក្រោយ​ការ​ផ្ទុះ​មានរឿង​រកាំរ​កួស​រួច​មក គ្រប់​គ្នា​យល់​យ៉ាង​ច្បាស់​ថា កីឡាករ​ក្នុង​ក្រុម​ភាគច្រើន​មិន​សប្បាយចិត្ត​ចំពោះ​វត្តមាន​អ្នកចាត់ការ​រូប​នេះ និង​ចង់​គាត់​ចាកចេញ​ភ្លាម​ៗ​តែ​ម្តង​។

ជំនួយការ​រយៈពេល​វែង​របស់​លោក Conte គឺ​លោក Cristian Stellini នឹង​ក្លាយជា​គ្រូបង្វឹក​បណ្តោះអាសន្ន​សម្រាប់​រដូវ​កាលដែល​នៅ​សល់ ដោយ​មាន​លោក Ryan Mason ជា​ជំនួយការ​របស់​គាត់ ខណៈ​ដែល​ក្លិប​កំពុង​តែ​ផ្តោត​យ៉ាង​ខ្លាំង​លើ​លោក Julian Nagelsmann ដែល​ទើបតែ​ត្រូវ​បាន​ក្លិប Bayern Munich បណ្តេញ​ចេញពី​តំណែង​កាលពី​ថ្ងៃ​ទី​២៤ មីនា កន្លង​ទៅ​ថ្មី​ៗ​នេះ ដើម្បី​មក​ធ្វើ​ជា​អ្នកចាត់ការ​អចិន្ត្រៃយ៍​របស់​ខ្លួន​៕ (​ដកស្រង់​ចេញពី The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ