រាជធានីភ្នំពេញ ៖ ចំនួនអ្នកប្រើប្រាស់បារីអេឡិចត្រូនិកនៅកម្ពុជាអាចមានការកើនឡើង ប្រសិនបើម្នាក់ៗ ជាពិសេសយុវជនមិនសូវដឹងអំពីផលប៉ះពាល់របស់វា ហើយមិនតែប៉ុណ្ណោះមានអ្នកខ្លះយល់ច្រឡំទៀតថា វា គឺជារបស់ជួយផ្តាច់បារីថែមទៀតនោះ។មកដល់ពេលនេះទំនោរនៃការប្រើប្រាស់វត្ថុដែលប៉ះពាល់ដល់សុខភាពនេះ ហាក់មានការកើនឡើង ជាពិសេសនៅក្នុងចំណោមយុវវ័យដោយសារតែការយល់ច្រឡំចំពោះអ្វីដែលគេបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងការឭតៗគ្នា។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញការព្រមានមួយហើយថ្មីៗនេះ ហើយការព្រមាននេះកើតមានឡើងក្រោយពេលដែលមានការស្រាវជ្រាវមួយគេបានរកឃើញថា យុវសិស្សជាច្រើនបានដឹង និងស្គាល់ពីបារីអេឡិចត្រូនិក ហើយនៅក្នុងនោះច្រើនជាង៥០% បានស្គាល់តាមរយៈបណ្ដាញព័ត៌មានសង្គមដូចជា ហ្វេសប៊ុក និងតិកតុកជាដើម។
ប៉ុន្តែបញ្ហាដែលជាការបារម្ភនោះ គឺនៅត្រង់របាយការណ៍សិក្សានោះបញ្ជាក់ថា មានគ្រូ និងសិស្សដល់ទៅជាង៦០% បានបញ្ជាក់ថា មិនបានយល់ដឹងពីផលប៉ះពាល់នៃបារីអេឡិចត្រូនិកនេះទៅវិញ ស្របពេលដែលអ្នកដែលបាន និងកំពុងប្រើបារីអេឡិចត្រូនិកនោះមួយចំនួនបែរជាជឿតាមការឃោសនារបស់អ្នកលក់ថា ជាម៉ាស៊ីនផ្ដាច់បារី និងមានសុវត្ថិភាពថែមទៀត។

នេះ គឺជាហានិភ័យមួយ នៅក្នុងប្រព័ន្ធអប់រំដែលយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់។បើមិនដូច្នេះទេ ពួកគេទាំងនោះនឹងអាចសាកល្បងតាមការអូសទាញរបស់មិត្តភក្តិ និងក្រុមអ្នកដែលប្រើប្រាស់។
ពាក់ព័ន្ធនឹងបញ្ហានេះ នៅក្នុងសិក្ខាសាលាមួយដែលគេបានរៀបចំឡើង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឲ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់បង្កើនការត្រួតពិនិត្យ និងការហាមឃាត់ប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក ជាពិសេសនៅក្នុងសាលាផ្ទាល់តែម្តង។
ក្រៅពីនោះ លោកស្រីក៏បានសំណូមពរ អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះការចែកចាយបារីអេឡិចត្រូនិក ពិសេសការផ្សព្វផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម ជាអាទិ៍ ហ្វេសប៊ុក តិកតុក អ៊ីនស្តាក្រាម ដែលវា គឺសុទ្ធតែជាប្រភពចម្បងនៃចែកចាយបារីអេឡិចត្រូនិកដល់កុមារនិងយុវជន។

ជាការពិតបារីអេឡិចត្រូនិច និងផលិតផលដែលពាក់ព័ន្ធដូចជា ផលិតផលអេចឈ៍ធី ភី គ្រប់ប្រភេទ គឺជារបស់ខុសច្បាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយកាលពីឆ្នាំ២០២១ អាជ្ញាធរកម្ពុជាក៏បានចេញបម្រាមហាមឃាត់បន្ថែមទៀត លើការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផលអេចឈ៍ធី ភី (HTPs) បន្ថែមទៀត ប៉ុន្តែចំណាត់ការហាក់នៅមានកម្រិត។
បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ធីភីទាំងនេះ គឺខុសច្បាប់ ប៉ុន្តែអ្នកដែលឃោសនាលក់ និងជូញដូរវត្ថុទាំងនេះនៅលើបណ្តាញសង្គមហាក់ដូចជាមិនសូវឃើញករណីបង្ក្រាបទាល់តែសោះ។អ្នកលក់នៅតែបន្តលក់ ហើយអ្នកជក់ ឬប្រើប្រាស់នៅតែប្រើយ៉ាងរំភើយ មកដល់ពេលនេះ ខណៈដែលផលិតផលទាំងនេះ គឺវាបង្កផលប៉ះពាល់ខ្លាំងណាស់ដល់សុខភាពមនុស្ស។
យោងទៅតាមឯកសាររបស់មជ្ឈមណ្ឌលគ្រប់គ្រងនឹងបង្ការជំងឺដែលហៅកាត់ថា CDC របស់អាមេរិកបានឲ្យដឹងថា បារីអេឡិចត្រូនិក និងផលិតផលដែលពាក់ព័ន្ធ គឺជាគ្រឿងញៀ.ន ហើយការប្រើប្រាស់វា គឺវាអាចអាក្រក់ជាងការប្រើប្រាស់ និងជក់បារីផងដែរ។បារីអេឡិចត្រូនិក និងផលិតផលទាំងនេះវាមិនមានសុវត្ថិភាពឡើយ ចំពោះមនុស្សគ្រប់វ័យ ជាពិសេស គឺកុមារ យុវវ័យ ស្ត្រីមានផ្ទៃពោះ រីឯការផ្សព្វផ្សាយថា វាមានសុវត្ថិភាព គឺមិនមែនជាព័ត៌មានពិតឡើយ។

ឯកសារបានបញ្ជាក់ថា ភាគច្រើននៃផលិតផលបារីអេឡិចត្រូនិក គឺផ្ទុកសារធាតុនីកូទិន ដែលជាសារធាតុញៀ.ន និងពុលដែលអាចប៉ះពាល់ដល់ការលូតលាស់រូបរាងកាយ សតិបញ្ញា និងខូចសរីរាង្គក្នុង ជាពិសេស គឺប្រព័ន្ធដកដង្ហើម សួត បេះដូង ក្រពះ ពោះវៀនថែមទៀត។ ខណៈដែលបារីអេឡិចត្រូនិកទាំងនេះ វាមានរូបរាង និងរូបភាពផ្សេងៗគ្នាដែលគេរចនាឡើងធ្វើយ៉ាងណាតម្រូវតាមការចូលចិត្ត និងពេញចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងគោលបំណង អូសទាញ និងទាក់ទាញការប្រើប្រាស់។
នេះ គឺជាព័ត៌មានពិត អំពីផលិតផលបារីអេឡិកត្រូនិក ដែលខុសពីព័ត៌មានមួយចំនួន ដែលគេបានផ្សព្វផ្សាយ និងចាត់ទុកផលិតផលទាំងនេះថា អាចជួយកាត់បន្ថយភាពតានតឹងបង្ហាញពីភាពហ៊ឺហាក្នុងនាមយុវវ័យសម័យថ្មី ។ បារីអេឡិចត្រូនិក មិនមែនជាឧបករណ៍ជំនួយដើម្បីកាត់បន្ថយអារម្មណ៍តប់ប្រមល់ និងកាត់ផ្តាច់ការជក់បារីធម្មតានោះឡើយ។
សរុបមកវិញ សូមកុំយកខ្លួនទៅសាក និងប៉ះពាល់ឧបករណ៍ទាំងឡាយណា។ ក្រៅពីយុវជន គួរដឹងអំពីផលប៉ះពាលនៃឧបករណ៍ខុសច្បាប់ទាំងនេះ អាណាព្យាបាល ឪពុកម្តាយ ជីដូន ជីតា ក៏គួរតែឧស្សាហ៍និយាយ និងរំលឹកពីគ្រោះថ្នាក់ និងសភាពភិនភាគនៃឧបករណ៍ទាំងនេះប្រាប់កូនចៅខ្លួនផងដែរ ប្រយោជន៍បញ្ជ្រាបព័ត៌មានពិតដល់ពួកគេ ដើម្បីឲ្យពួកគេទទួលព័ត៌មានគ្រប់គ្រាន់ពីឧបករណ៍ដ៏គ្រោះថ្នាក់ទាំងនេះ។
ដោយឡែកអាជ្ញាធរមានសមត្ថកិច្ច ក៏គួរតែចាត់វិធានការច្បាប់ប្រឆាំងនឹងជនទាំងឡាយណាដែលជូញដូរ និងលក់ឧបករណ៍ទាំងនេះផងដែរ មិនមែនខុសច្បាប់តែនៅលើក្រដាសនោះឡើយ៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ