ខេត្តបាត់ដំបង៖ សង្វៀនមាន់របស់លោកដង្វៅ «ខុច» នៅភូមិបល្ល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង នៅតែបើកស្វាគមន៏អ្នកបីមាន់ទៅជល់ និងអ្នកភ្នាល់ដាក់លុយយ៉ាងភ្លូកទឹកភ្លូកដីដដែល ដោយពុំមានការរំខានពីសមត្ថកិច្ចឡើយ បើទោះជាមានអ្នកសារព័តមានមួយចំនួនបានផ្ដល់ដំណឹងនៅកាន់លោកស្នងការខេត្ត និងបានផ្សព្វផ្សាយបង្ហាញផ្លូវដល់កម្លាំងសមត្ថកិច្ចជំនាញ ដើម្បីចុះអើតមើលឬឈានដល់ការបង្ក្រាបក្ដី។ នេះបើតាមសេចក្ដីរាយការណ៍នៅរសៀលថ្ងៃទី២៤ មីនា។
![Picture]()
ប្រភពបានឲ្យដឹងថា សង្វៀនមាន់របស់លោកដង្វៅ«ខុច»ដែលគេអះអាងថា មិនខ្លាចញញើតសមត្ថកិច្ចណាសោះ បាននិងកំពុងបើកលេងយ៉ាងគគ្លើនដដែល។ នេះបើតាមប្រភពព័ត៌មាន ដែលបានឲ្យដឹងនៅរសៀលថ្ងៃនេះ។ បើតាមការផ្ដល់ព័ត៌មាន មូលហេតុដែល សង្វៀនមាន់របស់តាខុច នៅតែអាចបើកដំណើរការបានមិនខ្វល់ពីការបង្ក្រាបរបស់សមត្ថកិច្ច ក៏ព្រោះតែមានសមត្ថកិច្ចខិលខូចជាអ្នកកាងពីក្រោយដែរ ជាថ្នូរនឹងប្រាក់សំណែនប្រចាំខែ។ បើតាមប្រភព គេស្គាល់ទាំងឈ្មោះ និង អង្គភាពមន្ត្រីកំហូចទាំងនោះទៀតផង។
![Picture]()
គេជឿថា ពិតជាអាចមានមន្ត្រីខិលខូចមួយចំនួន ដើរយកប្រាក់សំណែនពីសង្វៀនមាន់នេះ ឬ កន្លែងដទៃទៀត ដូចការផ្ដល់ព័ត៌មានខាងលើនេះមែន។ ពីព្រោះបើពិនិត្យលើសកម្មភាពសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ហាក់គ្មានកម្រើកឬចាប់អារម្មណ៏ទៅនឹងសង្វៀនមាន់នេះទេ ហើយក៏គ្មានមន្ត្រីណាម្នាក់ចុះទៅសួរនាំម្ចាស់សង្វៀនដ៏មហិមានេះដែរ រាប់ចាប់តាំងពីមន្ត្រីប៉ុស្ដ៏រដ្ឋបាលមូលដ្ឋាន រហូតដល់មន្ត្រីការិយាល័យជំនាញ នៃស្នងការខេត្ត។
![Picture]()
រីឯសង្វៀនមាន់លោកថៅកែ ខុច វិញកាន់តែបានដៃ បើកចំហរបន្តសកម្មភាពយ៉ាងគគ្លើនដដែល។ បើតាមការពិនិត្យលើសកម្មភាពប៉ូលិសក្រុង និង មន្ត្រីជំនាញ នៃស្នងការខេត្ត ហាក់គ្មានឆន្ទះក្នុងការបង្ក្រាបល្បែងស៊ីសងទេ មានតែទាក់យកមកឆាន់។ ដូច្នេះមហាជនមានតែរង់ចាំ សម្ដេចក្រឡាហោម បញ្ជាកម្លាំងពីក្រសួងមហាផ្ទៃចុះបង្ក្រាបផ្ទាល់ទេ ទើបអាចរលាយសង្វៀនមានជល់នៅភូមិបល្ល័ង្កដ៏ល្បីល្បាញនេះ។
![Picture]()
ប៉ុន្តែបើតាមប្រភពថា តាខុច បានអួតប្រាប់គេឯងថា គាត់មិនខ្លាចនរណាទាំងអស់ ព្រោះគាត់បានចចារបង់សំណែន ចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ។ បែបចឹងមែនហើយ ទើបគាត់នៅតែបើកលេងបានយ៉ាងគគ្លើន រីឯសមត្ថកិច្ចក៏មិនដែលឃើញទៅអើត។ ពិតជាខ្លាំងអស្ចារ្យមែនលោកដង្វៅមាន់ជល់«ខុច»៕
ចែករំលែកព័តមាននេះ