ខេត្តកំពង់ឆ្នាំង៖ សមយុទ្ធនាគមាស ឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា-ចិន បានធ្វើឡើង ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន»។
ពិធីបើកសមយុទ្ធនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ ឈិន មិនធាន នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។
សមយុទ្ធនាគមាសនេះ ធ្វើឡើង រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នៅក្នុងសមយុទ្ធនេះ ភាគីកម្ពុជា មានកងទ័ពចូលរួមផ្ទាល់ចំនួន ៥៨៣នាក់។ ដោយឡែក កងទ័ពចិនមានចំនួន ២៥៧នាក់។
លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត លើកឡើងថា «ការចាត់តាំងធ្វើសមយុទ្ធនាគមាសលើកទី៥ នេះ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខរបស់កងទ័ពនៃប្រទេសទាំងពីរ រួមទាំងតម្រូវការនៃកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាសន្តិសុខនៅក្នុងតំបន់ ដោយក្នុងនេះយើងរំពឹងនឹងទទួលបាននូវបទពិសោធន៍ជាក់ស្តែងលើការងារ និងទិសដៅមួយចំនួន ដូចជា៖ (i) ការផ្លាស់ប្តូរបទពិសោធន៍លើប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយផ្សេងៗ និង (ii) ការលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស, ប្រជាជន និងកងទ័ពទាំងពីរ តាមរយៈការបង្កើនទំនុកចិត្ត, ការប្រាស្រ័យទាក់ទងរាប់អានគ្នារវាងយោធិនជាលក្ខណៈបុគ្គល និងការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក ក៏ដូចជាការលេងកីឡាជាមួយគ្នា»៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ