មានការនិយាយច្រើនអំពីបញ្ហាសីលធម៌របស់អ្នកសារព័ត៌មាន និងគ្រូពេទ្យជាដើម ។ ប៉ុន្តែតាមពិតបញ្ហាសីលធម៌កើតមានសឹងគ្រប់ផ្នែក និងវិស័័យគ្រាន់តែខុសគ្នាតិច និងច្រើនប៉ុណ្ណោះ ។ សូម្បីតែអ្នកលក់ដូរខ្លះក៏ខ្វះសីលធម៌ហើយលក់របស់ ឬអាហារដែលអាចខូចសុខភាព និងសម្លា.ប់មនុស្សដោយមិនដឹងខ្លួន។
មនុស្សមួយចំនួននៅពេលបច្ចុប្បន្នបានហ៊ានធ្វើគ្រប់យ៉ាងក៏ព្រោះតែលុយ ហើយទម្លាក់ចោលសីលធម៌ ។ ដូច្នេះអ្នកខ្លះមិនខ្វល់ឡើយពីអ្នកដទៃអោយតែខ្លួនបានរស់ និងរកលុយបានច្រើនដោយមិនខ្វល់ថាសកម្មភាពរបស់ខ្លួននោះត្រឹមត្រូវ ឬប្រកបដោយសីលធម៌ និងបំផ្លាញដល់សុខភាព និងជីវិតអ្នកដទៃឡើយ។
ស្របពេលការរស់នៅរបស់ពលរដ្ឋប្រឈមបញ្ហាសង្គមជាច្រើនមានតាំងពីការហូបចុក ការលក់ដូរ អំពើរពុករលួយ គ្រឿងញៀ.ន អំពើហិ.ង្សា ការបៀតបៀនគ្នាដោយសម្តីដោយការវិការ កើតមានឡើងរាល់ថ្ងៃនោះ មានការមើលឃើញថា ការពង្រឹងគុណធម៌ សីលធម៌នៅក្នុងការរស់នៅជាការចាំបាច់មួយ ដើម្បីឱ្យមានសុខុដុមរមនានៅក្នុងសង្គមជាតិ។
![Picture]()
ជាឧទារហណ៍មួយនៅក្នុងពេលបច្ចុប្បន្ន មនុស្សជាច្រើនបារម្ភពីចំណីអាហារគ្មានសុវត្ថិភាពរាប់ពីជាតិគីមីនៅក្នុងបន្លែផ្លែឈើ ត្រីសាច់ខូចគុណភាពជាដើម។ដើម្បីគេចពីបញ្ហាទាំងអស់នេះ ពលរដ្ឋអ្នកមានលទ្ធភាពបានចូលផ្សារទំនើបទិញរបស់ថ្លៃ ឬកន្លែងដែលអះអាងថា លក់របស់ធម្មជាតិ។
សកម្មភាពទាំងអស់នោះសួរថា តើពលរដ្ឋទាំងអស់នោះអាចប្រាកដបានទេថា នឹងទិញបានបន្លែ ត្រីសាច់ធម្មជាតិ?ជាការពិតសកម្មភាពនេះ ទោះមិនបាន១០០% ប៉ុន្តែគេមានជំនឿក្នុងចិត្តខ្លះលើសុវត្ថិភាពចំណីអាហារ។ប៉ុន្តែគេសួរបន្តថា តើសកម្មភាពនេះបញ្ហាសង្គមមួយនេះ អាចដោះស្រាយបានទេ?និងថា តើមានពលរដ្ឋប៉ុន្មាននាក់អាចទទួលបានអាហារ បន្លែផ្លែឈើ មានសុវត្ថិភាព ក្នុងតម្លៃថ្លៃនោះ។
រូបតំណាងការស្វែងរកចំណីអាហារមានសុវត្ថិភាពតាមរយៈការទិញអាហារនៅកន្លែងថ្លៃ មិនមែនជាដំណោះស្រាយបញ្ហាសង្គមដ៏ស្មុគស្មាញ និងកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងសង្គមនេះបានទេ ។ ដំណោះស្រាយពិតប្រាកដ គឺការអនុវត្តច្បាប់ ក្រសួងស្ថាប័នជំនាញ ដែលជាអាណាព្យាបាល រកវិធី និងយុទ្ធសាស្ត្រច្បាស់លាស់ ដើម្បីចាត់ការមនុស្ស ខិលខូចដែលបំផ្លាញដល់សង្គម។
ស្របពេលនោះ ការពង្រឹងសីលធម៌ ធ្វើឱ្យពលរដ្ឋមានសីលធម៌ខ្ពស់ ក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ចឹមជីវិត គឺជាមធ្យោបាយសំខាន់មួយដែលមិនគួរមើលរំលង។មែនទែនទៅកម្ពុជាដែលបានកាន់ព្រះពុទ្ធសាសនា ការមានសីលធម៌ខ្ពស់នៅក្នុងការរស់នៅបំពេញវិជ្ជាជីវៈ និងការប្រកបរបរចិញ្ចឹមជីវិត មិនគួរណាពិបាកអនុវត្តឡើយ។ព្រះពុទ្ធបានបង្រៀនសត្វលោកឱ្យចេះធ្វើការប្រៀបធៀបពីខ្លួនឯងទៅអ្នកដទៃ។ឧទាហរណ៍ខ្លួនជាអ្នកលក់ចំណីអាហារខ្លួនប្រាកដជាដឹងថា ត្រីសាច់ ដែលខ្លួនយកមកចម្អិន នោះមានគុណភាពកម្រិតណា។
បើគ្មានគុណភាព តើវាប៉ះពាល់សុខភាពអ្នកទទួលទានយ៉ាងណា? នៅចំនុចនេះ ប្រសិនអ្នកលក់មានសីលធម៌ ហើយជឿលើអំពើបាបបុណ្យ គឺមិនអាចលក់អាហារដែលមានជាតិពុល គ្មានគុណភាព ដែលអាចបំផ្លាញសុខភាពអ្នកដទៃនោះទេ។ ពីព្រោះអ្នកមានសីលធម៌ ប្រាកដជាបានគិតថាចុះបើអ្នកទិញនោះជាខ្លួនឯងវិញ តើវានឹងទៅជាយ៉ាងណា?
រូបតំណាងសីលធម៌ មានន័យថា គឺជាតម្លៃថ្នាក់ខ្ពស់មួយដែលស្តែងឡើងតាមរយៈអំពើ ឬសកម្មភាពល្អរបស់មនុស្សទាំងកាយវាចាចិត្តស្របតាមសិក្ខាបទ ឬក្រឹត្យវិន័យអាស្រ័យដោយកត្តាមួយចំនួនដូចជា សេរីភាព កាលៈទេសៈវិបាកមធ្យោបាយឆន្ទៈ។
មានការមើលឃើញថា នៅក្នុងរយៈពេលចុងក្រោយនេះ សីលធម៌សង្គមបានធ្លាក់ទាបទៅ។ការធ្លាក់ចុះសីលធម៌នៅក្នុងសង្គមគេអាចមើលឃើញរាប់ចាប់ពីការធ្វើការដំណើរលើដងផ្លូវការចោលសំរាម ការកេងប្រវ័ញ្ចគ្នា ការរំលោ.ភបំពានផ្សេងៗពីសំណាក់អ្នកមានបុណ្យសក្ដិ ឬអ្នកមានទ្រព្យជាដើមនោះ។
គេមើលគ្រប់គ្នាមានសីលធម៌ទំនងគេគ្មានបញ្ហាជួញដូរគ្រឿងញៀ.នកើតមានទេ។គ្មាននរណាម្នាក់ដែលមិនដឹងពីគ្រោះថ្នាក់គ្រឿងនោះទេ។ គ្រឿងញៀ.នអាចផលិតបានអាចជួញដូរបាន គឺមកពីមនុស្ស។ អ្នកលក់គ្រឿងញឿ.ន អ្នកជូនដូរគ្រឿងញៀ.ន បើមានសីលធម៌ប្រាកដជាគិត ឃើញថា ចុះបើគ្រឿងញៀ.ននេះធ្លាក់ដល់កូនខ្លួនមនុស្សខ្លួនស្រឡាញ់វិញ តើវាទៅជាយ៉ាងណា។
ដូចគ្នានេះ បើមនុស្សមានសីលធម៌ អំពើរពុករលួយភាពអសកម្មនានានៅ ក្នុងសង្គមដែលប៉ះពាល់ដល់ផលប្រយោជន៍រួមផលប្រយោជន៍ជាតិនោះ ក៏មិនអាចកើតមានដែរ។
ដូច្នេះដើម្បីសង្គមដើម្បីខ្លួនឯង មនុស្សគួរលើកកម្ពស់សីលធម៌ សុជីវធម៌នៅក្នុងការរស់នៅការបំពេញវិជ្ជាជីវៈត្បិតអីសង្គម គឺការរស់នៅទាំងអស់គ្នាមិនអាចរស់តែមួយក្រុមបាននោះទេ។ អ្នកមានសីលធម៌ តែងតែទទួលបានការគោរព ការឱ្យតម្លៃពីសង្គម។ «មានលុយមិនប្រាកដថា មានតម្លៃទទួលបានការគោរពនោះទេ ប៉ុន្តែបើមានសីលធម៌ទោះ ស្លា.ប់ក៏តែគេគោរព និងសោកស្តាយជានិច្ច»៕ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ