រាជធានីភ្នំពេញ ៖ កម្ពុជាពិតជាចង់បានគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និងប្រព័ន្ធដឹកជញ្ជូនទំនើបផ្សេងៗទៀតនៅក្នុងប្រទេស ជាពិសេសរាជធានីភ្នំពេញ។ក្រុមអ្នកជំនាញមួយចំនួនមានសេចក្តីសង្ឃឹម និងជឿជាក់ថា គម្រោងទាំងនេះទំនងជាចាប់ផ្តើមនៅពេលឆាប់ៗខាងមុខ។

បើសិនជាកម្ពុជាមានរថភ្លើងចុះឡើងនៅក្នុងក្រុងភ្នំពេញ ហើយការធ្វើដំណើរមានភាពទៀងទាត់នោះប្រជាពលរដ្ឋជាច្រើននឹងជិះវា ខណៈការធ្វើដំណើរតាមម៉ូតូ និងរថយន្តនៅភ្នំពេញនៅពេលបច្ចុប្បន្ននេះជួបប្រទះការស្ទះចរាចរណ៍ខ្លាំង។
ក្រុមហ៊ុនដែលទទួលសំណើរពីកម្ពុជានៅពេលនេះបានកំពុងតែបញ្ជូនក្រុមអ្នកជំនាញការរបស់ពួកគេមកកាន់កម្ពុជា ដើម្បីសិក្សាវា.យតម្លៃនិងត្រួសត្រាយផ្លូវសម្រាប់ផែនការទំនើបកម្មប្រព័ន្ធដឹកជញ្ជូនកម្ពុជា។
ពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូនថ្មីទាំងនេះ នៅក្នុងដំណើរបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសចិន កាលពីខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឲ្យក្រុមហ៊ុនចិនមួយឈ្មោះក្រុមហ៊ុន China Metro Group Limited ឲ្យសិក្សាពីគម្រោងវិនិយោគ ផ្លូវល្បឿនលឿនធន់ស្រាលពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងបណ្តាញរបស់វានៅក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក និងលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះពីក្រុងសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី។

បន្ទាប់ពីសំណើរនេះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ថ្មីៗ តំណាងក្រុមហ៊ុននេះដឹកនាំដោយលោក លី គូ (Li Kuo) បានដឹកនាំអ្នកជំនាញការមកកម្ពុជាហើយ ។ នៅក្នុងដំណើរមកកម្ពុជានេះ ក្រុមការងារក្រុមហ៊ុន China Metro Group បានធ្វើកិច្ចការច្រើន ដោយនៅក្នុងនោះក៏បានជួបស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីគម្រោងនានាដែលភាគីទាំងពីរធ្លាប់បានជជែកគ្នា កាលពីខែកុម្ភៈ ខណៈកម្ពុជាកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគដែលក្នុងនោះរួមមាន ៖ ការសិក្សាគម្រោង តភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះភ្នំពេញថ្មី ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះថ្មីខេត្តសៀមរាប ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃដឹកជញ្ជូន។

បន្ទាប់ពីជំនួប ប្រភពមួយបានបង្ហើបថា ក្រុមហ៊ុន China Metro Group Limited ពិតជាចាប់អារម្មណ៍ទាំងពីរគម្រោងទាំងនៅភ្នំពញនិងសៀមរាប ប៉ុន្តែសៀមរាបអាចជាគោលដៅចំបងដោយសារតម្លៃនៃការចំណាយនៃការវិនិយោគអាចថោក ហើយមិនស្មុគស្មាញ ស្របពេល ដែលពេលនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូ ម៉ែត្រពីប្រាសាទអង្គវត្ត។
ពេលនេះ ការសាងសង់ព្រលានយន្តហោះនោះធ្វើបានរហូតដល់ទៅ៨៦ភាគរយ ហើយគ្រោងនឹងទទួលយន្តហោះសាកល្បង នៅខែមិថុនា និងប្រតិបត្តិការហោះ ហើរនៅខែតុលា។ រីឯគម្រោង ភ្នំពេញអាចបន្ទាប់ថ្វីត្បិតភ្នំពេញមានសក្តានុពលជាង ប៉ុន្តែតម្លៃនៃការសាងសង់ខ្ពស់ ហើយស្មុគស្មាញផលប៉ះពាល់ច្រើននៅទាមទារយន្តការដោះស្រាយផលប៉ះពាល់យូរ រីឯប្រតិបត្តិការសាងសង់ក៏ ត្រូវការប្រយ័ត្ន ប្រយែងខ្លាំងផងដែរ។

មកដល់ពេលបច្ចុប្បន្ននេះ ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ដែលភាសាអង់គ្លេសគេហៅថា Automated Guideway Transit ឫ Automated Fixed-Guideway Transit ត្រូវបានគេដឹងថាជាប្រភេទហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមិនចាំបាច់មានអ្នកបើកបរក៏បានមានអ្នកបើកបរក៏បានហើយជាទូទៅច្រើនអនុវត្ត ការដឹកជញ្ជូនតភ្ជាប់ពីទីក្រុងទីអាកាសយានដ្ឋាននានា។
ដោយឡែក Monorail ជាប្រព័ន្ធដឹកជញ្ជូនផ្លូវដែកខ្នាតតូច ដែលអាចដឹកជញ្ជូនដោយ មិនចាំបាច់ផ្លូវដែកធំឡើយ ។ មធ្យោបាយដឹកជញ្ជូននេះជាមធ្យោបាយដឹកជញ្ជូនសាធារណៈមានប្រសិទ្ធភាពនៅតាមទីក្រុង ដែលមានលំហរចង្អៀត។
រីឯប្រព័ន្ធរថភ្លើងក្រោមដី ឫ Subway នេះ គឺជាប្រព័ន្ធដឹកជញ្ជូនដែលជួយច្រើនហើយកំណត់ម៉ោងពេលច្បាស់លាស់។នៅអឺរ៉ុប និងប្រទេស ទំនើបៗ វាជាហេដ្ឋារចនាសម្ព័ន្ធដ៏ពេញនិយមបំផុតរបស់ប្រជាពលរដ្ឋ ។

សរុបមកវិញទោះបីជាគម្រោងណាមួយត្រូវសម្រេចសាងសង់មិនថា វានៅរាជធានី ឬនៅសៀមរាបនោះទេ វាសុទ្ធតែមានប្រយោជន៍សម្រាប់កម្ពុជាទាំងអស់ ។ យើងខ្ញុំពិតជាស្វាគមន៍ ហើយសង្ឃឹមថា រាជរដ្ឋាភិបាល និងក្រុមហ៊ុននឹងអាចពិភាក្សាសម្របសម្រួលគម្រោងទាំងនេះ អោយចេញរូបរាងពិតប្រាកដ ដើម្បីជួយជម្រុញកំណើនសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា៕ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ