ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ​ឆ្នើម​ក្រុម Arsenal និង Real Madrid ២​រូប​ប្រកាស​ព្យួរ​ស្បែកជើង​ពី​ពិភព​បាល់ទាត់

1 ឆ្នាំ មុន

បរទេស ៖ អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ Arsenal និង​ក្រុម​ស្តេច​ស Real Madrid ២​រូប​គឺ​ខ្សែ

បរទេស ៖ អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ Arsenal និង​ក្រុម​ស្តេច​ស Real Madrid ២​រូប​គឺ​ខ្សែប្រយុទ្ធ Emmanuel Adebayor និង​ខ្សែបម្រើ​ប្រយុទ្ធ Mesut Özil បាន​ប្រកាស​ចូល​និវត្តន៍​ពិភព​បាល់ទាត់​ជា​ផ្លូវការ​ហើយ ពោល​គឺ​មុន​ក្រោយ​គ្នា​មួយ​ថ្ងៃ​។

កីឡាករ Emmanuel Adebayor អតីត​ខ្សែប្រយុទ្ធ​ក្រុម Arsenal និង​ក្រុម​ជម្រើសជាតិ​តូ​ហ្គោ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ពិភពលោក​បាល់ទាត់​ហើយ កាលពី​ថ្ងៃ​ទី​២១ ខែមីនា កន្លង​ទៅ​។ កីឡាករ​វ័យ​៣៩​ឆ្នាំ​រូប​នេះ បាន​ព្យួរ​ស្បែកជើង​របស់​ខ្លួន​បន្ទាប់​ពី​ចំណាយពេល​ប្រមាណ​២២​ឆ្នាំ ជាមួយនឹង​អាជីព​មួយ​នេះ​។ នៅ​ក្នុង​វី​ដេ​អូ​ដែល​បាន​ចែករំលែក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Adebayor បាន​សម្តែង​ការ​ដឹងគុណ​ចំពោះ​អ្នកគាំទ្រ អតីត​មិត្ត​រួម​ក្រុម និង​ក្រុម​គ្រូបង្វឹក​ទាំងអស់​របស់​គេ​។

ជាមួយ​អាជីព​ដ៏​អស្ចារ្យ​នេះ Adebayor បាន​លេង​ឱ្យ​ក្លិប​សរុប​ចំនួន​១១ ក្នុង​នោះ​រួម​ទាំង​ក្លិប​កំពូល​នៅ​អឺរ៉ុប​ដូច​ជា Arsenal, Manchester City, Real Madrid និង Tottenham Hotspur ខណៈ​អាជីព​ចុង​ក្រោយ​របស់​គេ​គឺជា​មួយ​ក្លិប Semassi នៅ​ស្រុក​កំណើត​។

Adebayor បាន​រួមចំណែក​ដ៏​ធំធេង​សម្រាប់​ក្រុម​ជម្រើសជាតិ​តូ​ហ្គោ​ចាប់ពី​ឆ្នាំ ២០០០ រហូត​ដល់ ២០១៩​។ កីឡាករ​រូប​នេះ ស៊ុត​បញ្ចូល​ទី​បាន ២៣៧​គ្រាប់​ពី​ការ​បង្ហាញខ្លួន​សរុប ៦៧៩​ប្រកួត​ទាំង​ក្លិប និង​ជម្រើសជាតិ ដោយ​បាន​ឈ្នះ​ពានរង្វាន់ Copa del Rey ១​លើក​ជាមួយ Real Madrid​។

ដោយឡែក កាលពី​ថ្ងៃ​ទី​២២ ខែមីនា កន្លង​ទៅ កីឡាករ Mesut Özil អតីត​ខ្សែបម្រើ​ប្រយុទ្ធ​ក្រុម Arsenal និង​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ បាន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ជា​ផ្លូវការ​ហើយ​នៅ​អាយុ​៣៤​ឆ្នាំ បន្ទាប់​ពី​ចំណាយពេល​ជាង​១៨​ឆ្នាំ​ជាមួយនឹង​អាជីព​ដ៏​អស្ចារ្យ​មួយ​នេះ​។

កីឡាករ​នាំ​លេង​រូប​នេះ (Key Player) បាន​លេង​ឱ្យ​ក្លិប​សរុប​ចំនួន​៦ ដោយ​រូបគេ​ល្បីល្បាញ​ខ្លាំង​បំផុត​ជាមួយ​ក្រុម Real Madrid និង Arsenal ខណៈ​ដែល​អាជីព​ចុង​ក្រោយ​របស់​គេ​គឺជា​មួយ​ក្រុម İstanbul Başakşehir នៃ​លី​គ​កំពូល​តួ​ក​គី​។ Özil ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ឈុត​ធំ​ជម្រើស​ជា​អា​ល្លឺ​ម៉​ង់​ក្នុង​ឆ្នាំ​២០០៩ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៨​។

ខ្សែបម្រើ​ប្រយុទ្ធ​កម្ពស់​១.៨០​សង់ទីម៉ែត្រ​រូប​នេះ ស៊ុត​បញ្ចូល​ទី​បាន ១២១​គ្រាប់​ពី​ការ​បង្ហាញខ្លួន​សរុប ៦៩៧​ប្រកួត​ទាំង​ក្លិប និង​ជម្រើសជាតិ ដោយ​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ក្នុង​រួម​ទាំង La Liga, Copa del Rey, Spanish Super Cup, FA Cup និង FA Community Shield​។ ពិសេស​លើស​ពី​នេះ​ទៀត រូបគេ​បាន​រួមចំណែក​យ៉ាង​សំខាន់​ជួយ​អា​ល្លឺ​ម៉​ង់​ឈ្នះ​ពានរង្វាន់ FIFA World Cup នៅ​ក្នុង​ឆ្នាំ​២០១៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ