ទីក្រុងកូឡុំបូ, ប្រទេសស្រីលង្កា៖ ស្រីលង្កាទទួលបានប្រាក់ហិរញ្ញប្បទានរាប់ពាន់លានដុល្លារដើម្បីសងរំលស់បំណុលបរទេស និងដោះស្រាយវិបត្តិសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការថ្លែងរបស់ប្រធានាធិបតីរ៉ានីល(Ranil)នៅក្នុងរដ្ឋសភា។ ប្រទេសដែលធ្លាប់ជួបវិបត្តិវ័ណ្ឌកមួយនេះនឹងទទួលបានជំនួយជាសាច់ប្រាក់៣៣០លានដុល្លារជុំទី១នៃគម្រោងហិរញ្ញប្បទានជិត៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។
![Picture]()
«ព្រឹត្តិការណ៍ថ្មីនេះនឹងជួយឱ្យស្រីលង្កាមានលទ្ធភាពកំណត់ឡើងវិញទៅលើក្រមប្រតិបត្តិនៃការចាយវាយថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ និងជួយកែសម្រួលប្រព័ន្ធអភិបាលកិច្ចនៅទូទាំងផ្ទៃប្រទេស»។ នេះបើយោងតាមលោករ៉ានីល។ គេរំពឹងថាកញ្ចប់ជំនួយរបស់ IMF នេះនឹងជួយទ្រទ្រង់បន្ថែមទៅលើថវិកាហិរញ្ញប្បទាន៣,៧៥ពាន់លានដុល្លារពីធនាគារពិភពលោក (World Bank), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងស្ថាប័នផ្ដល់ប្រាក់កម្ចីដទៃទៀត។
![Picture]()
តិចឬច្រើន, សាច់ប្រាក់ទាំងនេះអាចជួយឱ្យប្រទេសស្រីលង្កាដកដង្ហើមជាបន្តទៀត និងជួយឱ្យរដ្ឋាភិបាលអាចដកខ្លួនទៅរកកន្លែងសមគួរណាមួយ ដើម្បីគិតគូរសងរំលស់បំណុលបរទេសដ៏ច្រើនសន្ធឹកសន្ធាប់ ដែលសព្វថ្ងៃនេះប្រទេសស្រីលង្កាជំពាក់គេ៨៤ពាន់លានដុល្លារអាមេរិក។ នេះគិតតែបំណុលសាធារណៈមួយប៉ុណ្ណោះ។ នៅបំណុលក្នុងប្រទេសដែលប្រជាពលរដ្ឋខ្ចីគ្នាទៅវិញទៅមក, ខ្ចីពីធនាគារ ឬពីប្រភពកម្ចីដទៃទៀតក៏ច្រើនសម្បើមណាស់ដែរ។
![Picture]()
សូមជម្រាបថាដំណើរដើមហេតុដែលនាំឱ្យប្រទេសស្រីលង្កាផុងខ្លួនជ្រៅទៅក្នុងរណ្ដៅវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតដែលមិនធ្លាប់មាននៅក្នុងរយៈពេលជាងចិតសិបឆ្នាំចុងក្រោយនេះ ដោយសារវិបត្តិខូវីដ១៩ជាបញ្ហាធំជាងគេ។ ខូវីដ១៩ធ្វើឱ្យចំនួនអ្នកទេសចរបរទេសថយចុះទាបបំផុត។ គ្មានអ្នកទេសចរបានន័យថាគ្មានអ្នកណាយកលុយដុល្លារទៅចាយនៅស្រីលង្ការ។ គ្មានលុយដុល្លារធ្វើឱ្យស្រីលង្កាមិនអាចទិញទំនិញពីប្រទេសដទៃ។
![Picture]()
សូម្បីតែទំនិញសំខាន់ៗសម្រាប់ផ្គត់ផ្គង់ជីវិតរស់ប្រចាំថ្ងៃដូចជាស្បៀងអាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈក៏ប្រទេសនេះគ្មានលុយសម្រាប់ទិញផង។ ដោយសារប្រទេសនេះចរាចររូបិយប័ណ្ណជាតិសម្រាប់ដោះដូរទំនិញនៅក្នុងស្រុក។ ដូចនេះ នៅពេលត្រូវការនាំចូលទំនិញពីប្រទេសដទៃ ស្រីលង្កាគ្មានលុយដុល្លារទិញទេ។ បើប្រទេសនេះយកលុយស្រីលង្កាទៅទិញច្បាស់ជាគេមិនទទួលយកទេ។ គេទទួលស្គាល់តែលុយដុល្លារសម្រាប់ជាមធ្យោបាយដោះដូរពាណិជ្ជកម្មអន្តរជាតិ៕
ប្រភព៖ Channel News Asia
ចែករំលែកព័តមាននេះ