រាជធានីភ្នំពេញ ៖ នៅពេលពលរដ្ឋមានជំងឺច្រើនម្នាក់ៗមានការបារម្ភពីសុខភាពនោះ គេសង្កេតឃើញនៅលើបណ្តាញសង្គមមានការចែករំលែកគ្នាយ៉ាងទូលំទូលាយពីរបបអាហារ និងវិធិសាស្ត្រថែទាំសុខភាព។ប៉ុន្តែមានការមើលឃើញថា ប្រការនេះអាចបណ្តាជាគ្រោះថ្នាក់មួយពីព្រោះការព្យាបាលជំងឺលុះត្រាមានការពិនិត្យច្បាស់លាស់ពីគ្រូពេទ្យជំនាញមិនអាចអនុវត្តតៗគ្នានោះទេ។
ធ្វើយ៉ាងម្តេច ដើម្បីសុខភាពល្អ?ទទួលអាហារណាការពារថ្លើមបាន? អាហារនេះអ្នកកើត ជំងឺទឹកនោមផ្អើម អាចទទួលទានបាន ឬអាហារនេះ អ្នកលើសឈាមកុំទទួលទានឱ្យសោះ។ ទាំងនេះជាប្រធានបទដែលអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែកគ្នាជាញឹកញាប់នៅរៀងរាល់ថ្ងៃនេះ។
រូបតំណាងប្រធានបទថែរក្សាសុខភាព និងការព្យាបាលជំងឺត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមមិនថា អ្នកលេង Facebook TekTok និងបណ្តាញផ្សេងៗទៀតនោះទេ បានចែកចាយគ្នាយ៉ាងផុលផុសមិនចាញ់បញ្ហាផ្សេងៗនោះទេ។ ការចែកចាយពីបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមកនេះបានធ្វើឡើងស្របពេល ដែលពលរដ្ឋមានការព្រួយបារម្ភពីបញ្ហាសុខភាព ហើយមនុស្សជាច្រើនបានកំពុងកើតជំងឺមិនឆ្លងមួយចំនួន ដូចជាលើសឈាម ទឹកនោមផ្អើម និងជំងឺមហារីកជាដើម។
លោក វេជ្ជ បណ្ឌិត ងួន សេរ័ត្ន ស្ថាបនិកវេបសាយ សុខភាព www.health.com.kh បាននិយាយថា ការចែករំលែកគ្នា គឺជារឿងល្អ បើសិនជាព័ត៌មាននោះត្រឹមត្រូវ តាមលក្ខណៈវិទ្យាសាស្ត្រ ហើយវាមិនពាក់ព័ន្ធដល់ការប្រើឱសថ។ ដូច្នេះ ប៉ុន្តែគេគួរមានការប្រុងប្រយ័ត្នដែរពីព្រោះ បើតាមវិជ្ជសាស្ត្រ ការព្យាបាលជំងឺ ទោះបីជំងឺដូចគ្នាមិនប្រាកដជាត្រូវទទួលការព្យាបាលដូចគ្នារវាងមនុស្សម្នាក់ទៅមនុស្សម្នាក់នោះទេ ។បញ្ហាសុខភាពមនុស្សម្នាក់ៗខុសគ្នា ដូច្នេះថ្នាំ ម្យ៉ាងដែលអ្នកជំងឺម្នាក់អាចព្យាបាលជាមិនប្រាកដថា មនុស្សម្នាក់ទៀតអាចទទួលការព្យាបាលដោយថ្នាំដដែលនោះទេ។
រូបតំណាងតាមការសង្កេតការចែកបទពិសោធន៍ពីវិធីព្យាបាលជំងឺ និងការថែទាំសុខភាពនៅលើបណ្តាញសង្គមមួយចំនួនជាពលរដ្ឋដែលធ្លាប់មានជំងឺណាមួយ ក្រោយពីគាត់បានព្យាបាលជាពីជំងឺនោះ ពួកគាត់ក៏ចែករំលែកដល់អ្នកផ្សេងទៀត។ អ្នកខ្លះទៀត បន្ទាប់ពីអានឯកសារមួយចំនួនហើយបានអនុវត្តទៅឃើញថាប្រកប គឺរក្សាសុខភាពបានល្អ ឬអាចព្យាបាលជំងឺលើខ្លួនឯងបានមែននោះក៏យកបទពិសោធន៍នោះមកចែករំលែកដល់អ្នកផ្សេង។ចំណែកអ្នកខ្លះទៀត ការចែករំលែក ដើម្បីលក់ផលិតផលដែលខ្លួនធ្វើអាជីវកម្មប៉ុណ្ណោះ។
រឿងសុខភាពជាបញ្ហាសំខាន់ ដែលពលរដ្ឋគួរស្វែងយល់ឱ្យបានច្បាស់ពិសេសប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាមុន មុនទទួលការព្យាបាលណាមួយ។ មែនទែនទៅ សូម្បីនៅលើឯកសាររបស់ក្រុមគ្រូពេទ្យជំនាញ ឬឯកសារផ្លូវការណាមួយរបស់ស្ថាប័នរកឃើញឱសថអ្វីមួយក៏គេបានណែនាំឱ្យពលរដ្ឋមុនទទួលយកការព្យាបាលតាមបែបគេផ្សព្វផ្សាយនោះត្រូវទៅជួបគ្រួពេទ្យជាមុនដែរ។
រូបតំណាងជារួម ខណៈពលរដ្ឋមានសិទ្ធិចែករំលែកព័ត៌មានសំខាន់ៗអោយគ្នាដឹង គឺជារឿងល្អ បើសិនជាព័ត៌មាននោះជាការពិតហើយវាមិនមែនទាក់ទងដល់ការព្យាបាលជំងឺដែលជាតួនាទីរបស់គ្រូពេទ្យ។ ចូរកុំព្យាបាលជំងឺខ្លួនឯងដោយគ្រាន់តែលឺគេថា តាមហ្វេសប៊ុក។ បើអ្នកមានជំងឺចូររកគ្រូពេទ្យ ដើម្បីកំណត់ការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងតាមស្ថានភាពរបស់មនុស្សម្នាក់។
នៅត្រង់ចំនុចនេះ ក្រសួងសុខាភិបាល គួរមានវិធានការណាមួយ ដើម្បីលើកកម្ពស់ចំណេះដឹង ពលរដ្ឋ ឬអប់រំឱ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីជំងឺមួយចំនួន ដែលពួកគាត់កំពុងប្រឈម និងព្រួយបារម្ភ។ សុខភាព គឺជាទ្រព្យសំខាន់របស់ពលរដ្ឋម្នាក់ៗក៏ដូចជា សង្គមជាតិទាំងមូល៕ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ