ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ញា​សិប្បនិមិត្ត ដែល​មក​ពី​ភាសា​អង់គ្លេស​ថា Artificial Intelligence ហើយ​គេ​តែងតែ​ហៅ​កាត់​ថា AI វា​បាន​មក​ដល់​កម្ពុជា​ហើយ ដោយនៅ​ពេល​នេះ​មាន​អ្នក​ដែល​កំពុង​តែ​ប្រើប្រាស់​វា​ទាំង​ក្មេង​ទាំង​ចាស់​ថែម​ទៀត​ផង គ្រាន់តែ​អ្នកខ្លះ​មិនដឹង​ថា វា…

បញ្ញា​សិប្បនិមិត្ត ដែល​មក​ពី​ភាសា​អង់គ្លេស​ថា Artificial Intelligence ហើយ​គេ​តែងតែ​ហៅ​កាត់​ថា AI វា​បាន​មក​ដល់​កម្ពុជា​ហើយ ដោយនៅ​ពេល​នេះ​មាន​អ្នក​ដែល​កំពុង​តែ​ប្រើប្រាស់​វា​ទាំង​ក្មេង​ទាំង​ចាស់​ថែម​ទៀត​ផង គ្រាន់តែ​អ្នកខ្លះ​មិនដឹង​ថា វា គឺជា AI ប៉ុណ្ណោះ​។
AI វា​មិនមែន​ទើបតែ​មក​ដល់​សង្គម​កម្ពុជា​នោះ​ទេ វា​បាន​មក​ដល់​កម្ពុជា ស្ងាត់​ៗ​តាំងពី​ចុង​ទស្ស​វត្ស​ន៍​នៃ​ឆ្នាំ​២០១០​មក​ម្ល៉េះ គ្រាន់តែ​យើង​ទាំងអស់​គ្នា​មិន​បានដឹង​ថា វា គឺជា AI ។

រូបតំណាង

AI កំពុង​ផ្តល់​អំណាច និង​អាច​ត្រួសត្រាយ​ផ្លូវ​របស់​យើង​ទាំងអស់​គ្នា​រហូត​ដល់​អនាគត ហើយ​វា​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ប្រសិនបើ​យើង​ខ្វះ​ការ​ពិចារណា ហើយ​ផ្តេកផ្តួល​ខ្លាំង​នៅ​លើ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​។តើ​យើង​សម្គាល់ថា សង្គម​កម្ពុជា​យើង​កំពុង​តែ​រស់នៅ​ក្នុង​ជំនាន់​ចាប់ផ្តើម​នៃ AI នេះ​ដោយ​របៀប​ណា? ចម្លើយ​ប្រហែលជា​ងាយស្រួល​ទេ ប្រសិនបើ​អ្នក​សង្កេត​គ្រាន់តែ​យើង​មិន​ចាប់អារម្មណ៍​។

រូបតំណាង

អ្នកមាន​ទូរស័ព្ទ​ទំនើប តើ​អ្នកមាន​កំពុង​ប្រើ​ការ​កម្មវិធី​សម្គាល់​ផ្ទៃមុខ ឬ ក្រយៅ​ដៃ ដើម្បី​ដោះ​សោ​ទូរស័ព្ទ​របស់​យើង​ដែរ​ទេ ប្រសិនបើ​យើង​ប្រើ គឺ​នោះ​ហើយ​ហៅ​ថា AI ។ ម្យ៉ាងវិញទៀត ការ​ប្រើប្រាស់​សេវាកម្ម​ហៅ​ឬ​កក់​ឡាន​តាក់ស៊ី ឬ​ម៉ូតូ​កង់​បី ដែល​យើង​កំពុង​តែ​ពេញ​និយម​នេះ នោះ​ហើយ គឺជា​ផ្នែក​មួយ​នៃ​AI​។

នៅ​ពេល​នេះ ក្រៅពី​កម្មវិធី​ងាយ​ៗ​នៅ​ក្នុង​សង្គម​ជីវភាព​រស់នៅ​របស់​មនុស្ស សូ​ម្បី​តែ​ស្ថាប័ន​មួយ​ចំនួន​ក៏​កំពុង​តែ​ប្រើប្រាស់ AI នេះ​ផង​ដែរ ប៉ុន្តែ​គេ​មិនដឹង​ថា នោះ គឺជា AI ។ សព្វ​ថ្ងៃនេះ ប្រភព​ដែល​មានការ​ពេញ​និយម និង​កំពុង​តែ​ត្រូវ​បាន​ណែនាំ​មក​ចូល​នៅ​ក្នុង​សង្គម​កម្ពុជា នោះ គឺ​កម្មវិធី​មួយ​ដែល​គេ​ហៅ​ថា ChatGP ។

រូបតំណាង

អ្នក​ដែល​ប្រើប្រាស់ ChatGPT គឺជា​អ្នក​ដែល​កំពុង​តែ​ប្រើប្រាស់ AI នេះ​ហើយ​។​កម្មវិធី ChatGPT ត្រូវ​បាន​អ្នក​ប្រើប្រាស់​អះអាង​ថា ផ្តល់​ភាព​ងាយស្រួល​ជា​ច្រើន​នៅ​ក្នុង​ការងារ​របស់​ពួក​គេ​មិន​ថា ជា​ការងារ​ធ្វើ​របាយការណ៍ រដ្ឋបាល ឬ​គណនេយ្យ​អ្វី​នោះ​ទេ សូ​ម្បី​តែ​ការ​សរសេរ​គម្រោង ក៏​ត្រូវ​បាន​គេ​អះអាង​ថា ChatGPT អាច​ជួយ​មនុស្ស​បាន​ដែរ ។

ក្រៅពី​មនុស្ស​ពេញវ័យ និង​យុវជន​ដែល​គេ​ពេញ​និយម​ផ្នែក​នេះ សូ​ម្បី​តែ​កុមារ​មួយ​ចំនួន​ក៏​បាន​ប្រើប្រាស់​កម្មវិធី AI នេះ​យ៉ាង​ស្ទាត់ជំនាញ​ផង​ដែរ​។ នៅ​ពេល​ខ្លះ​លោកគ្រូ ឬ​អ្នកគ្រូ បាន​ដាក់​លំ​ហាត់​ឲ្យ​សិស្ស​រៀន​ធ្វើ​ដោយ​មិន​បាន​តាមដាន​ជាប់លាប់​ដោយ​ឪពុក​ម្តាយ​នៅផ្ទះ កុមារ​ទាំងនោះ​មួយ​ចំនួន គឺ​លួច​ប្រើ AI ដើម្បី​ដោះស្រាយ​លំ​ហាត់​ឬ​ចំណោត និង​កិច្ចការ​សាលា ។

រូបតំណាង

ទោះបី​ពួក​គេ​មិន​ចេះ​ធ្វើ​គណិត​វិទ្យា​នោះ​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​ចេះ​ប្រើ AI អោយធ្វើ​ជំនួស​ពួក​គេ​នោះ​ហើយ គឺជា​ចំណុច​ដែល​យើង​ទាំងអស់​គ្នា​គួរតែ​យកចិត្តទុកដាក់ ដើម្បី​ការពារ​អនាគត​របស់​យើង​ទាំងអស់​គ្នា ។ដោយសារ​តែ AI នេះ​ហាក់​ថ្មី​ផល​ប៉ះពាល់​ជាក់ស្តែង​របស់​វា​ហាក់​មិន​មានការ​សិក្សា​ឲ្យ​ស៊ីជម្រៅ​នៅឡើយ​ទេ ប៉ុន្តែ​របាយការណ៍​សិក្សា និង​ស្ទាបស្ទង់​ដែល​ធ្វើ​ឡើង​នៅ​លើ​ពិភពលោក​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក កាលពី​ឆ្នាំ​២០២០​កន្លង​មក​បាន​អះអាង​ថា ទីផ្សារ​ការងារ​ដែល​មាន​រហូត​ដល់​៩៧​លាន​នាក់​នឹង​គ្រប់គ្រង​ដោយ AI នៅ​ក្នុង​ឆ្នាំ​២០២៥​ខាង​មុខ ហើយ​ស្ថានភាព​ទីផ្សារ​ការងារ​រហូត​ដល់​ទៅ​៨៥ លាន​នាក់​អាច​នឹង​ត្រូវ​កែសម្រួល​ដោយ AI ផង​ដែរ​។

រូបតំណាង

ប្រភព​ដដែល​បាន​អះអាង​ថា ប្រសិនបើ​និន្នាការ​នៅ​តែ​មិន​ផ្លាស់​ប្តូរ​កម្មករ និង​និយោជិត​៥០​ភាគរយ​នៅ​លើ​ពិភពលោក​នឹង​មានការ​ប្រែប្រួល ហើយ​តម្រូវ​ឲ្យ ឬ​ក៏​ទាមទារ​ការ​ពង្រឹង​ជំនាញ បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​អាច​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ការងារ​នៅ​មុន​ឆ្នាំ​២០៣០​។តាម​ការ​ស្ទាប់ស្ទង់​ទីផ្សារ​ការងារ​ដែល​នឹង​រំជើបរំជួល ហើយ​អាច​នឹង​ត្រូវ​គ្រប់គ្រង​ឬ​ក៏​ផ្លាស់​ប្តូរ​ដោយ AI នោះ គឺ​រាប់​តាំងពី​ការងារ​ទាក់ទង​នឹង​ការ​រៀបចំ​អាហារ សំណង់ សំអាត បើកបរ កសិកម្ម សេវាកម្ម បច្ចេកវិទ្យា​ព័ត៌មាន វិស្វកម្ម រហូត​ដល់​សេវាកម្ម​ថែទាំ​សុខភាព​។

រូបតំណាង

សរុប​មក​វិញ​នៅ​ក្នុងអំឡុងពេល​នេះ នៅ​ពេល​ដែល AI មិន​ទាន់​វា​.​យ​លុក​ខ្លាំង​នៅ​ក្នុង​សង្គម យើង​គិត​ថា អ្នក​ដែល​ពាក់ព័ន្ធ និង​អាជ្ញាធរ​គួរតែ​ពិភាក្សា និង​រិះគិត​រួម​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ AI នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សង្គម​យើង​មិនមែន​សង្គម​យើង​ត្រូវ​បាន AI ដឹកច្រមុះ​នោះ​ទេ​៕​ដោយៈ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ