រាជធានីភ្នំពេញ ៖ នៅពេលពលរដ្ឋជាច្រើនត្អូញពីការរកប្រាក់បង់ធនាគារមិនបានដោយសារវិបត្តិហិរញ្ញវត្ថុ ធនាគារបានដាក់វិធានការតឹងរឹងមួយក្នុងការតាមដានពលរដ្ឋ និងជំរុញពលរដ្ឋឱ្យទៅបង់ប្រាក់ ជាទៀងទាត់ឱ្យខ្លួន។
បុគ្គលិកធនាគារមួយចំនួនអះអាងថា ពួកគេត្រូវបានថ្នាក់លើកំណត់ឱ្យជួយជំរុញតាមដានពលរដ្ឋដែលជាប់បំណុលធ្វើយ៉ាងណាឱ្យពួកគាត់សងប្រាក់មកធនាគារតាមកាលកំណត់។ការតាមដានអតិថិជនរឿងបង់ប្រាក់នេះគេធ្វើឡើងតាមរយៈការផ្ញើទៅអតិថិជនមុនថ្ងៃបង់ប្រាក់មួយដង ឬពីរដងក្នុងមួយខែ ។ បន្ទាប់មកបើដល់ថ្ងៃកំណត់ហើយអតិថិជននៅមិនឃើញបង់ប្រាក់ទៀត ពួកគេនឹងទូរស័ព្ទទៅអតិថិជននោះផ្ទាល់តែម្តង។
វិធានការនេះ ត្រូវបានអះអាងថា ទើបអនុវត្តនៅតំណាក់ចុងក្រោយនេះ ក្រោយពីសេដ្ឋកិច្ចពលរដ្ឋជួបការលំបាកនៅពេលកូវីដ១៩ និងសង្គ្រាមរុស្ស៊ី អ៊ុយក្រែកនោះ។
អ្នកស្រី ម៉ាណា ពលរដ្ឋនៅភ្នំពេញដែលជាប់បំណុលធនាគារនិយាយថា ពិតជាមានការឃ្លាំមើល ឬការជួយរំលឹកពីខាងធនាគារនៅក្នុងការបង់ប្រាក់នេះមែន ។ អ្នកស្រីថា គាត់មានបំណុលជាមួយធនាគារចំនួនពីរកន្លែង។អ្នកស្រីបានប្រើប្រាស់កម្ចីធនាគារតាំងពីឆ្នាំ២០១៤ មក ប៉ុន្តែកន្លងមកមិនដែលមានខាងធនាគារទូរស័ព្ទមករំលឹកបែបនេះទេ ទើបតែ២ឆ្នាំចុងក្រោយនេះ ឃើញមានគេផ្ញើសារ និងទូរស័ព្ទមករំលឹកឱ្យបង់ប្រាក់។
អ្នកស្រីម៉ាណាបញ្ជាក់ថា «ឱ្យតែជិតដល់ថ្ងៃបង់ប្រាក់ គឺខាងធនាគារគេផ្ញើមកប្រាក់ឱ្យយើងដឹង ។ តាមពិតទៅ គឺជាវិធានការមួយ ដើម្បីការពារកុំឱ្យយើងខកខានបង់លុយឱ្យគេ ។ ប៉ុន្តែវាក៏ល្អម្យ៉ាងដែរកុំឱ្យយើងភ្លេចបានគេផ្ញើសារមករំលឹក»។
លោក កុសល បុគ្គលិកឥនទានធនាគារមួយដែលសូមមិនបញ្ចេញឈ្មោះនិយាយថា ការផ្ញើចូលទូរស័ព្ទដៃរបស់អតិថិជនរំលឹកថ្ងៃបង់ប្រាក់នោះជាសេវាកម្មថ្មីរបស់ធនាគារលោក ។ លោកនិយាយថា ការធ្វើបែបនេះ ដើម្បីកុំមានឥនទានខូចខាត គឺពលរដ្ឋមិនបង់ប្រាក់ និងដើម្បីកុំឱ្យអតិថិជនរបស់ខ្លួនជាប់ឈ្មោះមិនល្អក្នុងការបង់ប្រាក់យឺត ដែលនាំឱ្យមានការពិបាកនៅក្នុងការទទួលកម្ចីលើកក្រោយទៀត។
លោក កុសលថា ការផ្ញើសារទៅអតិថិជនជាបច្ចេកវិទ្យាដែលខាងធនាគារបានកំណត់ក្នុងកុំព្យូទ័រ។ចំណែកបុគ្គលិកឥណទានមានភារកិច្ចទូរស័ព្ទទៅអតិថិជនដែលខ្លួនបានផ្តល់កម្ចីនៅពេលពិនិត្យឃើញថាដល់ថ្ងៃកំណត់ហើយអតិថិជនមិនទាន់បានបង់ប្រាក់នោះ។
ការពីពេលផ្ទុះកូវីដ១៩ ធនាធារបានចេញគោលការណ៍សម្រួលដល់ពលរដ្ឋដែលរងផលប៉ះពាល់លើចំណូលឱ្យរៀបចំឥណទានឡើងវិញដើម្បីសម្រួលដល់ការបង់ប្រាក់មកធនាគារ ។ ចំណែករដ្ឋាភិបាលបានស្នើដល់ធនាគារមិនឱ្យមានការពិន័យ ឬរឹបអូសទ្រព្យសម្បត្តិបញ្ចាំរបស់ ពលរដ្ឋនៅពេលបង់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុយឺតយាវនោះទេ។
ពលរដ្ឋកម្ពុជាជិត៣លាននាក់ បានប្រើប្រាស់ឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ។ទំហំនៃបំណុលឯកជននេះកើនឡើងដល់១៨០ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ដែលជាចំនុចខ្ពស់ និងគួរបារម្ភ។ឥណទានក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានឡើងដល់ ៥៦,១ពាន់លានដុល្លារក្នុងឆ្នាំ២០២២ គឺបានកើនក្នុងអត្រា២០,២ភាគរយធៀបនឹងឆ្នាំ២០២១មានបំណុលឯកជនមាន៤៥,៧ពាន់លានដុល្លារ។នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា។
ស្របពេលធនាគារដាក់យន្តការឃ្លាំមើលការបង់ប្រាក់របស់ពលរដ្ឋយ៉ាងតឹងរឹងនេះមានពលរដ្ឋមួយចំនួនត្អូញពីការលំបាករកប្រាក់បង់ធនាគារ ។ពលរដ្ឋខ្លះត្រូវគេរកឃើញថា បានខ្ចីប្រាក់ពីធនគារពីរ ឬបីក្នុងពេលតែមួយ។ពលរដ្ឋខ្លះបានទៅខ្ចីប្រាក់ក្រៅប្រព័ន្ធដែលមានអត្រាការប្រាក់ខ្ពស់មកសងធនាគារក៏មាន។មានការបារម្ភថា បើមិនអាចគ្រប់គ្រងបំណុលបានត្រឹមត្រូវទេនោះពលរដ្ឋនឹងក្លាយជាជនរងគ្រោះ គឺវណ្ឌករតែម្តង៕ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ