ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​ពី​ការ​ស្លា​.​ប់​សត្វ​ផ្សោត​ទន្លេមេគង្គ​១​ក្បាល ទម្ងន់​១៦០​គីឡូក្រាម មាន​អាយុប្រមាណ​២០​ឆ្នាំ​ដោយសារ​ឧបករណ៍​នេសាទ​មង​។…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​ពី​ការ​ស្លា​.​ប់​សត្វ​ផ្សោត​ទន្លេមេគង្គ​១​ក្បាល ទម្ងន់​១៦០​គីឡូក្រាម មាន​អាយុប្រមាណ​២០​ឆ្នាំ​ដោយសារ​ឧបករណ៍​នេសាទ​មង​។

សត្វ​ផ្សោត​ទន្លេមេគង្គ​នេះ​បាន​ស្លា​.​ប់​ដោយ​គេ​ប្រទះ​ឃើញ​នៅ​កន្លែង​អភិរក្ស​សត្វ​ផ្សោត កោះ​កូន​សត្វ ក្នុង​ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០២៣​។

ការ​ពិនិត្យ និង​វា​.​យ​តម្លៃ​ដោយ​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF បញ្ជាក់​ថា សត្វ​ផ្សោត​ដែល​ស្លា​.​ប់​នេះ​មាន​លេខ​សម្គាល់​០៥៦​ទម្ងន់​១៦០​គីឡូក្រាម ប្រវែង​២,៣៨​ម៉ែត្រ មាន​អាយុប្រមាណ ២០​ឆ្នាំ ដែល​បាន​ងាប់​ដោយ​ឧបករណ៍​នេសាទ​មង ដោយ​មាន​ស្នាម​រយះ នៅ​ផ្នែក​ពោះ​ស្នាម​ជាប់​មង​នៅ​គល់​កន្ទុយ និង​ព្រុយ​ចំហៀង​។ សត្វ​ផ្សោត​ឈ្មោល ដែល​ស្លា​.​ប់​នេះ គឺជា​សត្វ​ផ្សោ​តទី​១​ដែល​បាន​ស្លាប់ ក្នុង​ឆ្នាំ​២០២៣​នេះ​។

សត្វ​ផ្សោត​ទន្លេមេគង្គ គឺជា​រតនៈសម្បត្តិ​ធម្មជាតិ​មានជីវិត ដែល​មាន​ប្រមាណ​៩០​ក្បាល រស់នៅ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ​នៃ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ សត្វ​ផ្សោត​ពេញវ័យ​អាច​បន្ត​ពូជ​បាន​មាន​អាយុ​ចាប់ពី​៧​ឆ្នាំ ហើយ​មានកូន​ក្នុង​រយៈពេល​២​ឆ្នាំ​ម្តង​។បច្ចុប្បន្ន សត្វ​ផ្សោត​រង​ការ​គំ​រា​.​ម​កំ​ហែ​.​ង ដោយ​ឧបករណ៍​នេសាទ មង សន្ទូចរនង និង​ឧបករណ៍​ឆ​.​ក់​។

រដ្ឋបាល​ជល​ក៏​បាន​អំពាវនាវ​ដោយ​ទទូច​ដល់​បងប្អូន​ប្រជា​នេសាទ​នៅ​តំបន់​នោះ​មេត្តា​ឈប់​ប្រើប្រាស់​មង សន្ទូចរនង និង​ឧបករណ៍​នេសាទ មិន​ស្របច្បាប់​ដទៃ​ទៀត​ក្នុង​តំបន់​សត្វ​ផ្សោត​រស់នៅ​ជា​បន្ទាន់ ដើម្បី​ធានា​និរន្តរភាព​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ​របស់​យើង​សម្រាប់​ការ​ទាក់ទាញ់​ទេសចរណ៍​បង្កើន​កេរ្តិ៍ឈ្មោះ​ប្រជាជាតិ​យើង និង​ទុក​សម្រាប់​កូន ចៅ​យើង​ជំនាន់​ក្រោយ​ៗ​បាន​ស្គាល់ និង​ថែរក្សា​បន្ត​។

កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លង​មកនេះ រាជរដ្ឋាភិបាល បាន​ចេញ​អនុក្រឹត្យ​មួយ​ដោយ​បាន​កំណត់​កន្លែង​ការពារ និង​អភិរក្ស​សត្វ​ផ្សោត​ប្រវែង​១២០​គីឡូម៉ែត្រ ចាប់ពី​ប៉ែក​ខាងក្រោម​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង រហូត​ដល់​ក្បាលកោះ​ទ្រង់ ក្នុង​ខេត្តក្រចេះ និង​បាន​ហាមឃាត់​នូវ​ការ​ធ្វើ​នេសាទ​ដែល​ប្រើ​ឧបករណ៍ មង ស្ទូច​រនង និង​ឧបករណ៍​នេសាទ​ខុសច្បាប់​ផ្សេង​ទៀត​។

ជាមួយ​គ្នា​នោះ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ក៏​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ព្រមទាំង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​បាន និង​កំពុង​បន្ត​ពង្រឹង​ការ​ការពារ​ជា​ប្រចាំ​នៅ​តំបន់​ដែល​សត្វ​ផ្សោត​រស់នៅ​ក៏​ដូច​ជា ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អំពី​តម្លៃ​ជាស​កល​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នៃ សត្វ​ផ្សោត​ទន្លេមេគង្គ​នេះ ដើម្បី​រួមចំណែក​ធានា​និរន្តរភាព​នៃ​សត្វ ផ្សោត​ទន្លេមេគង្គ និង​ធនធាន​ជលផល​ក្នុង​ធម្មជាតិ​។

ទោះ​យ៉ាងនេះ​ក្ដី ការ​លួច​ដាក់​មង រួម​ទាំង​បទល្មើស​នានា​នៅ​ក្នុង​តំបន់​អភិរក្ស​ការពារ​ធនធាន ធម្មជាតិ នៅ​តែ​បន្ត​កើត​មាន និង​បង្ក​ជា​គ្រោះថ្នាក់​ចំពោះ​សត្វ​ផ្សោត​ទន្លេមេគង្គ ។ ករណី​បទល្មើស​នៅ​តំបន់​អភិរក្ស​ការពារ​មិន​ថា ព្រៃឈើ ឬ​ក៏​សត្វព្រៃ​នោះ​ទេ គឺ​កើត​ឡើងជា​ញឹកញាប់ ហើយ​ក៏​មិនមែន​កើត​តែ​នៅ​ក្នុង​ទឹក​ទេ​លើគោក និង​ក្នុង​ដី​ក៏​កើតឡើង​ដែរ​។បទល្មើស​រាប់​ចាប់ពី​តូចតាច​រហូត​ដល់​ធំ​ៗ​បើសិនជា​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ គឺ​ច្បាស់​ជា​អាច​កាត់​បន្ថយ​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​បានជា​មិន​ខាន​។

ជា​ការ​ពិត អ្នក​ប្រព្រឹត្តិ​បទល្មើស​ដាក់​អន្ទាក់ ឬ​បរបាញ់​ចាប់​សត្វព្រៃ ឬ​ក៏​ដាក់​មង​ជាប់​សត្វ​ផ្សោត​ជាដើម​នេះ គឺ​មិន​មាន​អ្នក​ចំណូល​ថ្មី​ឯណា ទៅ​ធ្វើ​ទេ​។​មាន​តែ​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​នោះ​ប៉ុណ្ណោះ ដែល​បាន​ចូល​ព្រៃ និង​ចុះទូក​ធ្វើ​រឿង​ទាំងនេះ​។ បញ្ហា​ដែល​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នៅ​តែ​ប្រព្រឹត្ត​បទល្មើស​ដូច្នេះ ដោយសារ​តែ​ការ​បែងចែក​ផល​ពី​ទេសចរណ៍​ក្នុង​សហគមន៍​នោះ​មិន​ស្មើភាព​គ្នា ហើយ​ក៏​មានការ​ប្រកាន់​បក្ខពួក​ថែម​ទៀត​។

ជាក់ស្តែង នៅ​សហគមន៍​ទេសចរណ៍​ខ្នង​ផ្សារ ក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ប្រជា​សហគមន៍ និង​មន្ត្រី​បរិស្ថាន​ដែល​ទទួល​បន្ទុក​នៅ​ទីនោះ​ហាក់ដូចជា មិន​ស៊ីចង្វាក់​ប៉ុន្មាន​ទេ​។​ហេតុនេះ​ហើយ​ទើប​មាន​បទល្មើស​ដែល​ប្រជាពលរដ្ឋ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ និង​វា​.​យ​សោ​ទ្វារ​បន្ទប់​ដាក់​សម្ភារៈ​របស់​មន្ត្រី​បរិស្ថាន នៅ​លើ​ខ្នង​ផ្សារ​ជាដើម​។មន្ត្រី​បរិស្ថាន លើក​ឡើង​ថា ប្រជា​សហគមន៍​មួយ​ចំនួន​មិន​បាន​ចូលរួម​ការងារ​ថែរក្សា អភិរក្ស និង​ធ្វើ​រោង​បាយ ឬ​ក៏​សម្អាត​បន្ទប់ទឹក​រួម​នោះ​ទេ ។ ហេតុនេះ​ហើយ​ទើប​មិន​មានការ​ចុះសម្រុង និង​ធ្វើការ​រួម​គ្នា ហើយ​បទល្មើស​នានា​នៅ​តែ​កើត​ឡើងជា​ញឹកញាប់​ដូច្នេះ​។

ឆ្លង​តាម​បទ​ពិសោធន៍​ជាក់ស្តែង​នេះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​ខេត្ត និង​អង្គការ​ដៃគូ​ត្រូវ​ដើរតួ​ឱ្យ​សកម្ម​ជាង​នេះ ហើយ​ស្វែងរក​ការ​បង្រួបបង្រួម​មួយ​រវាង​ប្រជា​សហគមន៍ និង​មន្ត្រី​បរិស្ថាន ឬ​ក៏​មន្ត្រី​ជលផល​ដែល​គ្រប់គ្រង​នៅ​តំបន់​អភិរក្ស​សត្វព្រៃ ឬ​ក៏​សត្វ​ផ្សោត​។ ការ​បែងចែក​ផលប្រយោជន៍​សម្រាប់​សហគមន៍ ក៏​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ស្មើភាព​គ្នា​។កុំ​ប្រកាន់ បក្ខពួក​។ ចូរ​កុំ​ភ្លេច​ថា បើ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នោះ មិន​ចូលរួម​សហការ​ទេ គឺ​បទល្មើស​ដាក់​អន្ទាក់ និង​ដាក់​មង នៅ​តែ​បន្ត​កើត​មាន​ក្នុង​តំបន់​ទេសចរណ៍ ព្រៃឈើ និង​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ ដែល​មាន​សត្វ​ផ្សោត​រស់នៅ ក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។

រីឯ​ប្រជាពលរដ្ឋ​សហគមន៍​វិញ ក៏​ត្រូវ​តែ​សកម្ម ចូលរួម​ការងារ​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រី​ជលផល និង​ក្រសួង​ស្ថាប័ន រួម​ទាំង​អង្គការ​នានា ដើម្បី​ទាក់ទាញ​អ្នកទេសចរ ទៅ​លេង​ក្នុងភូមិ​ស្រុក​របស់​ខ្លួន​។ ម្យ៉ាងទៀត​សត្វព្រៃ ពិសេស​សត្វ​ផ្សោត​នេះ​ជា​សត្វ​កម្រ​ដូច្នេះ​យើង​ត្រឹមតែ​កុំ​ចាប់ កុំ​ស​ម្លា​.​ប់​វា​ចាត់​ទុក​ថា យើង​បាន​ចូលរួម​ការពារ​វា​ហើយ ។

ទុក​គ្រាន់​កូនចៅ ជំនាន់​ក្រោយ​របស់​យើង​បានឃើញ​ពួក​វា​ផង​។ យើង​ចាប់​ស​ម្លា​.​ប់​សត្វព្រៃ គឺ​បាន​ឆ្អែត​តែ​មួយ​ពេល ហើយ​បើ​លក់​ក៏​បាន​លុយ​ចាយ​តែ​មួយ​ពេល តែបើ​យើង​ទុក​រក្សា​វា​វា​កើតកូន កើត​ចៅ​កាន់តែ​ច្រើន នោះ​អ្នក​ទៅ​មើលទៅ​លេង​វា​ច្រើន ហើយ​ពេល​នោះ ប្រជា​សហគមន៍ ក៏​បាន​ចំណូល​ជា​ប្រចាំ​រហូត គឺ​ត្រឹមតែ​ជា​អ្នក​នាំ​ផ្លូវ ឬ​ក៏​លក់​របស់របរ​ហូប​ចុក ឬ​មាន​កន្លែង​ស្នាក់​នៅ ឬ​ក៏​មាន​ទូក​រទេះ គោ​យន្ត​សម្រាប់​ដឹក​អ្នក​ទេសចរណ៍​មើល​សត្វ​ផ្សោត ឬ​ក៏​ឡើង​ភ្នំ ចូល​ព្រៃ ក៏​ជា​មុខរបរ រក​ចំណូល​បាន​រហូត​។

ប៉ុន្តែ​ការងារ​នេះ ទាមទារ​នូវ​ការ​ដឹកនាំ​រៀបចំ​សហគមន៍​មួយ​ដែល​មាន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ នៅ​តំបន់​នោះ​ផ្ទាល់​គាំទ្រ និង​ចូលរួម ។ បើ​មិន​ដូច្នោះ​ទេ បទល្មើស​នានា នៅ​តែ​បន្ត​កើតឡើង ហើយ​តំបន់​អេកូ​ទេសចរណ៍​ទាំងនោះ មិន​ដំណើរការ​ទៅ​បាន​ដោយ​រលូន និង​មិន​បាន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​ទីនោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ