ទីក្រុងប្រ៊ុចសែល, ប្រទេសបែលហ្សិច៖ សហភាពអឺរ៉ុបឯកភាពគ្នាថានឹងបញ្ជូន១លានគ្រាប់កាំភ្លើងធំទៅអ៊ុយក្រែន ដើម្បីតស៊ូនៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ ថ្មីៗនេះ, រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានកោះប្រជុំគ្នា និងគាំទ្រគម្រោងផ្ដល់គ្រាប់កាំភ្លើងធំដ៏ច្រើនសន្ធឹកសន្ធាប់នេះជាបណ្ដើរៗរហូតដល់រយៈពេល១២ខែគិតចាប់ពីថ្ងៃនេះតទៅ។

ប្រធានកិច្ចការបរទេសសហភាពអឺរ៉ុប លោកចូសឹប បូរ៉ែល (Josep Borrell) សម្ដែងការសាទរនៅលើបណ្ដាញទ្វីតថឺ។ លោកចាត់ទុកថានេះជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រ។ «យើងកំពុងដាក់ចេញវិធានការដ៏សំខាន់មួយដើម្បីបញ្ជូនគ្រាប់កាំភ្លើងទៅឱ្យប្រទេសអ៊ុយក្រែន។ ប្រទេសចំនួន១៨បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារអឺរ៉ុប ដែលហៅកាត់ថា EDA ដើម្បីកុម្ម៉ង់ទិញគ្រាប់កាំភ្លើងធំរួមគ្នា ក្រោមកិច្ចសហការជាមួយរោងចក្រផលិតគ្រាប់រំសេវ»។

លោកបូរ៉ែលថ្លែងថាសំណើរបស់លោកទទួលបានការអនុម័តយល់ព្រមដើម្បីផ្ដល់ថវិកា១ពាន់លានអឺរ៉ូ សំដៅលើកទឹកចិត្តចំពោះរដ្ឋនានាជាសមាជិកសហភាពអឺរ៉ុបដើម្បីយកគ្រាប់កាំភ្លើងដែលកំពុងមាននៅក្នុងឃ្លាំងប្រគល់ទៅឱ្យអ៊ុយក្រែន និងកុម្ម៉ង់ទិញគ្រាប់កាំភ្លើងធំបន្ថែមទៀត។

ក្រៅពីនេះ, សហភាពអឺរ៉ុបក៏ត្រៀមបម្រុងថវិកា១ពាន់លានអឺរ៉ូទៀតដើម្បីកុម្ម៉ង់ទិញគ្រាប់កាំភ្លើង និងអាវុធ។ ប្រតិកម្មចំពោះការសម្រេចចិត្តនេះ, រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះសន្ដានចិត្តជ្រះថ្លានេះ។ ជាពិសេស អរគុណលោកបូរ៉ែល និងសហភាពអឺរ៉ុប។

កាលពីពេលកន្លងមក, អ៊ុយក្រែនធ្លាប់បង្ហើបឱ្យដឹងថាខ្លួនត្រូវការគ្រាប់កាំភ្លើងធំយ៉ាងតិច៣,៥សែនគ្រាប់នៅក្នុងមួយខែៗដើម្បីរត់ឱ្យទាន់សភាពការណ៍ និងជួយឱ្យកងទ័ពរបស់ខ្លួនអាចតតាំងជាមួយទាហានឯកជន និងទាហានរដ្ឋាភិបាលរុស្ស៊ីឱ្យបានពេញទំហឹង។ ម៉្យាងទៀត ចំនួនគ្រាប់កាំភ្លើងធំប៉ុណ្ណេះអាចជួយឱ្យអ៊ុយក្រែនបើកយុទ្ធនាការវាយបកទៅលើទាហានរុស្ស៊ីដើម្បីដណ្ដើមយកទឹកដីរបស់ខ្លួនមកវិញ។

ក្រសួងការបរទេសអាមេរិកក៏បានប្រកាសថ្មីៗនេះថាខ្លួននឹងបញ្ជូនអាវុធ និងគ្រាប់រំសេវគិតជាទឹកប្រាក់៣៥០លានដុល្លារថែមទៀតទៅឱ្យអ៊ុយក្រែន។ នៅក្នុងចំណោមនោះក៏មានរ៉ុកកែត, ឡានដឹកប្រេង និងអូប័រខ្នាតធំល្បឿនលឿនជាច្រើនគ្រឿងផងដែរ។

កាលពីឆ្នាំ២០២២, អ៊ុយក្រែនក្លាយជាប្រទេសនាំចូលអាវុធលំដាប់ទី៣ពិភពលោក ដោយសារជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមបស្ចិមប្រទេស។ នេះបើយោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានសិក្សាពីសង្គ្រាម និងសន្តិភាព ដែលមានទីស្នាក់ការនៅប្រទេសស៊ុយអែត៕
ប្រភព៖ Aljazeera

ចែករំលែកព័តមាននេះ