គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់(កម្ពុជា)-បានណងអៀន(ថៃ) សម្រេចបានជាង៨០ភាគរយ
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្នមន្ត្រី…
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្នមន្ត្រី…
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្នមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសេរីសោភ័ណ្ឌ ទៅក្រុងប៉ោយប៉ែត និងគម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដោយមានការចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។
គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ២៦,៤២លានដុល្លារអាមេរិក។
ដោយសារមានបញ្ហាការរាតត្បាត នៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារក្នុងកិច្ចសន្យា នាំឱ្យគម្រោងការងារនេះត្រូវបានពន្យារពេលសាងសង់ ចំនួនពីរលើករួចមកហើយ។ បើតាមការពន្យាពេល សាងសង់លើកទី២ គម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ហើយគិតមកត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនសាងសង់សម្រេចបាន ៨២,៣០%។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធថ្នាក់ខេត្ត បានត្រៀមរួចរាល់ហើយ ដើម្បីសម្របសម្រួល និងសហការជាមួយភាគីថៃ ក្នុងការបើកច្រកទ្វារព្រំដែនបណ្តោះអាសន្ន ត្រង់ចំណុចនេះ ។
ជាមួយនឹងការតភ្ជាប់ពីច្រកទ្វារព្រំដែននេះ មកកាន់តំបន់ផ្សេងៗ និងរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥ ដែលមានប្រវែង ៣៦៦ គ.ម ក៏កំពុងដំណើរការស្ថាបនា ស្ទើររួចរាល់ទាំងស្រុង ។
ផ្លូវជាតិលេខ៥នេះ ត្រូវបានបែកចែកជាបីភាគ រួមមាន៖ (១)ភាគខាងត្បូង ពីព្រែកក្តាម ទៅដល់ធ្លាម្អម មានប្រវែងសរុប ១៣៥,២៥ គ.ម សម្រេចបាន ៩៨% (២) ភាគកណ្តាលធ្លាម្អម-បាត់ដំបង និងសេរីសោភ័ណ្ឌ-ប៉ោយប៉ែត មានប្រវែងសរុប ១៤៦,០៤ គ.ម សម្រេចបាន ៦៩% និង (៣) ភាគខាងជើង ពីបាត់ដំបង-សេរីសោភ័ណ្ឌ មានប្រវែងសរុប ៨៤,៧៤ គ.ម សម្រេចរួចរាល់១០០%ហើយ។ ក្នុងនោះកំណាត់ ពីព្រែកក្តាម ទៅដល់សិរីសោភណ្ឌ ប្រវែង ៣៣១គ.ម គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ២០២៣ លើកលែងតែកំណាត់ពីក្រុងសិរីសោភណ្ឌ ទៅក្រុងប៉ោយប៉ែត ដែលមានប្រវែង ៣៥គ.ម គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខ ។
នៅក្នុងឱកាសចុះបំពេញបេសកកម្មនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ ដែលសម្លាប់មនុស្សប្រមាណ ៥នាក់ ក្នុងមួយថ្ងៃ នាំឱ្យខាតបង់ថវិកាជាតិ ដល់ទៅ ៥០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ នេះបើតាមការសិក្សារបស់ UNDP ៕
ចែករំលែកព័តមាននេះ