(រាជធានីភ្នំពេញ)៖ នៅក្នុងឱកាសប្រារព្ធទិវាជាតិអំណាន នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលជាឥស្សរជនជាន់ខ្ពស់ និងជាអ្នកសារព័ត៌មានជើងចាស់ បានសម្ពោធវណ្ណកម្មថ្មីរបស់លោកក្រោមចំណងជើងថា «ជម្នះរស់» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សៀវភៅនេះគឺជាការចងក្រងនូវខ្សែជីវិតពិតរបស់ឯកឧត្តម ឆ្លុះបញ្ចាំងជាមួយព្រឹត្តិការណ៍សង្គម និងនយោបាយសំខាន់ៗរបស់កម្ពុជាក្នុងអតីតកាល ដែលត្រូវបានរៀបរាប់យ៉ាងជក់ចិត្តតាមរយៈបទពិសោធផ្ទាល់ខ្លួន និងក្រសែភ្នែករបស់អ្នកដែលបានឆ្លងកាត់ព្រឹត្តិការណ៍ទាំងនោះដោយផ្ទាល់។
ចំណុចដែលទាក់ទាញខ្លាំងបំផុតនៅក្នុងសៀវភៅនេះ គឺទស្សនវិជ្ជាជីវិតរបស់ស្មេរដែលបានលើកឡើងថា «លោកមិនដែលមានចិត្តសោកស្ដាយចំពោះអតីតកាលរបស់ខ្លួនឡើយ»។
ឯកឧត្តម បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ទោះបីជាមានអ្នកមកប្រាប់ថាអាចបង្វិលពេលវេលាឱ្យលោកត្រឡប់ទៅកែប្រែកំហុសឆ្គងទាំងឡាយដែលធ្លាប់បានធ្វើបាន ក៏លោកនៅតែឆ្លើយថា «ទេ» ពីព្រោះលោកយល់ថា រាល់បទពិសោធ និងកំហុសទាំងនោះហើយដែលបានសូនរូបលោកឱ្យក្លាយជាមនុស្សដែលមានចំណេះដឹង និងការយល់ដឹងដូចពេលបច្ចុប្បន្ន។ ប្រសិនបើលោកកែប្រែអតីតកាល លោកនឹងក្លាយជាមនុស្សម្នាក់ផ្សេងទៀតដែលមិនមែនជាខ្លួនលោកក្នុងពេលនេះឡើយ។
«សម្រាប់លោក អតីតកាលគឺជាមេរៀនដ៏មានតម្លៃសម្រាប់តម្រង់ទិសដៅទៅកាន់អនាគត ជាជាងការអង្គុយសោកបោះបង់ចោល»។ នេះជាប្រសាសន៍របស់ឯកឧត្តម ខៀវ កាញារីទ្ធ។
ពាក់ព័ន្ធនឹងខ្លឹមសារនៃសៀវភៅដែលរៀបរៀងដោយលោក ក្លែម ខ្ជា នេះដែរ គេសង្កេតឃើញថា ច្បាប់ភាសាខ្មែរមានកម្រាស់រហូតដល់ជិត ២០០ ទំព័រ ខណៈដែលច្បាប់ភាសាបារាំងមានត្រឹមតែ ១៤០ ទំព័រ។ មូលហេតុដែលឯកឧត្តមបន្ថែមខ្លឹមសារច្រើនក្នុងកំណែភាសាខ្មែរ ក៏ព្រោះតែលោកចង់ពន្យល់ឱ្យបានស៊ីជម្រៅដល់យុវជនជំនាន់ក្រោយអំពីស្ថានភាពស្រុកទេសក្នុងទសវត្សរ៍ឆ្នាំ ៥០ និង ៦០។ លោកយល់ឃើញថា ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នប្រហែលជាមានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះដែលបានដឹងរឿងរ៉ាវសម័យនោះ ហើយអ្នកដែលដឹងច្បាស់ពីការវិវត្តនយោបាយនាពេលនោះ ក៏បានចែកឋានអស់ជាច្រើនទៅហើយដែរ។
នៅក្នុងសៀវភៅនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានលាតត្រដាងពីបរិបទនយោបាយនៅឆ្នាំ ១៩៦៩ ដែលជាពេលកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចក្រោយផ្ដាច់ទំនាក់ទំនងជាមួយអាម៉េរិកកាលពីឆ្នាំ ១៩៦៥។ លោកបានរៀបរាប់ពីយុទ្ធសាស្ត្ររបស់ព្រះបរមរតនកោដ្ឋ ក្នុងការអញ្ជើញលោកស្រី ជេកគី ខេនណេឌី មកទស្សនកិច្ចដើម្បីស្ដារទំនាក់ទំនងឡើងវិញតាមរយៈទំនាក់ទំនងបុគ្គល។ ទន្ទឹមនឹងព្រឹត្តិការណ៍នយោបាយធំៗ ឯកឧត្តមថែមទាំងបានរំឭកពីភាពអយុត្តិធម៌ និងការបាត់ខ្លួនរបស់បញ្ញវន្ត និងគ្រូបង្រៀនជាច្រើនក្នុងសម័យនោះ ដែលក្នុងនោះក៏មានគ្រូ និងសាច់ញាតិរបស់លោកផងដែរ។ ជាពិសេស រឿងរ៉ាវរបស់លោកគ្រូ កង សារ៉ន ដែលជាគ្រូអក្សរសាស្ត្រដ៏ពូកែ ហើយត្រូវបានគេយកទៅសម្លាប់ចោលយ៉ាងអយុត្តិធម៌ក្នុងគុកដោយគ្មានការកាត់ទោស គឺជាការពិតនៃប្រវត្តិសាស្ត្រដែលបង្កជាគំនុំសងសឹកគ្នាដែលស្ទើរតែគ្មានអ្នកដឹង និងត្រូវបានកប់ទុកជាយូរមកហើយ៕
ចែករំលែកព័តមាននេះ