ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​U22 កម្ពុជា ជម្រុះ​សល់​២៤​នាក់ សម្រាប់​បោះជំរំ​ហ្វឹកហាត់​ដំណាក់កាល​ទី​២ ត្រៀម​ស៊ី​ហ្គេ​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន​២៤​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន​២៤​នាក់ សម្រាប់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ (U22) ក្រោយ​ពី​បាន​បញ្ចប់​ការ​បោះជំរំ​ហ្វឹកហាត់​ដំណាក់កាល​ទី​១ ដើម្បី​ត្រៀម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ លើ​ទឹកដី​របស់​ខ្លួន​។
កីឡាករ​ទាំង​២៤​នាក់​ដែល​បន្ត​មានឈ្មោះ គឺ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​៣០​នាក់ ដែល​បាន​ចេញ​ទៅ​បោះជំរំ​ហ្វឹកហាត់ នៅ​កោះ​សាមុ​យ ប្រទេស​ថៃ ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ ហើយ​ជា​លទ្ធផល​កីឡាករ ៦​នាក់​ត្រូវ​បាន​ជម្រុះ​ចេញពី​ក្រុម​U22​ជម្រើសជាតិ​កម្ពុជា​។

តាម​រយៈ​បញ្ជី​ឈ្មោះ​របស់ FFC នេះ បានឱ្យ​ដឹង​ថា ខ្សែការពារ វាំង ដា​វី​ន របស់​ក្រុម​បឹង​កេ​ត​, អ៊ី​ម វ៉ា​ឃី​ម របស់​ក្រុម​សូល​ទី​ឡូ​អង្គរ​, រី លាភ​ផេង របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ខ្សែបម្រើ ទេព ហ្វី​លី​ប របស់​សមាគម​កីឡាបាល់ទាត់​កង​យោធពលខេមរភូមិន្ទ និង​ខ្សែប្រយុទ្ធ អ៊ា​ន ពិសី របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង សុទ្ធតែ​ត្រូវ​បាន​ជម្រុះ​ចេញ ចំណែក​ខ្សែប្រយុទ្ធ សារ ទី របស់​ក្លិប​វិសាខា ដែល​មាន​បញ្ហា​របួស​នោះ ក៏​ត្រូវ​បាន​ជម្រុះ​ចេញ​ផង​ដែរ​។

ចំពោះ​កីឡាករ​ទាំង​២៤​នាក់ ដែល​បាន​ជាប់ នឹង​ត្រូវ​ចូលរួម​បោះជំរំ​ហ្វឹកហាត់​ដំណាក់កាល​ទី​២ ដែល​បន្ត​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២០ ខែមីនា ហើយ​ក្រុម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​នេះ ក៏​ត្រូវ​ចូលរួម​ការ​ប្រកួត​ពានរង្វាន់​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ឈ្មោះ Merlion Cup ផង​ដែរ ដោយ​ពាន​នេះ មាន​ក្រុម​ចូលរួម​ចំនួន​៤ គឺ ក្រុម​U22 ម្ចាស់ផ្ទះ​សិង្ហ​បុរី​, U22 ហុងកុង​, U22 ម៉ា​ឡេ​ស៊ី និង​ក្រុម​U22​កម្ពុជា​។

ការ​ប្រកួត​ពាន Merlion Cup នេះ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៣ ហើយ​ការ​ប្រកួត​ជម្រុះ​ដំបូង គឺ​ក្រុម​កម្ពុជា​ត្រូវ​ជួប​ក្រុម​ម៉ា​ឡេ​ស៊ី នៅ​កីឡដ្ឋាន Jalan Besar នា​ថ្ងៃ​ទី​២៤ ខែមីនា ខណៈ​ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី ត្រូវ​ប៉ះ​ក្រុម​U22 ហុងកុង ។ ចំណែក​ក្រុម​ឈ្នះ ក្នុង​វគ្គ​នេះ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​គ្នា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃ​ទី​២៦ ខែមីនា រីឯ​ក្រុម​ចាញ់ ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​លេខ​៣ និង​លេខ​៤ ក្នុង​ពេល​នោះ​ដែរ​។

ជាមួយ​គ្នា​នេះ ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បោះជំរំ​ហ្វឹកហាត់​ដំណាក់
កាល​ទី​២ របស់​ក្រុម​U22​កម្ពុជា ។ បន្ទាប់​មក​ពួក​គេ នឹង​ត្រូវ​ចូលរួម​ការ​ប្រកួត​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ដោយ​ប្រភេទ​កីឡាបាល់ទាត់​បុរស​នេះ ត្រូវធ្វើ​មុនគេ ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា តទៅ ខណៈ​ពិធី​បើកផ្លូវ​ការ​របស់​ស៊ី​ហ្គេ​ម នឹង​ង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ដោយ​មាន​៣៦​ប្រភេទ​កីឡា និង​កីឡា​សម្ដែង​១ប្រភេទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ