រាជធានីភ្នំពេញ ៖ រថយន្តទំនើបចំនួន១៣ គ្រឿង ក្នុងចំណោម១៦ គ្រឿងដែលសមត្ថកិច្ចចរាចរឃាត់បានកាលពីយប់ថ្ងៃទី១៦ មីនា នេះ ត្រូវបានរកឃើញថា មានការកែឆ្នៃខុសលក្ខណៈបច្ចេកទេស ដូចជាបន្ថែមភ្លើងហ្វា ដាក់បំពង់ស៊ីម៉ាំងបំពងសម្លេងឲ្យលឺខ្លាំង បង្កសំលេងរំខានដល់អ្នកដទៃ ធ្វើឱ្យបាត់សណ្តាប់ធ្នាប់ និងបង្កភាពអាណាធិបតេយ្យក្នុងទីក្រុង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញនាថ្ងៃទី ២០ ខែមីនា នេះ។
![Picture]()
លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរ និងជាប្រធានគណៈកម្មការត្រួតពិនិត្យបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា តាមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជា ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ក្រុមការងារយើងសហការជាមួយកំលាំងអង្គភាពជំនាញចរាចរបានចុះធ្វើសកម្មភាពជាប្រចាំ និងត្រួតពិនិត្យទៅលើយានយន្ត ដែលបំពាក់ឧបករណ៏ខុសលក្ខណៈបច្ចេកទេសមានការបំពាក់ភ្លើងឡាស៊ែ,ដាក់ ស៊ីម៉ាំងប្រេនបំពងសំឡេង បង្កការរំខានដល់អ្នកដទៃ បាត់សណ្តាប់ធ្នាប់ក្នុងទីក្រុងនិងអាចបង្កគ្រោះថ្នាក់ចរាចរដល់អ្នកដំណើរដទៃទៀតផងដែរ។
![Picture]()
លោកស្រី បុប្ផា បញ្ជាក់ថា មុននឹងចង់កែឆ្នៃបច្ចេកទេសយានយន្តរបស់ខ្លួន ម្ចាស់យានយន្តនោះត្រូវសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាថា ការកែឆ្នៃនោះស្របតាមស្នង់ដាបច្ចេទេស បើកបរមិនគ្រោះថ្នាក់ប៉ះពាល់ដល់អ្នកដទៃ និងបាត់សណ្តាប់ធ្នាប់ក្នុងទីក្រុង។ លោកស្រីប្រធានគណៈកម្មការត្រួតពិនិត្យបច្ចេកទេស បន្តថា កន្លងមកក៏ធ្លាប់មានក្រុមយុវជនខ្លះដាក់ថែមទាំងបាស់ចាក់ចំរៀងផ្អើលគេ។
![Picture]()
មន្ត្រីចរាចរបានបញ្ជាក់ថា៖ កំលាំងយើងនឹងបន្តត្រួតពិនិត្យយានយន្តកែឆ្នៃខុសបច្ចេកទេសជាប្រចាំដោយសហការជាមួយក្រុមត្រួតពិនិត្យបច្ចេកទេស និងអាជ្ញាធរខណ្ឌក្នុងការទប់ស្កាត់នូវអំពើបែបទំនើងតាម ដងផ្លូវដើម្បីអោយទីក្រុងរបស់យើងរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ។
![Picture]()
ចំពោះរថយន្តទំនើបទាំង១៣គ្រឿង ដែលក្រុមបច្ចេកទេសពិនិត្យឃើញថា មានការកែឆ្នៃខុស លក្ខណៈបច្ចេទេស នឹងត្រូវហៅម្ចាស់រថយន្តមកធ្វើកិច្ចសន្យាដកឧបករណ៏កែឆ្នៃនោះចេញ ឬពិនិត្យលើកំហុសរបស់ម្ចាស់រថយន្តកំរិតណាដើម្បីធ្វើការផាកពិន័យតាមជាក់ស្តែង។
លោកស្រី បុប្ផា ផានី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នក ធ្វើដំណើរក្នុងរាជធានីភ្នំពេញ សូមចូលរួមគោរពច្បាប់ចរាចរណ៏ និងមិនត្រូវបំពាក់ឧបករណ៏បំពងសំឡេង បំពាក់ភ្លើងហ្វា ឬការតុបតែងខុសបច្ចេកទេស ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងទីក្រុង ហើយសមត្ថកិច្ចនឹងមិន លើកលែងចំពោះអំពើបែបទំនើងលើដងផ្លូវនេះឡើយ៕
![Picture]()
ចែករំលែកព័តមាននេះ